សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​៖​ កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការ​បាញ់ប្រហារ​របស់​កម្លាំង​ថៃ​លើ​ជន​ស៊ី​វិល​ខ្មែរ​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ដោយ​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការ​បាញ់ប្រហារ​ដោយ​គ្មាន​ហេតុផល​របស់​កងកម្លាំង​ថៃ​មក​លើ​ជន​ស៊ី​វិល​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​ ដែល​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ម្នាក់​ស្លាប់​ និង​បី​នាក់​រង​របួស​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ និង​ជា​ការ​បំពាន​យ៉ាង​គឃ្លើន​ចំពោះ​ច្បាប់​អន្តរជាតិ​ រួម​ទាំង​ធម្មនុញ្ញ​អាស៊ាន​ផង​ដែរ​។​

​ជា​ការ​ឆ្លើយ​តប​ កម្ពុជា​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ទៅ​កាន់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​បាន​ប្រកាស​អំពី​ការ​ស៊ើបអង្កេត​នៅ​នឹង​កន្លែង​អំពី​ការ​បាញ់​សម្លាប់​ជន​ស៊ី​វិល​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (ASEAN​ Observer​ Team)​ផង​ដែរ​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ ក្រសួង​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​អនុវត្ត​នូវ​ “​ការ​អត់ធ្មត់​ខ្ពស់​ជាទី​បំផុត​”​ របស់​កម្ពុជា​ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៥​ មក​ ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង​ និង​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព​ និង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ ក្រោម​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​កូ​ឡា​ឡាំ​ពួ​។​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf