វគ្គ​បណ្តុះបណ្តាល​​​កម្រិត​​ខ្ពស់​​ ស្តី​ពី​ Google​ Analytics

​ក្រុមការងារ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​(​អូ​ឌី​ស៊ី​)​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ Google​ Analytics​ នៅ​ឆ្នាំ​២០២១​ ដែល​រៀបចំ​ដោយ​អង្គការ​ Internews​ នៅ​ឆ្នាំ​២០២១​។​ នា​ថ្ងៃ​ទី​១៨​ មីនា​ ឆ្នាំ​២០២២​ ក្រុមការងារ​អូ​ឌី​ស៊ី​បាន​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម​អំពី​ Google​ Analytics​ ដែល​មាន​កម្រិត​ខ្ពស់​ជាង​មុន​ ដែល​ការ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង​សម្រាប់​ឆ្នាំ​ទី​៣​ នៃ​គម្រោង​ ការ​ឆ្នៃ​ប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ចំនួន​ ៨​នាក់​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​ ដែល​សម្របសម្រួល​ដោយ​ ប្រធានផ្នែកប្រតិបត្តិការឌីជីថល​ ដែល​ជា​ក្រុមការងារ​របស់​ NewsGain​ នៃ​អង្គការ​ Internews​។​

មុន​នឹង​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​ ក្រុមការងារ​តម្រូវ​ឱ្យ​ស្វ័​យ​សិក្សា​តាម​រយៈ​អន​ឡាញ​ទាក់ទង​នឹង​ការ​ណែនាំ​អំពី​ Google​ Analytics​ និង​ Google​ Analytics​ 4​។​

លោក​ Gojayev​ បាន​ពិនិត្យ​មើល​ការ​ប្រើប្រាស់​ Google​ Analytics​ ដើម្បី​តាមដាន​ព្រឹត្តិការណ៍​ទៅ​តាម​ពេលវេលា​ផ្សេងៗ​គ្នា​ និង​របៀប​តាមដាន​អ្នក​ប្រើប្រាស់​ផ្សេងៗ​គ្នា​ជា​បុគ្គល​ និង​ព្រឹត្តិការណ៍​ចម្រុះ​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ក្រុមការងារ​ក្នុង​ការ​ពិនិត្យ​មើល​ទិន្នន័យ​ និង​មាតិកា​នៃ​គេហទំព័រ​ទៅ​នឹង​តម្រូវការ​​របស់​អ្នក​ប្រើប្រាស់​។

​ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បណ្តុះបណ្តាល​នេះ​ដោយ​ចោទ​ជា​សំណួរ​ជា​ច្រើន​អំពី​ការ​ប្រើប្រាស់​ Google​ Analytics​ សម្រាប់​ការ​ត្រួតពិនិត្យ​វេ​ប​សាយ​អូ​ឌី​ស៊ី​។​ អូ​ឌី​ស៊ី​ក៏​បាន​ថត​ការ​បណ្តុះបណ្តាល​ពី​ចម្ងាយ​នេះ​ជា​វី​ដេ​អូ​សម្រាប់​ក្រុមការងារ​យក​មក​សិក្សា​បន្ថែម​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​បាន​ចូលរួម​។​ ការ​អភិវឌ្ឍ​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​របស់​ក្រុម​អូ​ឌី​ស៊ី​ជាមួយនឹង​ការ​ប្រើប្រាស់​ ឧបករណ៍​នេះ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមការងារ​អាច​ធ្វើការ​វាយតម្លៃ​លឿន​ជាង​មុន​អំពី​ការ​ប្រើប្រាស់​វេ​ប​សាយ​ដើម្បី​សម្រេច​គោលបំណង​ និង​គោលដៅ​។​