ឯកឧត្ដម​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ឯកឧត្តម​ ម៉ាសា​ហ៊ី​រ៉ុ​ មី​ខា​មី​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២២​ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន​

​នៅ​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ឆ្នាំ​២០២១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្ដម​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ឯកឧត្តម​ ម៉ាសា​ហ៊ី​រ៉ុ​ មី​ខា​មី​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២២​ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន​ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា​ និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ​ ១៣០​ រូប​។​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ដូច​ជា​៖​ ១.​ ប្រាក់​ឈ្មួ​ល​គោល​អប្បបរមា​ និង​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ២.​ កាតព្វកិច្ច​ពន្ធដារ​ ៣.​ ឡូ​ជី​ស្ទិ​ក​ ៤.​ ការ​ផ្គត់ផ្គង់​ និង​តម្លៃ​អគ្គិសនី​ ៥.​ ការ​នាំ​ចូល​រថយន្ត​ ៦.​ គម្រោង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ ៧.​ ការ​រៀបចំ​សិក្ខាសាលា​ស្វែង​យល់​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf