គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញ OHCHR ចុះសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានផ្ញើលិខិតអំពាវនាវដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជាថ្មីម្តងទៀត ដើម្បីជំរុញការចាត់វិធានការឱ្យទាន់ពេលវេលា និងដោយម៉ឺងម៉ាត់ រួមទាំងការចុះបេសកកម្មសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ នៅតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថាមានករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ គ.ស.ម.ក គូសបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់សាជាថ្មីលើញាត្តិបន្ទាន់ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយភាគីប្រទេសថៃ។ ការចាក់សំឡេងបំពងរយៈពេលប៉ុន្មានយប់នេះ ត្រូវបានរាយការណ៍ថា មានកម្រិតខ្លាំង ២០០ដេស៊ីបែល ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស បានបង្កការគំរាមកំហែងយ៉ាងខ្លាំងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ជាពិសេស ស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)
