សេចក្តីថ្លែងការណ៍អំពីអង្គការសង្គមស៊ីវិលសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបន្តធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព៍ត៌មាននៅកម្ពុជា
ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨ បណ្តាអង្គការចំនួន ៧៩ នៅកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការវិវត្តន៍ចុងក្រោយនេះ ទៅលើសេរីភាពសារព័ត៌មានពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់នៃការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍ និងការបញ្ជាភ្លាមៗរបស់ម្ចាស់ថ្មីនៃកាសែតនេះ ឱ្យលុបចោលអត្ថបទព័ត៌មានដែលបានចេញផ្សាយរួច។ ទង្វើនេះបាននាំឱ្យអ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកជាន់ខ្ពស់ចំនួន ១៣ នាក់ សម្រេចចិត្តលាឈប់ពីការងារ ខណៈដែលនិពន្ធនាយកនៃកាសែតនេះ ត្រូវបានបណ្តេញចេញពីការងារ។ នេះគឺជាករណីចុងក្រោយមួយ ក្នុងចំណោមការធ្វើទុក្ខបុកម្នេញជាច្រើនបន្តបន្ទាប់ទៀត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហសារព័ត៌មាន ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៧មក។ ភ្នំពេញប៉ុស្តិ៍ គឺជាកាសែតចុះផ្សាយជាភាសាខ្មែរ និងអង់គ្លេស ដែលត្រូវបានចាត់ទុកថា ជាកាសែតឯករាជ្យចុងក្រោយមួយនៅកម្ពុជា ហើយការផ្លាស់ប្តូរម្ចាស់ថ្មីនៃកាសែតនេះ បាននាំឱ្យមានមន្ទិលសង្ស័យជាច្រើន ចំពោះឯករាជ្យភាពរបស់កាសែត នៅពេលខាងមុខ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា