ការ​លើក​ឡើង​ពី​បញ្ហា​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ នៅ​ប្រទេស​កម្ពុជា​

​នៅ​ចន្លោះ​ឆ្នាំ​ ២០១០​ និង​ ២០១៨​ មាន​មនុស្ស​ចំនួន​ ៧៣​នាក់​បាន​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ហៅ​ថា​ “​តុលាការ​មហាជន​”​ រឺ​ “​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​”​ ហើយ​អំពើ​ហឹ​ង្សា​ទាំងនេះ​បាន​បណ្តាល​អោយ​មាន​មនុស្ស​ ៥៧​នាក់​ស្លាប់​និង​ ១៦​នាក់​របួស​។1​​ តួលេខ​ទាំងនោះ​ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​ វា​នៅ​ទាប​ជាង​​ច្រើន​ពីការ​ប៉ាន់​ប្រមាណ​ទុក​​ ដោយសារ​តែ​អាជ្ញាធរ​មិន​បាន​ធ្វើការ​កត់ត្រា​ទុក​នូវ​ចំនួន​មនុស្ស​បាន​ទាំងអស់​។​2

​អង្គការសហប្រជាជាតិ​កំណត់​និយម​ន័យ​ “​ការ​សម្លាប់​តាម​ទំនើងចិត្ត​”​ ជា​ការ​ដកហូត​ជីវិត​តាម​អំពើ​ចិត្ត​ដែល​ជា​លទ្ធផល​នៃ​ការ​សម្លាប់​មនុស្ស​ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ស្ថាប័ន​រដ្ឋាភិបាល​ជាមួយនឹង​ភាព​ស្មុគស្មាញ​ ឬ​ការ​អត់ឱន​ ឬ​លើកលែងទោស​ដោយ​គ្មាន​នីតិវិធីតុលាការ​ ឬ​ច្បាប់​ណាមួយ​ឡើយ​ ហើយ​ “​ការ​ប្រហារជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ​”​ គឺជា​ការ​សម្លាប់​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រៅ​នីតិវិធីតុលាការ​ ឬ​ក្រៅ​ដំណើរការ​ច្បាប់​ ទន្ទឹម​នឹង​នេះ​ វា​ល្មើស​ទាំង​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នានា​។​3​ យោង​តាម​លិ​ខិ​តុ​បរ​ណ៍​ច្បាប់​ជា​ធរមាន​ និយម​ន័យ​នេះ​ក៏​រួម​បញ្ចូល​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ទៅ​ក្នុង​ចំណោម​គុណវុឌ្ឍិ​ជា​ច្រើន​ទៀត​ដែរ​។4​​ តាម​រយៈ​ទ្រឹស្តី​ដែល​មនុស្ស​ភាគច្រើន​បានដឹង​មក​ហើយ​នោះ​ រដ្ឋ​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​លើ​ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ដោយ​ស្របច្បាប់​ ព្រោះថា​បុគ្គល​ម្នាក់ៗ​បាន​សំរេច​ប្រគល់​សិទ្ធិ​ប្រើ​អំពើ​ហឹ​ង្សា​ដល់​រដ្ឋ​ ហើយ​ពួក​គេ​ពឹងផ្អែក​លើ​ស្ថាប័នរដ្ឋ​ដើម្បី​ប្រើប្រាស់​វា​នៅ​ពេល​ចាំបាច់​។​ ចំពោះ​និ​ទណ្ឌ​ភាព​នៃ​គោលការណ៍​នេះ​ រដ្ឋ​ក៏​ចាំបាច់​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​នៅ​ពេល​ដែល​ពលរដ្ឋ​ប្រើ​អំពើ​ហឹ​ង្សា​ប្រឆាំង​នឹង​គ្នា​។5​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ ដូច​ប្រទេស​កម្ពុជា​ដែល​បាន​ប្រកាស​ដោយ​បុព្វកថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣6 ដើម្បី​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ស្របច្បាប់​បាន​ កម្ពុជា​ត្រូវ​តែ​គោរព​តាម​ក្របខ័ណ្ឌ​នៃ​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ដោយ​ប្រទេស​និង​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ ព្រមទាំង​គោរព​តាម​សេចក្តី​វិនិច្ឆ័យ​នៃ​អំណាចតុលាការ​ផង​ដែរ​។​7

ឈុតឆាកនៃអំពើហិង្សាដោយហ្វូងមនុស្ស។ គំនូរត្លុកដោយក្រុមការងារអូឌីស៊ី គូរនៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៩ ។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.

“​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​”​ គឺជា​ពាក្យ​ដែល​គេ​ប្រើ​ចំពោះ​សកម្មភាព​ហឹ​ង្សា​នានា​នៃ​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ (​តុលាការ​មហាជន​)​ ដែល​វា​ត្រូវ​បាន​គេ​ពណ៌នា​ថា​ ជា​ការ​ឆ្លើយ​តប​ពី​សំណាក់​ពលរដ្ឋ​ និង​អ្នកដំណើរ​ឆ្លងកាត់​ ដែល​ជា​រឿយៗ​ វា​ជា​ប្រតិកម្ម​ឬ​ការ​សងសឹក​ភ្លាមៗ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​មួយ​កើតឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ជាក់ស្តែង​ឬ​គិត​ទុកជា​មុន​។8​​ ភាគច្រើន​នៃ​ករណី​ទាំងនេះ​ត្រូវ​បាន​ជួប​ប្រទះ​ច្រើន​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ដែល​ជន​បង្ក​គ្រោះថ្នាក់​ព្យាយាម​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ (“​បុក​ហើយ​បើក​រត់​”)​ ករណី​លួច​ឆក់​ ឬ​សូ​ម្បី​តែ​ការ​ចោទប្រកាន់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​។9​ អស់​រយៈពេល​ជា​ច្រើន​ទស្ស​វត្ស​មកនេះ​ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០០២10 ​មក​ទាល់​បច្ចុប្បន្ន​នេះ​ សកម្មភាព​អំពើ​ហឹ​ង្សា​ទាំងនេះ​នៅ​តែ​បន្ត​កើតឡើងជាដដែលៗ​ ហាក់ដូចជា​មិន​អាច​ឈាន​ទៅ​រក​ទី​បញ្ចប់​បាន​ទាល់តែ​សោះ​ បើ​ទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​តំណាង​សហគមន៍​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ​។​11

​បាតុភូត​នេះ​បង្ហាញ​ពី​កម្សោយ​ជា​ច្រើន​ដែល​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ និង​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​។​ មន្ត្រី​យុត្តិធម៌​ម្នាក់​ បាន​មាន​ប្រសាសន៍​ថា​ អំពើ​ហឹ​ង្សា​នៅ​តាម​ដងផ្លូវ​នេះ​ជា​រោគ​សញ្ញា​នៃ​ “​ជំងឺ​សង្គម​ដ៏​រ៉ាំរ៉ៃ​” ​មួយ12​ ដែល​លោក​​ចាត់​ទុក​ថា​ជា​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំ​ណា​ក់​​​ពលរដ្ឋ​កម្ពុជា​ចំពោះ​ស្ថាប័ន​យុត្តិធម៌​របស់​លោក​។​ ការណ៍​នេះ​ក៏​បង្ហាញ​ពី​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​​ការងារ​របស់​មន្ត្រី​ប៉ូ​លី​ស​ក្នុង​ការ​បង្ការ​ និង​ចាប់ខ្លួន​ឧក្រិដ្ឋ​​ជន​ រួម​ទាំង​អ្នក​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត​ ដើម្បី​ផ្តល់​យុត្តិធម៌​ដោយ​ការ​តាម​ចាប់​ពួក​គេ​ និង​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ដើម្បី​ទទួល​ទណ្ឌកម្ម​ឱ្យ​បាន​សាក​សម​ទៅ​នឹង​អំពើ​របស់​ពួក​គេ​។​13​ លើស​ពី​នេះ​ទៅ​ទៀត​ ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​សន្មត់​ថា​មិន​គួរ​ឱ្យ​ទុកចិត្ត​ ដោយ​ជឿ​ថា​ វា​មិន​ឆ្លើយ​តប​នឹង​ការ​រំពឹង​ទុក​របស់​សង្គម​នោះ​ទេ​។​ 14

​ជា​ឧទាហរណ៍​ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ជា​ច្រើន​អាច​លើកយក​មក​បង្ហាញ​ពី​ស្ថានភាព​នេះ​បាន​។​ ដូច​ជា​ករណី​បុក​ហើយ​បើក​រត់​ជាដើម​ អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សុខចិត្ត​ជ្រើសរើស​យក​ការ​បើក​រត់គេច​ពី​ហេតុការណ៍​ ជា​ជាង​ឈប់​រថយន្ត​ដើម្បី​ចុះ​ជួយ​ជន​រង​គ្រោះ​ និង​នៅ​តទល់​ជាមួយនឹង​កំហឹង​មហាជន​។​ មាន​អ្នកខ្លះ​ព្យាយាមរ​ត់ទៅ​ឆ្ងាយ​តាមតែ​អាច​ធ្វើ​បាន​ដើម្បី​ទៅ​ជ្រក​នៅ​​ប៉ុស្តិ៍ប៉ូលីស​ ដែល​​ជួយ​គេ​ប្រឆាំង​នឹង​ការ​កាត់ទោស​ដោយ​មហាជន​។​ លើស​ពី​នេះ​ទៅ​ទៀត​ ​​ចំពោះ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ក្នុង​រឿង​ក្ដី​ករណី​បុក​ហើយ​បើក​រត់​ជា​ច្រើន​ ការ​កាត់ទោស​របស់​ចៅក្រម​ច្រើន​តែ​មាន​កម្រិត​ស្រាល​ហើយ​សំណង​សម្រាប់​ជន​រង​គ្រោះ​គឺ​អាច​នឹង​គ្មាន​ ឬ​អោយ​ទាប​បំផុត​។15​​ ករណី​ទាំងនេះ​មិន​បាន​ជួយ​ដោយ​ក្រុម​ប៉ូ​លី​ស​ក្នុង​ការ​ស៊ើបអង្កេត​អ្វី​ក្រៅពី​តម្រូវ​ឱ្យ​មាន​ថែម​សេវា​ក្រៅ​ ដែល​វា​អាស្រ័យ​លើ​សមត្ថភាព​នៃ​ការ​ចំនាយ​របស់​ជន​រង​គ្រោះ​ ហើយ​វា​មិនមែន​ជា​សេវា​សាធារណៈ​ដែល​គួរតែ​ផ្តល់​ដោយ​មិន​គិត​កម្រៃ​ និង​បើកចំហ​ដល់​ជន​គ្រប់​គ្នា​ដោយ​ស្មើភាព​នោះ​ទេ​។​16

​ជា​លទ្ធផល​ ពី​ហឹ​ង្សា​តាម​ដងផ្លូវ​នៅ​ប្រទេស​កម្ពុជា​ទៅ​អនាគត​ អំពើ​ហឹ​ង្សាដោយ​ហ្វូង​មនុស្ស​ហាក់​នឹង​ក្លាយជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​យុត្តិធម៌​ឆាប់រហ័ស​ និង​យុត្តិធម៌​សម្រាប់​ភាព​ធ្ងន់ធ្ងរ​នៃ​បទល្មើស​។17​​ អស់​រយៈពេល​ជា​យូរ​មក​ហើយ​ អាជ្ញាធរ​នៅ​តែ​អសកម្ម​នៅ​ចំពោះ​បាតុភូត​បែប​នេះ​។18​​ នេះ​អាច​ត្រូវ​បាន​ពន្យល់​ដោយសារ​ កង្វះ​មធ្យោបាយ​ និង​ឆន្ទៈ​នយោបាយ​ដើម្បី​ព្យាយាម​គ្រប់គ្រង​ក្រុម​មនុស្ស​មាន​ដល់​ទៅ​រាប់រយ​នាក់​ ដែល​កំពុង​ស្វែងរក​គោលដៅ​ត្រឹមត្រូវ​។​ លើស​ពី​នេះ​ក្នុង​ករណី​ខ្លះ​ មន្ត្រី​ប៉ូ​លី​ស​អាច​ធ្វើ​ជា​សាក្សី​នៅ​កន្លែង​កើតហេតុ​ ប៉ុន្តែ​ពួក​គេ​ជ្រើសរើស​មិន​ធ្វើ​វា​ទៅ​វិញ​ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​ដែល​អាច​នឹង​មានការ​វាយប្រហារ​ពី​សំណាក់​ហ្វូង​មនុស្ស​ដែល​កំពុង​ពោរពេញ​ទៅ​ដោយ​កំហឹង​ ឬ​អាច​ដោយសារ​តែ​កង្វះ​ការ​បណ្តុះបណ្តាល​និង​ការ​យល់​ដឹង​អំពី​ក្រមសីលធម៌​ មន្ត្រី​ប៉ូ​លី​ស​ជា​ច្រើន​អាច​នឹង​ចាត់​ទុក​ថា​ អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​អំពើ​ស្របច្បាប់​។19

