ពីឱកាសឌីជីថលទៅសុវត្ថិភាពតាមអ៊ីនធឺណិត៖ ការពង្រឹងសមត្ថភាពកុមារនៅខេត្តកំពង់ធំ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ «សិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីការលើកកម្ពស់សុវត្ថិភាពលើអ៊ីនធឺណិតសម្រាប់កុមារ» ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ធំ ដែលមានការចូលរួមពីសិស្សានុសិស្សសរុបចំនួន ១៣៥ នាក់ (ស្ដ្រី ៩៣ និងបុរស ៤២) ដែលមានអាយុចាប់ពី ១៥-១៨ឆ្នាំ មកពីសាកលវិទ្យាល័យ និងវិទ្យាល័យជាច្រើន។

ឱកាស និងហានិភ័យនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់កុមារនៅកម្ពុជា
សិក្ខាសាលានេះបានចាប់ផ្តើមដោយកិច្ចពិភាក្សាមួយ ដែលបានបង្កើតជជែកវែកញែកសម្រាប់វាគ្មិន និងសិស្សានុសិស្សពីឱកាស និងហានិភ័យនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ កិច្ចពិភាក្សា ចូលរួមពីវាគ្មិនដូចជាលោក ចាន់ ភក្ដី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កញ្ញា សួស ធីតា មន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងកញ្ញា ចន ថាវី យុវទូតស្ម័គ្រចិត្តដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លោក វង្ស ព្រហ្មនា ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចភាក្សា សួរសំណួរដំបូងពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងតួនាទីរបស់វានៅក្នុងការផ្លាស់ប្ដូររបៀបដែលសិស្សានុសិស្សធ្វើទំនាក់ទំនង និងទទួលបានព័ត៌មាន។
បន្ទាប់មក កិច្ចពិភាក្សាបានប្តូរទៅលើឱកាសផ្សេងៗដែលប្រព័ន្ធផ្សព្វផ្សាយឌីជីថលអាចផ្តល់ឱ្យ។ កញ្ញា ថាវី ចែករំលែកអត្ថប្រយោជន៍ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ដូចជាការរៀនភាសាថ្មី ការទទួលបានសម្ភារៈសិក្សា ទំនាក់ទំនងជាមួយមិត្តភក្ដិ និងការចូលរួមនៅក្នុងសហគមន៍។ ទន្ទឹមនឹងនេះ សិស្សានុសិស្សក៏បានដឹងពីហានិភ័យដែលអាចកើងឡើង ដែលត្រូវបានបង្ហាញដោយលោក ភក្ដី ដោយយោងទៅតាមរបាយការណ៍ការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ឆ្នាំ២០២២។ របាយការណ៍បានរកឃើញថា កុមារ ១នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះការយាយី និងការកេងប្រវ័ញ្ចតាមអ៊ីនធឺណិត។ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិ ៩ភាគរយ បានស្នើសុំចែករំលែករូបថត និងវីដេអូផ្លូវភេទ ៦ភាគរយ បានស្នើសុំទិញវីដេអូ និងរូបថតផ្លូវភេទ និង ២ភាគរយ ត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ។

កិច្ចពិភាក្សាក៏បានពិភាក្សាអំពីរបៀបដែលគ្រោះថ្នាក់តាមអ៊ីនធឺណិតប៉ះពាល់ដល់កុមារខុសៗគ្នា ជាពិសេសអ្នកដែលអាចងាយរងគ្រោះជាងគេជាមួយមាតិកា និងឥរិយាបថរំលោភបំពានតាមអនឡាញ។ ការពិភាក្សាក៏បានផ្ដោតលើការពង្រឹងសមត្ថភាពកុមារក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។ កញ្ញា ធីតា បានលើកឡើងពីសារៈសំខាន់នៃអក្ខរកម្មឌីជីថល ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងសមត្ថភាពរបស់សិស្សានុសិស្សក្នុងការការពារព័ត៌មានផ្ទាល់ខ្លួន កំណត់អត្តសញ្ញាណគ្រោះថ្នាក់តាមអ៊ីនធឺណិត ស្វែងរកការគាំទ្រសមស្រប និងប្រើប្រាស់វេទិកាប្រកបដោយទំនួលខុសត្រូវ។
វាគ្មិនទាំងអស់ក៏បានយល់ស្របផងដែរថា ការធានាសុវត្ថិភាពលើអ៊ីនធឺណិតរបស់កុមារមិនមែនជាទំនួលខុសត្រូវរបស់កុមារតែម្នាក់ឯងនោះទេ។ ឪពុកម្តាយ គ្រូបង្រៀន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យា សុទ្ធតែមានតួនាទីសំខាន់ៗ។ ក្នុងចំណោមតួអង្គទាំងនេះ វាគ្មិនបានដាក់បន្ទុកខ្លាំងលើក្រុមហ៊ុន ដោយសារពួកគេមានសិទ្ធិសម្រេចក្នុងការបង្កើតវេទិកាដែលមានសុវត្ថិភាពជាងនេះសម្រាប់កុមារ។
ហេតុអ្វីបានជាដានជើងឌីជីថលបង្ករឱ្យមានការបៀតបៀនតាមអ៊ីនធឺណិត?
ក្រៅពីការលើកកម្ពស់ការយល់ដឹងអំពីឱកាស និងហានិភ័យ សិក្ខាសាលានេះក៏បានណែនាំមូលដ្ឋាននៃឯកជនភាព ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតតែងតែមើលរំលង។ អ្នកសម្របសម្រួលបានបង្ហាញថា មានតែយុវជនកម្ពុជាចំនួន២៩ភាគរយប៉ុណ្ណោះដែលចាត់ទុកការផ្ញើព័ត៌មានផ្ទាល់ខ្លួនទៅកាន់នរណាម្នាក់ដែលពួកគេមិនធ្លាប់ជួបផ្ទាល់ថា «មានហានិភ័យខ្លាំង»។ ការរកឃើញនេះ បានបង្ហាញយ៉ាងច្បាស់ពីកម្រិតទាបនៃការយល់ដឹងរបស់យុវជនអំពីឯកជនភាពតាមអ៊ីនធឺណិត។

អ្នកសម្របសម្រួលបានពន្យល់ពីដានជើងឌីជីថលពីរបៀបដែលទិន្នន័យផ្ទាល់ខ្លួនដែលយើងចែករំលែក អាចរួមចំណែកដល់ការបង្កើតដានជើងឌីជីថល និងអាចធ្វើឱ្យយើងប្រឈមនឹងការយាយី និងការកេងប្រវ័ញ្ចតាមអ៊ីនធឺណិត។ នៅក្នុងវគ្គនេះ អ្នកសម្របសម្រួលបានផ្តល់ឧទាហរណ៍របស់ទិន្នន័យផ្ទាល់ខ្លួន ដែលសិស្សានុសិស្សមិនធ្លាប់គិតថារសើប ឬប្រថុយប្រថានក្នុងការបង្ហាញ រួមមានឈ្មោះពេញ សាលារៀន លេខទូរស័ព្ទ អាសយដ្ឋានផ្ទះ និងអត្តសញ្ញាណប័ណ្ណ។ ព័ត៌មានបែបនេះច្រើនតែអាចរកឃើញនៅក្នុងអ្វីដែលយើង និងអ្នកដទៃបង្ហោះ កន្លែងដែលយើងទៅ និងសារនៃការទំនាក់ទំនងនៅលើកម្មវិធីផ្ញើសារ។
មុនពេលដល់ការអនុវត្តជាក់ស្តែង សិស្សានុសិស្សាបានរៀនវិធីសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយដានជើងឌីជីថល រួមមានត្រូវគិតអំពីផលប៉ះពាល់នៃការបង្ហាញព័ត៌មានផ្ទាល់ខ្លួន បិទ ឬលុបគណនីដែលមិនបានប្រើ និងការពង្រឹងការកំណត់មុខងារឯកជនភាពរបស់គណនី។ ការអនុវត្តកំណត់អត្តសញ្ញាណ និងវាយតម្លៃហានិភ័យដែលទាក់ទងនឹងការបង្ហាញទិន្នន័យផ្ទាល់ខ្លួន បានពង្រឹងការយល់ដឹងរបស់សិស្សានុសិស្សអំពីផលវិបាកនៃការចែករំលែកហួសកម្រិតបន្ថែមទៀត។
ការយល់ដឹងអំពីទម្រង់មួយចំនួននៃការបៀតបៀនតាមអ៊ីនធឺណិតទៅលើកុមារ
សិក្ខាសាលាបានបញ្ចូលផ្នែកមួយដើម្បីបង្កើនការយល់ដឹងរបស់សិស្សានុសិស្សទៅលើទម្រង់ផ្សេងៗនៃការបៀបបៀនតាមអ៊ីនធឺណិត ដែលពិតជាពាក់ព័ន្ធដោយសារតែកុមារអាចជួបប្រទះនៅទម្រង់ណាមួយនៃការបៀតបៀននេះ នៅពេលដែលពួកគេប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម។
ទម្រង់ទូទៅដែលកុមារបានជួបរួមមាន ការប្រមាថមាក់ងាយតាមអនឡាញ ការចែករំលែករូបភាពដោយគ្មានការអនុញ្ញាត ការបៀតបៀនផ្លូវភេទតាមអ៊ីនធឺណិត ការលួចតាមដានតាមអនឡាញ និងការលួងលោមតាមអនឡាញ។ បន្ទាប់ពីពន្យល់ទម្រង់នីមួយៗ អ្នកសម្របសម្រួលបានឱ្យសិស្សានុសិស្សធ្វើការជាក្រុមដោយអនុវត្តអ្វីដែលពួកគេបានរៀន។ ក្រុមនីមួយៗត្រូវបានផ្តល់ករណីសិក្សាដែលពាក់ព័ន្ធនឹងការបៀតបៀនតាមអ៊ីនធឺណិត ហើយបានស្នើសុំឱ្យវិភាគថា តើស្ថានភាពនេះអាចត្រូវបានចាត់ទុកថាជាទម្រង់នៃការបៀតបៀនតាមអ៊ីនធឺណិតដែរឬទេ និងពន្យល់ពីហេតុផល។
ចំណុចសំខាន់មួយដែលបានលើកឡើង គឺភាពខុសគ្នារវាងការលេងសើច និងការបៀតបៀន។ ពេលខ្លះ កុមារអាចយល់ច្រលំថាឥរិយាបថដ៏គ្រោះថ្នាក់មួយចំនួនគ្រាន់តែជាការលេងសើច ដែលអាចរួមចំណែកដល់ការគិតថាការបៀតបៀនជារឿងធម្មតា។ អ្នកសម្របសម្រួលបានសង្កត់ធ្ងន់ថា ឥរិយាបថដែលបង្កគ្រោះថ្នាក់មិនគួរត្រូវបានចាត់ទុកថាជាការលេងសើចនោះទេ ហើយបានពិភាក្សាអំពីរបៀបដែលបទដ្ឋានយេនឌ័រ និងសង្គមអាចធ្វើឱ្យការបៀតបៀនតាមអ៊ីនធឺណិតនៅតែបន្តកើតឡើង។
ការលុបបំបាត់ការបៀតបៀនតាមអ៊ីនធឺណិតចាប់ផ្ដើមពីអ្នកប្រើប្រាស់ម្នាក់ៗ?
បន្ទាប់ពីពិភាក្សាអំពីទម្រង់ផ្សេងៗនៃការបៀតបៀនតាមអ៊ីនធឺណិត អ្នកសម្របសម្រួលបានបន្តទៅចែករំលែកក្រមសីលធម៌នៅលើប្រព័ន្ធអនឡាញដែលសិស្សានុសិស្សអាចប្រកាន់ភ្ជាប់ដើម្បីបង្កើតបរិយាកាសអនឡាញដ៏មានសុវត្ថិភាពជាងមុន។ ដោយសារតែអ្នកប្រើប្រាស់មួយចំនួនអាចចូលរួមក្នុងការបៀតបៀននេះដោយមិនដឹងខ្លួន ការចែករំលែកនេះលើកទឹកចិត្តកុមារឱ្យប្រុងប្រយ័ត្នពីសកម្មភាពរបស់ខ្លួន ដូចជាបញ្ចេញមតិយោលបល់ទៅលើការបង្ហោះរបស់អ្នកដ៏ទៃ ឬចែករំលែកមាតិកាដែលអាចបង្កហានិភ័យដល់ពួកគេ។

តាមរយៈការធ្វើបទបង្ហាញ និងការអនុវត្តជាក់ស្ដែង អ្នកសម្របសម្រួលបានផ្តល់ឱ្យសិស្សានុសិស្សនូវគោលការណ៍មួយចំនួននៃឥរិយាបថអនឡាញប្រកបដោយទំនួលខុសត្រូវ។ ទាំងនេះរួមបញ្ចូលការគោរពអ្នកប្រើប្រាស់ដោយជៀសវាងការប្រមាថ និងពាក្យសម្ដីស្អប់ខ្ពើម ការការពារឯកជនភាពរបស់អ្នកដទៃ ការចែករំលែកព័ត៌មានពិត និងការទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក។ គោលការណ៍ទាំងនេះអាចរួមចំណែកដល់ការបង្កើតលំហអនឡាញដែលគោរព និងមានសុវត្ថិភាពជាងមុនសម្រាប់កុមារនៅកម្ពុជា។
ផ្នែកនេះក៏បានបង្ហាញពីសារៈសំខាន់នៃការរាយការណ៍មាតិកាដែលបង្កគ្រោះថ្នាក់ ឬរំលោភបំពានទៅកាន់វេទិកា និងការស្វែងរកការគាំទ្រពីមនុស្សដែលជឿទុកចិត្ត ដូចជាឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិ។ មុនពេលបញ្ចប់សិក្ខាសាលា អ្នកសម្របសម្រួលបានណែនាំសិស្សានុសិស្សពីដំណើរការរាយការណ៍មាតិកាបំពាននៅលើវេទិកាដែលប្រើជាទូទៅ ជាពិសេសហ្វេសប៊ុក និងតិកតុក។ អ្នកសម្របសម្រួលក៏បានចែករំលែកបណ្តាញផ្ដល់ជំនួយមួយចំនួនដែលសិស្សានុសិស្សអាចទាក់ទងស្នើសុំការគាំទ្រ។