សេចក្តីជូនដំណឹង គ.ស.ម.ក៖ ប្រធានគណបក្សនយោបាយថៃថ្កោលទោសការរំលោភសិទ្ធិមនុស្សដោយការយាយីដោយសំឡេងរំខានតាមព្រំដែនរបស់កងទ័ពថៃ
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជូនដំណឹងដល់សាធារណជន ដោយស្រង់សំដីរបស់ប្រធានគណបក្សនយោបាយថៃចំនួនពីររូប គឺលោក Kavannavee Suebseang ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Ruangpanyawut ប្រធានគណបក្សប្រជាជន។ ប្រធានគណបក្សទាំងពីររូបបានលើកឡើងប្រឆាំងនឹងការប្រើប្រាស់សំឡេងរំខានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ថាជាទម្រង់នៃការបំភិតបំភ័យ និងការយាយីផ្លូវចិត្តទៅលើប្រជាជនកម្ពុជា ដោយចាត់ទុកថាជាការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក Suebseang និងលោក Ruangpanyawut គឺជាបុគ្គលទីបួន និងទីប្រាំ បន្ទាប់ពីលោកជំទាវ Angkhana Neelapaiji ជាសមាជិកព្រឹទ្ធសភាថៃ និងជាមន្ត្រីជាន់ខ្ពស់នៃការិយាល័យអគ្គព្រះរាជអាជ្ញា និងលោក Sunai Phasuk ជាទីប្រឹក្សានៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅប្រទេសថៃ ដែលបានទទួលស្គាល់សកម្មភាពនេះថាជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្រោម អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)