កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រកបដោយផ្លែផ្ការបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) មានមានក្តីសោមនស្សរីករាយជាខ្លាំងក្នុងការរៀបចំនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ នេះជាលើកទីមួយហើយដែលសមាជិកក្រុមប្រឹក្សាភិបាល និងក្រុមអ្នកគ្រប់គ្រង ODC មានការជួបជុំគ្នាដោយផ្ទាល់ចាប់តាំងពីការឆ្លងយ៉ាងខ្លាំងនូវជំងឺកូវីដ-១៩ជាសហគមន៍នៅកម្ពុជាកាលពីដើមឆ្នាំ២០២១មក។
កិច្ចប្រជុំបានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍ដោយលោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃ ODC។ លោក ទ្រី បានធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធិផលសំខាន់ៗនៃការងារ ODC ស្ថានភាពហិរញ្ញវត្ថុ សកម្មភាពផ្សព្វផ្សាយក្នុងឆ្នាំ២០២១នេះ និង កម្មវិធីអបអរសាទរខួប១០ឆ្នាំនៃគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីពេលថ្មីៗនេះ។
កាលពីខែសីហាកន្លងទៅ ដោយយោងតាមវិធានការសុខាភិបាល និងការរឹតបន្តឹងការជួបជុំក្នុងបរិបទកូវីដ-១៩ ការអញ្ជើញភ្ញៀវកិត្តិយស និងសមាជិកក្រុមប្រឹក្សាភិបាលរបស់យើងដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ខួប១០ឆ្នាំរបស់ ODC គឺមិនអាចប្រព្រឹត្តិទៅបាននោះទេ។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរារាំងយើងពីការប្រារព្ធព្រឹត្តិការណ៍ដ៏រំភើបនេះបានទេ។ ខួប១០ឆ្នាំ គឺជាឱកាសដ៏ល្អបំផុតរបស់ ODC ដើម្បីបង្ហាញពីការថ្លែងអំណរគុណរបស់យើងចំពោះក្រុមអ្នកដែលបានគាំទ្រ និងកំពុងគាំទ្រគេហទំព័រទិន្នន័យបើកទូលាយមួយនេះ។ សូមអរគុណអ្នកគ្រប់គ្នាសម្រាប់ពេលវេលា និងការខិតខំប្រឹងប្រែងក្នុងការចូលរួមផលិតវីដេអូសម្រាប់ព្រឹត្តិការណ៍និម្មិត (Virtual event) របស់យើង ដើម្បីចែករំលែកជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់អំពីដំណើរ (Journey) របស់ ODC ចាប់តាំងពីយើងបានចាប់ផ្តើមក្នុងឆ្នាំ២០១១។ វីដេអូទាំងនោះនឹងបន្តរំលឹកយើងអំពីរឿងរាវដែល ODC បានឆ្លងកាត់ក្នុងអំឡុងពេលដប់ឆ្នាំចុងក្រោយនេះ ប្រាប់ថាយើងជានរណានាពេលនេះ ហើយអ្វីទៅដែលជាគោលដៅអនាគតរបស់ ODC នៅរយៈដប់ឆ្នាំខាងមុខ។ ស្វែងរកវីដេអូខួប ១០ឆ្នាំ របស់យើងទាំងអស់នៅលើ YouTube របស់ ODC ។
បន្ទាប់មក នៅក្នុងកិច្ចប្រជុំនេះផងដែរ សមាជិកក្រុមប្រឹក្សាភិបាលក៏បានពិនិត្យ និងផ្តល់យោបល់ទៅលើការវាយតម្លៃខាងក្រៅដែរបានធ្វើឡើងដោយអ្នកប្រឹក្សាឯករាជ្យមួយរបស់ ODC។ ការវាយតម្លៃនេះ បានឆ្លុះបញ្ចាំងយ៉ាងពិស្តារទៅលើបច្ចុប្បន្នភាព និងគម្រោងទៅថ្ងៃអនាគតស្របពេលដែរ ODC កំពុងតែសាទរភាពរីកចម្រើនរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ការពិភាក្សាទៅលើការវាយតម្លៃនេះ ត្រូវបានវែកញែក វិភាគយ៉ាងលម្អិត និងផ្លាស់ប្តូរទស្សនៈទៅលើចំណុចដែរត្រូវកែលម្អ ក៏ដូចជាផែនការដែរត្រូវអនុវត្តឲ្យស្របទៅតាមទិសដៅអនាគតរបស់ ODC ផងដែរ។
យោងទៅតាមការពិភាក្សាដែរបានសម្រេច ODC គ្រោងមានសកម្មភាពផ្សព្វផ្សាយឲ្យបានច្រើនជាងមុន ដូចជាកម្មវិធី កម្ពុជា អាយស៊ីធីខេម ២០២២ ដែលជាអកុសលកម្មវិធីនេះត្រូវបានពន្យារពេលកាលពីឆ្នាំម២០២០កន្លងមកដោយសារតែជំងឺកូវីដ-១៩។ កម្មវធីបោះជំរុំ (អាយស៊ីធីខេម) ខាងមុខនេះ គឺជាភស្តុតាងនៃភាពជោគជ័យរបស់កម្មវធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ ២០១៨ កន្លងមក ហើយ ODC គ្រោងនឹងបង្កើតឲ្យមានការចូលរួមច្រើនជាង១២០នាក់។ កម្មវធីបោះជំរុំខាងមុខនេះនឹងមានកម្មវិធីដូចជា៖ បទបង្ហាញជាមួយប្រធានបទដ៏ទាក់ទាញ សិក្ខាសាលា និង សកម្មភាពជាច្រើនទៀត។ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវការបំពាក់បំប៉នយ៉ាងស៊ីជម្រៅ ការចែករំលែកបទពិសោធទៅលើការប្រើប្រាស់ទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបញ្ចេញមតិ និងការសម្រេចចិត្តដែលផ្អែកទៅលើភស្តុតាង។
គម្រោងសកម្មភាពផ្សព្វផ្សាយមួយទៀតដែល ODC នឹងសង្កត់ធ្ងន់ផងដែរនៅក្នុងឆ្នាំថ្មីខាងមុខនេះ គឺវគ្គបណ្តុះបណ្តាលដែលផ្តោតខ្លាំងអំពីអក្ខរកម្មទិន្នន័យ។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺមានទិសដៅស្រដៀងកម្មវិធីកាលពីឆ្នាំកន្លងមកដែរ ពោលគឺផ្តោតជាពិសេសការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដូចជា ក្រុមអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល និង ក្រុមអ្នកសារព័ត៌មាន។ គោលបំណងនៃកម្មវិធីវគ្គបណ្តុះបណ្តាលនេះគឺចង់បំពាក់បំប៉នអ្នកចូលរួមទាំងអស់ឲ្យបានយល់ និងចេះប្រើប្រាស់ ស្វែងរកប្រភពទិន្នន័យ ប្រមូលផ្តុំទិន្នន័យ និង វិភាគទិន្នន័យ។ ពិសេសជាងនេះទៅទៀត ពួកគាត់ចេះទាញយក ហើយដាក់បញ្ចូលទិន្នន័យទាំងនោះទៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់បាន។
រីឯគម្រោងសកម្មភាពផ្សព្វផ្សាយធំចុងក្រោយមួយទៀត ក្រុមអ្នកគ្រប់គ្រង ODC បានលើកឡើងអំពីបំណងគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី សន្និសីទទិន្នន័យបើកទូលាយអាស៊ី ឆ្នាំ២០២៣ ទៅដល់សមាជិកក្រុមប្រឹក្សាភិបាល។ ជាក់ស្តែងណាស់ ឆ្នាំនេះសន្និសីទទិន្នន័យបើកទូលាយអាស៊ី នឹងត្រូវបានធ្វើឡើងនៅប្រទេសវៀតណាម ហើយសន្និសីទនេះនឹងត្រូវបានធ្វើឡើងម្តងទៀតនៅប្រទេសម៉ាឡេស៊ីនាឆ្នាំក្រោយ។ ODC យល់ឃើញថានេះ គឺជាឱកាសដ៏ល្អមួយដើម្បីឲ្យខ្លួនបានចូលរួមផ្សព្វផ្សាយអំពីទិន្នន័យបើកទូលាយនៅក្នុងកម្រិតតំបន់តាមរយៈសន្និសីទនេះ ដែលនឹងមានការចូលរួមពីសំណាក់ប្រទេសនានា២០ផ្សេងទៀត។ ក្រុមការងារ ODC មានការរំពឹងទុកយ៉ាងមោះមុតក្នុងការរៀបចំកម្មវិធីដែលបានគ្រោងទុកដូចរៀបរាប់ខាងលើមក ហើយក៏សង្ឃឹមផងដែរថា ពួកយើងអាចរៀបចំកម្មវិធីទាំងអស់នេះបានរលូន ដោយគ្មានការគំរាមកំហែងពីស្ថានភាពកូវីដ-១៩។
ជាចុងក្រោយ ពួកយើងមានភាពសប្បាយចិត្តយ៉ាងខ្លាំងដែរបានរៀបចំឲ្យមានកិច្ចប្រជុំនេះ។ ពេលវេលាមួយនេះគឺជាឱកាសដ៏ល្អដែលអាចឲ្យពួកយើងពិភាក្សាលម្អិតទៅលើការងាដែរបានធ្វើកន្លងមក និងត្រិះរិះវែកញែកទៅលើផែនការបន្ទាប់។ ការណែនាំផ្សេងៗត្រូវបានលើឡើងដោយនៅតែស្របទៅតាមផែនការយុទ្ធសាស្ត្រ ODC បច្ចុប្បន្ន ហើយធានាថាអាចជួយជ្រុមជ្រែងឲ្យ ODC នឹងនៅតែដើរត្រូវទៅតាមចក្ខុវិស័យរបស់ខ្លួន។ ក្រុមអ្នកគ្រប់គ្រង ODC នឹងទន្ទឹមរងចាំការប្រជុំជាមួយសមាជិកក្រុមប្រឹក្សានាពេលខាងមុខទៀត។