​យ៉ាងណាមិញ​ វា​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​បង្ហាញ​ឡើង​វិញ​ថា​ អំពើ​ហឹ​ង្សា​ដោយ​ហ្វូង​មនុស្ស​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។​ ក្រមព្រហ្មទណ្ឌ​រួម​បញ្ចូល​បទល្មើស​ព្រហ្មទណ្ឌ​ទាំងអស់​ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​នៃ​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ ដែល​រួម​មាន​មនុស្សឃាត​ ទារុណកម្ម​ និង​អំពើ​ឃោរឃៅ​ អំពើ​ហឹ​ង្សា​ដោយ​ទារុណកម្ម​ និង​ការ​គំរាមកំហែង​។20​​ ថ្វីបើ​រាល់​ការ​ប្រព្រឹត្ត​ខុស​ដែល​អាច​នឹង​ត្រូវ​ដាក់​ការ​ស្តីបន្ទោស​ដល់​បុគ្គល​នោះ​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ មនុស្ស​ម្នាក់ៗ​នៅ​តែ​បន្ត​ទទួល​បានការ​ការពារ​ដោយ​ច្បាប់​។​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រួម​មាន​ជំពូក​មួយ​ស្តី​ពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ21​ ​ ដែល​ទទួលស្គាល់​ និង​គោរព​សិទ្ធិ​មនុស្ស​ដូចដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី​សិទ្ធិ​មនុស្ស22​ និង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំងអស់​​។23​ បុគ្គល​ម្នាក់ៗ​ត្រូវ​បានការ​ពារ​ដោយ​សិទ្ធិ​មូលដ្ឋាន​ជា​ច្រើន​ ជា​ពិសេស​ដោយ​សមភាព​នៅ​ចំពោះ​មុខ​ច្បាប់​24​ ដូច​ជា​ សិទ្ធិ​រស់រាន​មាន​ជិ​វិត​ សិទ្ធិ​សេរីភាព​ សិទ្ធិ​ទទួល​បាន​សន្តិសុខ25​​ សិទ្ធិ​ក្នុង​ការ​សន្មត់​ជា​មុន​ថា​គ្មាន​ទោស​ និង​សិទ្ធិ​ការពារ​ក្តី​តាម​ផ្លូវច្បាប់26​ ការ​ហាម​ប្រាណ​មិន​ឱ្យ​មានការ​រើសអើង27​ និង​ការ​ហាម​ប្រាណ​មិន​ឱ្យ​មានការ​រំលោភ​បំពាន​លើ​រាង​កាយ​​។28​​

​យោង​តាម​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​មាន​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភាគី​ រួម​ទាំង​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ​ រាជរដ្ឋាភិបាល​នៃ​កម្ពុជា​មាន​កាតព្វកិច្ច​ដើម្បី​បង្ការ​ការ​កើតឡើង​នៃ​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​។​ ជា​ការ​ពិត​ណាស់​ ចាប់តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​២០០០​ ជា​ពេល​នៃ​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ឈាន​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ​ ចំនួន​ករណី​ដែល​បាន​រាយការណ៍​បាន​ថយ​ចុះ​បន្តិច​ម្តងៗ​ ជាមួយនឹង​ស្ថេ​រ​ភាព​នយោបាយ​ និង​ការ​បើក​ទីផ្សារ​សេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​មាន​លទ្ធភាព​ធានា​បាន​នូវ​បរិយាកាស​សន្តិភាព​នៅ​កម្ពុជា​។29​​ យ៉ាងណាមិញ​ ករណី​នៃ​ការ​សម្លាប់​ខ្លះ​នៅ​តែ​ជា​ប្រធានបទ​ធំ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​រូបភាព​ និង​វី​ដេ​អូ​នៃ​អំពើ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​នេះ​ ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​សារព័ត៌មាន​ និង​ចែកចាយ​បន្ត​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ទូលំទូលាយ​។​ ការ​អនុវត្ត​បែប​នេះ​កំពុង​តែ​ជួយ​បង្កើន​ភាព​ស្របច្បាប់​នៃ​ទ​ង្វើ​ទាំងនោះ​នៅ​ក្នុង​ក្រសែភ្នែក​ប្រជាជន​កម្ពុជា​ ដោយ​ធ្វើ​ឱ្យ​ការ​ប្រើ​អំពើ​ហឹ​ង្សា​ក្លាយទៅជា​រឿង​សាមញ្ញ​និង​ធម្មតា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ឥរិយា​បទ​ប្រឆាំង​នឹង​សង្គម​។30​​ លើស​ពី​នេះ​ ការ​ធ្វើ​ឱ្យ​អំពើ​ហឹ​ង្សា​កាន់តែ​មាន​ប្រជាប្រិយភាព​ ទំនង​នឹង​ក្លាយជា​ការ​បង្ហាញ​នូវ​អសន្តិសុខ​សង្គម​31​​​ ដែល​បណ្តាល​មក​ពី​ដោយ​ការ​ផ្លាស់​ប្តូរ​ខាង​សេដ្ឋកិច្ច​ ភាព​តានតឹង​ជាតិនិយម​ ដូច​ជា​ការ​កើនឡើង​នូវ​ស​ញ្ចេ​ត​នា​ប្រឆាំង​វៀតណាម​ និង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​។32

​ការ​រក្សា​សន្តិភាព​ និង​ការ​កសាង​សមត្ថភាព​ដើម្បី​ប្រសិទ្ធិ​ភាព​ការងារ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​ និង​មន្ត្រី​ប៉ូ​លី​ស​ គឺជា​កិច្ចការ​ចាំបាច់​ក្នុង​ចំណោម​អាទិភាព​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​ ដូចដែល​មាននៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​។​33​ កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​និង​កាត់ទោស​ជនល្មើស​នៃ​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៃ​ករណី​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​តុលាការ​ពីរ​ផ្សេង​គ្នា​។​34

​យ៉ាងណាមិញ​ នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​បាតុភូត​នេះ​។​ តាម​រយៈ​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR)​ របស់​អង្គការសហប្រជាជាតិ​ បាន​លើក​ឡើង​ថា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​នេះ​វា​ទាមទារ​ឱ្យ​មានការ​បង្កើត​ក្រម​ខណ្ឌ​ច្បាប់​មួយ​ដែល​ច្បាស់លាស់​ និង​មាន​ប្រសិទ្ធិ​ភាព​ ប៉ុន្តែ​រួម​ទាំង​វិធានការ​ដើម្បី​បង្ការ​ និង​ការ​បណ្តុះបណ្តាល​ដល់​ទាំង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អនុវត្តន៍​ច្បាប់​។35​​ ជាបឋម​ ការ​យល់​ដឹង​អំពី​នីតិរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ពេញលេញ​នៅឡើយ​ទេ​ ហើយ​ប្រហែល​ដោយសារ​ការ​បាក់ទឹកចិត្ត​ជាមួយនឹង​អារម្មណ៍​អយុត្តិធម៌​ដែល​លេច​ចេញពី​ស្ថាប័ន​នានា​។​ ទោះបីជា​ទោស​ប្រហារជីវិត​ត្រូវ​បាន​លុប​ចោល​តាំងពី​ក្នុង​ឆ្នាំ​១៩៨៩​ ក៏​ដោយ​ មនុស្ស​ជា​ច្រើន​នៅ​តែ​យល់​ថា​ ការ​សម្លាប់​ជា​ដំណោះស្រាយ​ដ៏​សាក​សម​ដើម្បី​ដាក់​ទណ្ឌកម្ម​ឧក្រិដ្ឋជន​ជា​ពិសេស​ជន​រំលោភ​ផ្លូវភេទ​ និង​ចោរកម្ម​។​36

​រដ្ឋាភិបាល​ តាម​រយៈ​តំណាង​របស់​ខ្លួន​មាន​ នាយក​រដ្ឋមន្ត្រី37​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ38​​ បាន​លើក​ឡើងជា​សាធារណៈ​ ដើម្បី​ក្រើនរំលឹក​ពលរដ្ឋ​កុំ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​ដោយ​ផ្ទាល់​ និង​សំណូមពរ​ពួក​គេ​ទុក​ភារកិច្ច​ទាំងនេះ​ជូន​ប៉ូ​លី​ស​ដើម្បី​ចាត់ចែង​។​ អ្នកនាំពាក្យ​របស់​ក្រសួងយុត្តិធម៌​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ រដ្ឋាភិបាល​បាន​កំពុងធ្វើការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​មួយ​នេះ​ដោយ​មានការ​សហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​នានា​ ដោយ​រួម​មាន​ទាំង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។39​​ ​រដ្ឋាភិបាល​ទទូច​ឱ្យ​ប្រើប្រាស់​ការអប់រំ​ ​និង​ការផ្សព្វផ្សាយ​គោលការណ៍​សិទ្ធិមនុស្ស​ដល់​ប្រជាជន​ក៏ដូចជា​ ការពង្រឹង​សមត្ថភាព​របស់​កងកម្លាំង​ប៉ូលីស​​ផងដែរ​។40​​ ​មាន​ករណី​ថ្មីៗ​ ត្រូវ​បាន​គេ​កត់សម្គាល់​ជា​មតិ​សាធារណៈ​ថា​ រដ្ឋាភិបាល​បាន​ពិចារណា​រក​ការ​ស៊ើបអង្កេត​ និង​ការ​កាត់ក្តី​ដែល​មាន​ប្រសិទ្ធិ​ភាព​ និង​ឆាប់រហ័ស​។41

​ជា​លទ្ធផល​ វា​បង្ហាញ​ថា​ការ​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ​តាម​កម្រិតស្តង់ដារ​អន្តរជាតិ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ​។​ យោង​តាម​អនុសាសន៍​នៃ​របាយការណ៍​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ រដ្ឋ​ត្រូវ​ធានា​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព​។​42​​ សង្គម​ស៊ី​វិល​រួម​ជាមួយ​ស្ថាប័ន​សាធារណៈ​គួរ​លើកកម្ពស់​ការ​យល់​ដឹង​ដើម្បី​ជួយ​ពលរដ្ឋ​ក៏​ដូច​ជា​អ្នក​អនុវត្ត​ច្បាប់​និង​មន្ត្រី​យុត្តិធម៌​ឱ្យ​បាន​យល់​ថា​ អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​គឺជា​ឧក្រិដ្ឋកម្ម​ហើយ​មិន​គួរ​ត្រូវ​បានការ​អត់ឱន​នៅ​ក្នុង​សង្គម​ដែល​មានការ​ប្តេជ្ញា​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ​។​ ការណ៍​នេះ​ក៏​តម្រូវ​ឱ្យ​មានការ​បង្កើន​នូវ​ធនធាន​ដែល​អាច​រកបាន​សម្រាប់​មន្ត្រី​ប៉ូ​លី​ស​ដើម្បី​ធ្វើ​អន្តរាគមន៍​ និង​ទប់ស្កាត់​អំពើ​ហឹ​ង្សា​របស់​ហ្វូង​មនុស្ស​ ប៉ុន្តែ​អ្វី​ដែល​រឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ និង​ចាប់ខ្លួន​អ្នក​ដែល​ទទួលខុសត្រូវ​ ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​។​​43​​

