ពង្រឹងការតាមដានព្រៃឈើសហគមន៍តាមរយៈឧបករណ៍ឌីជីថល

នៅ​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០២៦​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កម្ពុជា​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​ (YRDP)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​មួយ​ថ្ងៃ​ នៅ​រាជធានី​ភ្នំពេញ​ ស្តី​ពី​ការ​ប្រើប្រាស់​​ឧបករណ៍​ឌី​ជី​ថ​ល​ សម្រាប់​ការ​តាមដាន​ និង​ការ​ការពារ​ព្រៃឈើ​ ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ១៥​នាក់​ ក្នុង​នោះ​មាន​តំណាង​សហគមន៍​ចំនួន​ ៩​នាក់​ មក​ពី​ខេត្តកំពង់ធំ​ ព្រះ​វិហារ​ និង​កំពង់ស្ពឺ​ និង​យុវជន​ចំនួន​ ៦​នាក់​ មក​ពី​រាជធានី​ភ្នំពេញ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ផ្តល់​ឱកាស​ដល់​តំណាង​សហគមន៍​ និង​យុវជន​ ក្នុង​ការ​សិក្សា​រៀនសូត្រ​រួម​គ្នា​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ស្វែង​យល់​ពី​របៀប​ដែល​បច្ចេកវិទ្យា​ និង​ទិន្នន័យ​បើក​ទូល​លាយ​អាច​គាំទ្រ​ដល់​ការ​តាមដាន​ព្រៃឈើ​ដោយ​សហគមន៍​។​

​វគ្គ​បណ្តុះបណ្តាល​បាន​ចាប់ផ្តើម​ជាមួយនឹង​សកម្មភាព​បំបែក​ភាព​អៀនខ្មាស​ខ្លី​មួយ​ ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​អូ​ឌី​ស៊ី​។​ ជំនួស​ឱ្យ​ការ​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​ភ្លាមៗ​ អ្នកចូលរួម​ត្រូវ​បាន​ផ្តល់​ពេលវេលា​ដើម្បី​ណែនាំ​ខ្លួន​ និង​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​សំណួរ​ជា​បន្តបន្ទាប់​។​ បន្ទាប់​ពី​បាន​សន្ទនា​ជាមួយ​អ្នកចូលរួម​ដទៃ​ទៀត​រួច​មក​ ពួក​គេ​បាន​ចែករំលែក​អ្វី​ដែល​ខ្លួន​បាន​ស្វែង​យល់​ជាមួយ​ក្រុម​ទាំងមូល​។​ នេះ​ជា​វិធី​សាមញ្ញ​មួយ​ក្នុង​ការ​ជួយ​ឱ្យ​អ្នកចូលរួម​គ្រប់​រូប​មាន​អារម្មណ៍​ស្និទ្ធស្នាល​ និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចូលរួម​ ជា​ពិសេស​អ្នក​ដែល​ទើបតែ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​។​ អ្នកចូលរួម​ក៏​មានឱកាស​ស្វែង​យល់​ពី​ប្រវត្តិ​ និង​បទ​ពិសោធន៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​បាន​បង្កើត​បរិយាកាស​កាន់តែ​ស្និទ្ធស្នាល​ និង​រីករាយ​សម្រាប់​វគ្គ​សិក្សា​បន្តបន្ទាប់​។​

មុន​នឹង​ឈាន​ទៅ​កាន់​ប្រធានបទ​សំខាន់ៗ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ចំណេះដឹង​ដែល​ពួក​គេ​មាន​ស្រាប់​ទាក់ទង​នឹង​ផែនទី​ឌី​ជី​ថ​ល​ រូបភាព​ផ្កាយ​រណប​ និង​វេប​សាយ​ជូនដំណឹង​អំពី​ការ​រំខាន​ព្រៃឈើ​។​ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នេះ​នឹង​ត្រូវ​ប្រើ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​វាយតម្លៃ​ចំណេះដឹង​ដែល​អ្នកចូលរួម​ទទួល​បាន​ក្នុងអំឡុងពេល​បណ្តុះបណ្តាល​។​

