ការចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលត្រូវបានកំណត់អត្តសញ្ញាណ
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋនិ ងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលត្រូវបានកំណត់អត្តសញ្ញាណ។
រដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែបរបស់ធនាគារវីងក្នុងទូរសព្ទ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