កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី “កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានដំណើរការប្រព្រឹត្តិទៅតាំងពីឆ្នាំ១៩៩៦ ហើយតួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល។ ក្នុងន័យនេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានដាក់ចេញ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា” គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់។ ក្នុងការរំលឹកខួប ២៥ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់ដៃគូរ ASEM និងភាគីពាក់ព័ន្ធទាំងអស់ដើម្បី (១) ឆ្លុះបញ្ជាំងពីសមិទ្ធផលរបស់ ASEM ដែលសម្រេចបានកន្លងមក (២) វាយតម្លៃទំនោរថ្មីៗ (៣) កំណត់វិស័យសហប្រតិបត្តិការសំខាន់ៗរបស់ ASEM និង (៤) ជំរុញភាពជាដៃគូរអាស៊ី-អឺរ៉ុបឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