​វគ្គ​សិក្សា​នា​ពេល​ព្រឹក​បាន​ណែនាំ​អ្នកចូលរួម​អំពី​ឧបករណ៍​ និង​គោល​គំនិត​មួយ​ចំនួន​ ដែល​អាច​ប្រើប្រាស់​សម្រាប់​តាមដាន​តំបន់​ព្រៃឈើ​ និង​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់​ប្តូរ​ដែល​អាច​កើត​មាន​។​ ឧបករណ៍​ និង​គោល​គំនិត​ទាំងនេះ​រួម​មាន​ ផែនទី​ឌី​ជី​ថ​ល​ រូបភាព​ផ្កាយ​រណប​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​។​ វគ្គ​សិក្សា​ដំបូង​បាន​ផ្តោត​លើ​ផែនទី​ឌី​ជី​ថ​ល​ និង​របៀប​ដែល​ផែនទី​ទាំងនេះ​ដំណើរការ​។​ អ្នកចូលរួម​បាន​សិក្សា​អំពី​លក្ខណៈ​មូលដ្ឋាន​របស់​ផែនទី​ និង​របៀប​ប្រើប្រាស់​ផែនទី​ដើម្បី​កំណត់​ទីតាំង​ជាក់លាក់​ ស្វែង​យល់​អំពី​ព័ត៌មាន​ភូមិសាស្ត្រ​ និង​កំណត់​តំបន់​ដែល​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​ព្រៃឈើ​ ឬ​ការ​ផ្លាស់​ប្តូរ​ផ្សេងៗ​កំពុង​កើតឡើង​។​

​វគ្គ​សិក្សា​បន្ទាប់​បាន​ណែនាំ​អំពី​រូបភាព​ផ្កាយ​រណប​ និង​ពន្យល់​ពី​របៀប​ដែល​ផ្កាយ​រណប​ថត​យក​រូបភាព​ផ្ទៃផែនដី​។​ អ្នកចូលរួម​បាន​ស្វែង​យល់​ពី​របៀប​ដែល​រូបភាព​ទាំងនេះ​អាច​ជួយ​តាមដាន​ការ​ផ្លាស់​ប្តូរ​តាម​ពេលវេលា​ និង​ផ្តល់​ព័ត៌មាន​មាន​ប្រយោជន៍​សម្រាប់​ការ​តាមដាន​តំបន់​ព្រៃឈើ​។​ ប្រធានបទ​សំខាន់​មួយទៀត​ គឺ​វេ​ប​សាយ​ជូនដំណឹង​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​។​ ក្នុងអំឡុងពេល​សិក្សា​នេះ​ អ្នកចូលរួម​បាន​ស្វែង​យល់​អំពី​ពាក្យ​គន្លឹះ​សំខាន់ៗ​របស់​វេទិកា​ របៀប​ដំណើរការ​នៃ​ប្រព័ន្ធ​ជូនដំណឹង​ និង​ទីតាំង​ដែល​ពួក​គេ​អាច​ចូល​ប្រើ​ព័ត៌មាន​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​ តាម​រយៈ​វេ​ប​សាយ​ និង​បណ្តាញ​តេ​ឡេ​ក្រាម​។​

វគ្គ​សិក្សា​នេះ​ក៏​បាន​គ្របដណ្តប់​លើ​របៀប​អាន​ និង​ស្វែង​យល់​ពីសារ​ជូនដំណឹង​ ព្រមទាំង​មូលហេតុ​ដែល​សារ​ជូនដំណឹង​ទាំងនេះ​អាច​មាន​ប្រយោជន៍​សម្រាប់​ការ​តាមដាន​ព្រៃឈើ​ដោយ​សហគមន៍​។​ អ្នកចូលរួម​បាន​ពិភាក្សា​អំពី​របៀប​ដែល​ព័ត៌មាន​នេះ​អាច​ជួយ​ពួក​គេ​កំណត់​តំបន់​ដែល​អាច​មានការ​រំខាន​ដល់​ព្រៃឈើ​ និង​កន្លែង​ដែល​ត្រូវការ​ការ​ចុះ​ពិនិត្យ​បន្ថែម​។​ ចំណុច​មួយ​ដែល​ត្រូវ​បាន​សង្កត់ធ្ងន់​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​សិក្សា​ គឺ​សារ​ជូនដំណឹង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​តែ​មួយ​មុខ​ មិន​អាច​បញ្ជាក់​បាន​ច្បាស់លាស់​ថា​ តើ​មាន​អ្វី​កំពុង​កើតឡើង​នៅ​ទីតាំង​ជាក់លាក់​ណាមួយ​នោះ​ទេ​។​ ព័ត៌មាន​ពី​វេទិកា​ចាំបាច់​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​ផ្ទាល់​។​ សហគមន៍​មូលដ្ឋាន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​នេះ​ ពីព្រោះ​ពួក​គេ​មានចំណេះ​ដឹង​អំពី​តំបន់​ជុំវិញ​របស់​ខ្លួន​ និង​អាច​ជួយ​ផ្ទៀងផ្ទាត់​ថា​ តើ​ការ​ផ្លាស់​ប្តូរ​ដែល​បាន​រាយការណ៍​នោះ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​ដែរ​ឬទេ​។​

បន្ទាប់​ពី​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​ អ្នកចូលរួម​បាន​ចូលរួម​ក្នុង​ល្បែង​ថាមពល​ខ្លី​មួយទៀត​ ដែល​រៀបចំ​ដោយ​ក្រុមការងារ​អូ​ឌី​ស៊ី​។​ សកម្មភាព​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​គ្រប់​រូប​បាន​ធ្វើ​ចលនា​ ប្រាស្រ័យ​ទាក់ទង​គ្នា​ និង​ស្តារ​ថាមពល​ឡើង​វិញ​ មុន​នឹង​បន្ត​កម្មវិធី​នៅ​ពេល​រសៀល​។​

កម្មវិធី​នៅ​ពេល​រសៀល​បាន​ផ្តោត​លើ​ការ​អនុវត្ត​ចំណេះដឹង​ដែល​ទទួល​បាន​ពី​វគ្គ​សិក្សា​នា​ពេល​ព្រឹក​។​ អ្នកចូលរួម​ត្រូវ​បាន​បែងចែក​ជា​បី​ក្រុម​ ដើម្បី​ចូលរួម​ក្នុង​លំ​ហាត់​សាកល្បង​ស្ថានការណ៍​នៅ​ទីវាល​ និង​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​ផ្ទាល់​។​ ក្រុម​នីមួយៗ​ទទួល​បាន​សេណា​រី​យ៉ូ​មួយ​ពាក់ព័ន្ធ​នឹង​ការ​តាមដាន​ព្រៃឈើ​ និង​ត្រូវ​ពិចារណា​អំពី​របៀប​ប្រើប្រាស់​ព័ត៌មាន​ពី​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ការ​រំខាន​ដល់​ព្រៃឈើ​ដែល​អាច​កើត​មាន​។​ ពួក​គេ​បាន​ពិភាក្សា​អំពី​ជំហាន​ដែល​ត្រូវ​អនុវត្ត​ ព័ត៌មាន​ដែល​ត្រូវការ​ និង​របៀប​ផ្ទៀងផ្ទាត់​សារ​ជូនដំណឹង​តាម​រយៈ​ការ​សង្កេត​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​ផ្ទាល់​។​ លំ​ហាត់​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​គិតពិចារណា​លើស​ពី​ការ​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​វេទិកា​ឌី​ជី​ថ​ល​តែ​ប៉ុណ្ណោះ​។​ ពួក​គេ​ត្រូវ​ពិចារណា​អំពី​របៀប​ដែល​សារ​ជូនដំណឹង​អាច​ត្រូវ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ និង​តួនាទី​ដែល​សមាជិក​សហគមន៍​អាច​ដើរតួ​ក្នុង​ការ​បញ្ជាក់​ពី​ស្ថានភាព​ជាក់ស្តែង​។​

បន្ទាប់​ពី​បញ្ចប់​លំ​ហាត់​ អ្នកចូលរួម​បាន​ចែករំលែក​គំនិត​ និង​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​វេទិកា​។​ ក្រុម​នីមួយៗ​បាន​ពិភាក្សា​លើ​សំណួរ​មួយ​ចំនួន​ រួម​មាន​៖

  • តើ​ពួក​គេ​មាន​ចំណាប់អារម្មណ៍​ជា​រួម​យ៉ាងដូចម្តេច​ចំពោះ​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​?
  • តើ​មុខងារ​ណាខ្លះ​របស់​វេទិកា​ដែល​ពួក​គេ​យល់​ថា​មាន​ប្រយោជន៍​?
  • ​តើ​ពួក​គេ​បាន​ជួប​ប្រទះ​ការ​លំបាក​អ្វីខ្លះ​ក្នុងអំឡុងពេល​ប្រើប្រាស់​វេទិកា​នេះ​?
  • តើ​ព័ត៌មាន​ ឬ​មុខងារ​បន្ថែម​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឱ្យ​វេទិកា​នេះ​កាន់តែ​មាន​ប្រយោជន៍​?
  • តើ​វេទិកា​នេះ​អាច​គាំទ្រ​សកម្មភាព​តាមដាន​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​របៀប​ណា​?

​

ក្រុម​នីមួយៗ​បាន​ពិភាក្សា​លើ​សំណួរ​ទាំងនេះ​ និង​ជ្រើសរើស​តំណាង​ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ពិភាក្សា​របស់​ខ្លួន​ជូន​អ្នកចូលរួម​ដទៃ​ទៀត​។​ តាម​រយៈ​បទ​បង្ហាញ​ទាំងនេះ​ អ្នកចូលរួម​បាន​ចែករំលែក​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​វេ​ប​សាយ​ រួម​មានមុខ​ងារ​ដែល​មាន​ប្រយោជន៍​ ចំណុច​ដែល​អាច​កែ​លម្អ​បន្ថែម​ និង​វិធី​ដែល​វេ​ប​សាយ​នេះ​អាច​ឆ្លើយ​តប​បាន​កាន់តែ​ប្រសើរ​ឡើង​ទៅ​នឹង​តម្រូវការ​របស់​សហគមន៍​ដែល​ចូលរួម​ក្នុង​ការ​តាមដាន​ព្រៃឈើ​។​

វគ្គ​សិក្សា​ចុង​ក្រោយ​បាន​ផ្តោត​លើ​ការ​រៀបចំ​ផែនការ​សកម្មភាព​។​ អ្នកចូលរួម​បាន​ពិភាក្សា​អំពី​របៀប​នាំ​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ទៅ​កាន់​សហគមន៍​រៀងៗ​ខ្លួន​ និង​យក​ទៅ​អនុវត្ត​ក្នុង​ការងារ​ជាក់ស្តែង​។​ ពួក​គេ​បាន​ពិចារណា​អំពី​វិធី​ប្រើប្រាស់​វេ​ប​សាយ​ជូនដំណឹង​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​ និង​ឧបករណ៍​ឌី​ជី​ថ​ល​ផ្សេង​ទៀត​ ក្នុង​សកម្មភាព​តាមដាន​ព្រៃឈើ​ជា​ប្រចាំ​ ការ​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​សមាជិក​សហគមន៍​ និង​ការ​តាមដាន​បញ្ហា​គំរាមកំហែង​ដែល​អាច​កើត​មាន​ចំពោះ​ធនធាន​ព្រៃឈើ​។​

មុន​នឹង​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ចំណេះដឹង​ដែល​ពួក​គេ​បាន​ទទួល​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​។​ បន្ទាប់​មក​ លទ្ធផល​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​អាច​ត្រូវ​បាន​ប្រៀបធៀប​ជាមួយ​លទ្ធផល​តេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ទទួល​បាន​ទិដ្ឋភាព​កាន់តែ​ច្បាស់​អំពី​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​យល់​ដឹង​របស់​អ្នកចូលរួម​ទាក់ទង​នឹង​ផែនទី​ឌី​ជី​ថ​ល​ រូបភាព​ផ្កាយ​រណប​ និង​វេទិកា​ជូនដំណឹង​អំពី​ការ​រំខាន​ដល់​ព្រៃឈើ​។​ អ្នកចូលរួម​ក៏​បាន​បំពេញ​ទម្រង់​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​ ដោយ​ចែករំលែក​ទស្សនៈ​របស់​ខ្លួន​អំពី​ប្រធានបទ​ដែល​បាន​សិក្សា​ លំ​ហាត់​អនុវត្ត​ជាក់ស្តែង​ ការ​សម្របសម្រួល​វគ្គ​សិក្សា​ និង​បទ​ពិសោធន៍​ជា​រួម​របស់​ពួក​គេ​។​ មតិយោបល់​ទាំងនេះ​នឹង​ជួយ​ឱ្យ​ អូ​ឌី​ស៊ី​ និង​ YRDP​ យល់​កាន់តែ​ច្បាស់​ថា​ តើ​ផ្នែក​ណាខ្លះ​នៃ​វគ្គ​បណ្តុះបណ្តាល​មាន​ប្រយោជន៍​ និង​តើ​ចំណុច​ណាខ្លះ​ដែល​គួរ​កែ​លម្អ​សម្រាប់​សកម្មភាព​នា​ពេល​អនាគត​។​ ក្រៅពី​ការ​វាយតម្លៃ​លើ​ការ​សិក្សា​របស់​បុគ្គល​ម្នាក់ៗ​ មតិយោបល់​ទាំងនេះ​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​ចែករំលែក​សំណូមពរ​ និង​រួមចំណែក​ក្នុង​ការ​រៀបចំ​ផែនការ​វគ្គ​បណ្តុះបណ្តាល​នា​ពេល​អនាគត​ ស្តី​ពី​ទិន្នន័យ​បើកចំហ​ និង​ឧបករណ៍​ឌី​ជី​ថ​ល​សម្រាប់​ការ​តាមដាន​ព្រៃឈើ​ដោយ​សហគមន៍​ផង​ដែរ​។​

អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ​ YRDP​ ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​ជំនួយ​ប្រជាជន​ន័​រវេ​ស​ (NPA)​។​ ការ​ការ​រៀបចំ​ឱ្យ​តំណាង​សហគមន៍​ និង​យុវជន​មក​ជួបជុំ​គ្នា​ បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ស្វែង​យល់​អំពី​របៀប​ដែល​ឧបករណ៍​ឌី​ជី​ថ​លអាច​គាំទ្រ​ដល់​ការងារ​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ធនធាន​ព្រៃឈើ​។​