ឯកសារយោង

  1. 1. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី​១ ខែកញ្ញា ឆ្នាំ ២០១៩។ https://cambodia.ohchr.org/kh/news/ohchr-report-%E2%80%9Cpeople%E2%80%99s-court%E2%80%9D-preventing-and-responding-%E2%80%9Cpopular-justice%E2%80%9D-cambodia
  2. 2. ខន សាវិ, “OHCHR: ចាប់ពី​ឆ្នាំ ២០០២ ការ​សម្លាប់​ដោយ​តុលាការ​មហាជន​មាន ៥៧ លើក”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.phnompenhpost.com/national/ohchr-mob-justice-cases-2002-total-73
  3. 3. សេចក្តីសង្ខេប ឬការសម្លាប់តាមទំនើងចិត្ត, អ. ស. ប។ E / EC.៤ / ១៩៨៣ / ១៦ កថាខណ្ឌ ៦៦
  4. 4. ក្រៅប្រព័ន្ធតុលាការ, សេចក្តីសង្ខេប ឬការសម្លាប់តាមទំនើងចិត្ត, របាយការណ៍នៃអ្នករាយការណ៍ពិសេស, ប្រគល់ជូនទៅគណៈកម្មការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ២០០០/៣១, ផ្នែក I B
  5. 5. Thomas Hobbes, Leviathan, 1651, https://socialsciences.mcmaster.ca/econ/ugcm/3ll3/hobbes/Leviathan.pdf ; Max Weber, “នយោបាយជាវិជ្ជាជីវៈ”, បោះពុម្ពផ្សាយ “Politik als Beruf,” Gesammelte Politische Schriften (Muenchen, 1921), ទំព័រ. 396­-450. ជាសុន្ទរកថាដើមនៅសកលវិទ្យាល័យម៉ូនិក, ១៩១៨, បោះពុម្ពផ្សាយនៅឆ្នាំ ១៩១៩ ដោយ Duncker & Humblodt, Munich, http://fs2.american.edu/dfagel/www/Class%20Readings/Weber/PoliticsAsAVocation.pdf
  6. 6. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, បុព្វកថា, ឆ្នាំ ២០០៨, https://www.sithi.org/laws/2008-02-19-constitution-of-the-kingdom-of-cambodia
  7. 7. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចមានចែង។
  8. 8. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  9. 9. ដូចឯកសារយោងខាងដើម។
  10. 10. តំណាងពិសេសនៃអគ្គលេខាធិការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(OHCHR), “ការផ្តន្ទាទោសការចងពៀរគ្នាតាមចិញ្ចើមផ្លូវ នៅក្នុងប្រទេសកម្ពុជា”, ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០២។ http://cambodia.ohchr.org/en/content/street-retribution-cambodia
  11. 11. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  12. 12. “របាយការណ៍ UN: ការសម្លាប់ដោយតុលាការមហាជនកំពុងតែកើនឡើងខ្លាំងនៅកម្ពុជា”។ សារព័ត៌មានម៉ាឡេម៉ែល, ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.malaymail.com/news/world/2019/07/18/un-report-deadly-mob-justice-thrives-in-cambodia/1772856
  13. 13. ហ៊ាន សុជាតា, “អ្នក​ជំនាញ៖ អយុត្តិធម៌​សង្គម​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ពី​មហាជន”។ សម្លេងសហរដ្ឋអាមេរិក, ចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។  https://khmer.voanews.com/a/social-injustice-could-lead-to-mob-beating-experts-say/3787266.html
  14. 14. គេហទំព័រ GAN Integrity, “របាយការណ៍ស្តីពីអំពើពុករលួយនៅកម្ពុជា”, ចេញផ្សាយខែសីហា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។  https://www.ganintegrity.com/portal/country-profiles/cambodia/
  15. 15. David Hutt, “ ករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់គេចត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា”, កាសែតអាស៊ីថែមស៍, ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.asiatimes.com/2019/04/article/the-hit-and-run-accident-that-captivated-cambodia/
  16. 16. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  17. 17. ហ៊ាន សុជាតា, “អ្នក​ជំនាញ៖ អយុត្តិធម៌​សង្គម​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ពី​មហាជន”។ សម្លេងសហរដ្ឋអាមេរិក, ចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។  https://khmer.voanews.com/a/social-injustice-could-lead-to-mob-beating-experts-say/3787266.html
  18. 18. Seth Mydans, “គ្រោះកាចថ្មីបង្អស់នៅកម្ពុជា៖ ច្បាប់កាត់ទោសក្រៅតុលាការ”។ កាសែតឌឹញ៉ូយកថែមស៍, ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០០០។ ចូលអានថ្ងៃទី ១​ខែកញ្ញា ឆ្នាំ២០១៩។ https://www.nytimes.com/2000/04/13/world/cambodia-s-latest-plague-lynch-law.html?register=google&auth=register-google
  19. 19. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  20. 20. ក្រមព្រហ្មទណ្ឌកម្ពុជា, មាត្រា ១៩៩, ២០៧, ២១០, ២១៧, ២៣១ និង ២៦១, ចែងក្នុងឆ្នាំ ២០១១។ https://www.ajne.org/sites/default/files/resource/laws/7195/criminal-code-cambodia-en-kh.pdf
  21. 21. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១ ដល់ ៥០, ដូចយោងខាងលើ។
  22. 22. អង្គការសហប្រជាជាតិ, សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។ https://www.ohchr.org/EN/UDHR/Documents/UDHR_Translations/eng.pdf
  23. 23. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ឆ្នាំ ១៩៦៦ (“ICESCR”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ១៩៩២)។ កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយឆ្នាំ ១៩៦៦ (“ICCPR “) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ១៩៩២) ។ អនុសញ្ញាស្តីពីការប្រឆាំងនឹងការធ្វើទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួនឬទណ្ឌកម្មឯទៀតដែលឃោរឃៅអមនុស្សធម៌ឬបន្ទាបបន្ថោក ១៩៨៤​ (“CAT”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ១៩៩២) ។ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីឆ្នាំ ១៩៧៩ (“CEDAW”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩២)។ អនុសញ្ញាស្តីពីសិទ្ធិកុមារ ១៩៨៩ (“CRC”) (ចូលជាធរមាននៅកម្ពុជាក្នុងឆ្នាំ ១៩៩២) អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ឆ្នាំ ១៩៦៥ (“ICERD”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាឆ្នាំ ១៩៩៣) ។ អនុសញ្ញាស្តីពីសិទ្ធិជនពិការឆ្នាំ ២០០៦ (“ CRPD”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២) ។ អនុសញ្ញាអន្តរជាតិស្តីពីការការពារមនុស្សគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ២០០៦ (“CED”) (ចូលជាធរមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣) ។
  24. 24. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចយោងខាងលើ។
  25. 25. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចយោងខាងលើ។
  26. 26. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣៨, ដូចយោងខាងលើ។
  27. 27. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣១, ដូចយោងខាងលើ។
  28. 28. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣៨, ដូចយោងខាងលើ។
  29. 29. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  30. 30. George Wright, អ៊ូច សូនី, “នៅតាមដងផ្លូវ តើគួរសម្រេចយកតុលាការមហាជន ឬតុលាការពុករលួយ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.cambodiadaily.com/editors-choice/on-the-streets-its-mob-justice-or-corrupt-courts-127324/
  31. 31. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  32. 32. ដូចឯកសារយោងខាងដើម។
  33. 33. រាជរដ្ឋាភិបាលកម្ពុជា, យុទ្ធសាស្ត្រចតុកោណដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាពនៅកម្ពុជា, កក្កដា ២០០៤។ http://cdc-crdb.gov.kh/en/strategy/documents/Rectangular_Strategy_Phase_I.pdf
  34. 34. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”,  ដូចយោងខាងលើ។ និងម៉ិច ដារ៉ា “មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍វាយដំដោយហ្វូងមនុស្សទៅលើសាស្ត្រាចារ្យម្នាក់នៅភ្នំពេញ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ https://www.phnompenhpost.com/national/two-arrests-brutal-phnom-penh-mob-beating-professor
  35. 35. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  36. 36. ដូចឯកសារយោងខាងដើម។
  37. 37. ម៉ិច ដារ៉ា, “ការអំពាវនាវដ៏កម្រមួយដើម្បីបញ្ចប់នូវភាពអយុត្តិធម៌បន្ទាប់ពីការវាយធ្វើបាបសាស្រ្តាចារ្យគាំទ្របក្សប្រជាជន”។ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩។ https://www.phnompenhpost.com/national/rare-call-end-mob-justice-after-brutal-beating-cpp-aligned-professor
  38. 38. មុំ គន្ធា, “លោក ស ខេង ថ្កោលទោសចំពោះអំពើហិង្សាអយុត្តិធម៌ដោយក្រុមមនុស្ស”។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។https://www.khmertimeskh.com/298772/sar-kheng-condemns-unjust-mob-violence/
  39. 39. បែន សុខហ៊ាន,“ស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៖ តុលាការមហាជននៅតែជាបញ្ហា”។ កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ https://www.khmertimeskh.com/50617725/mob-justice-still-an-issue-un-rights-body/
  40. 40. ដូចឯកសារយោងខាងដើម។
  41. 41. ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), “ការកាត់ទោសដោយមហាជន ការបង្ការ និងការឆ្លើយតបនៅកម្ពុជា”, ចេញផ្សាយថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩។​ ដូចយោងខាងលើ។
  42. 42. ដូចឯកសារយោងខាងដើម។
  43. 43. ដូចឯកសារយោងខាងដើម។