ការប្រជុំបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាខេមរភាសាលើកទី៣
អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងគម្រោង Fedora ក្នុងប្រទេសកម្ពុជា នឹងរៀបចំការប្រជុំបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាខេមរភាសាលើកទី៣។ Fedora ជាប្រព័ន្ធប្រតិបត្តិការឥតគិតថ្លៃមួយ ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការលីនុច (Linux) និងស្ថិតនៅក្នុងមែកធាងតែមួយជាមួយប្រព័ន្ធប្រតិបត្តិការ លីនុច Red Hat ដែលដំណើរការនៅលើម៉ាស៊ីនមេ ឬម៉ាស៊ីនបម្រើសម្រាប់សហគ្រាស។ Fedora Desktop មានគោលបំណងធ្វើឡើងសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រដូចជាអ្នក និងខ្ញុំ ហើយវាមានសក្ដានុពលដ៏ធំធេងនៅក្នុងប្រទេសកម្ពុជា។
ដោយសារតែវាជាប្រព័ន្ធប្រតិបត្តិការប្រភពកូដបើកទូលាយ និងឥតគិតថ្លៃសម្រាប់អ្នកគ្រប់គ្នា សមាជិកសហគមន៍អាចមានឥទ្ធិពលយ៉ាងខ្លាំង និងល្បីល្បាញទូទាំងពិភពលោក។
ការប្រជុំលើកទី៣នេះមានគោលបំណងបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាខេមរភាសា។ ជាមួយនឹងការជួយរបស់លោកអ្នក យើងសង្ឃឹមថានឹងអាចបញ្ចប់ការបកប្រែនៅលើផ្នែកបណ្តាញ ដែលបច្ចុប្បន្នត្រូវបានបកប្រែរួចរាល់ប្រមាណ ៤៥,៣៣ ភាគរយ ហើយបន្តការបកប្រែលើផ្នែកគោល ដែលត្រូវបានបកប្រែរួចរាល់ប្រមាណ ៧,៥៨ភាគរយ ។ យោងទៅតាមសំណើសុំឱ្យមានការបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាភាសាគួយ យើងខ្ញុំបានរៀបចំនូវរាល់ជំហាននានា ដើម្បីចាប់ផ្តើមធ្វើការបកប្រែ ហើយពេលនេះយើងអាចចាប់ផ្តើមបានហើយ ។
លោកអ្នកមិនតម្រូវឱ្យធ្វើការចុះឈ្មោះទេ។ លោកអ្នកគ្រាន់តែយកកុំព្យូទ័រយួរដៃមកជាមួយ និងជួយយើងខ្ញុំធ្វើការបកប្រែប្រព័ន្ធប្រតិបត្តិការ Fedora ជាខេមរភាសា។
- កន្លែង៖ ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ
- ពេលវេលា៖ ៩ព្រឹក ដល់ ៥ល្ងាច
អង្គការទិន្នន័យអំពីការអភិវឌ្ឍ