សេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការចុះផ្សាយលើគេហទំព័រសារព័ត៌មានវិទ្យុអន្តរជាតិបារាំង (RFI) ស្តីពី “ពលរដ្ឋនៅភូមិស្រែគរថា មិនទាន់ឃើញអាជ្ញាធរមកសួរសុខទុក្ខក្រោយលិចមូលដ្ឋាន”
នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធការចុះផ្សាយលើគេហទំព័រសារព័ត៌មានវិទ្យុអន្តរជាតិបារាំង ស្តីពី “ពលរដ្ឋនៅភូមិស្រែគរថា មិនទាន់ឃើញអាជ្ញាធរមកសួរសុខទុក្ខក្រោយលិចមូលដ្ឋាន” ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយក្រសួងសូមធ្វើការបំភ្លឺជូនសាធារណជន ជាពិសេសអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានចំនួនសរុប ៨៦០ គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋយល់ព្រមទទួលយកគោលនយោបាយសំណង ចំនួន ៧៦២ គ្រួសារ ស្មើនឹង ៨៨.៦% និងប្រជាពលរដ្ឋពុំទាន់ព្រមទទួលយកគោលនយោបាយសំណងមានចំនួន ៩៨ គ្រួសារ ស្មើនឹង ១១.៤% (ភូមិស្រែគរ១-ស្រែគ២ និងភូមិក្បាលរមាស) គិតត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្នប្រជាពលរដ្ឋទាំងនោះ បានចាកចេញទៅរស់នៅជាបណ្តោះអាសន្នលើទីទួលដែលពួកគាត់គិតថាជាទីទួលសុវត្ថិភាព និងបានចាប់ដីកសិកម្ម និងសង់ផ្ទះសម្រាប់រស់នៅខ្លះរួចទៅហើយ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តពុំយល់ទាស់ និងពុំបានចាត់វិធានការតាមផ្លូវច្បាប់រារាំងសកម្មភាពនៃការចាប់យកដីខុសច្បាប់នេះដែរ។ ចំពោះប្រជាពលរដ្ឋពុំទាន់យល់ព្រមទទួលយកគោលនយោបាយសំណង អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្កើតក្រុមការងារចម្រុះចុះប្រចាំការតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ជាពិសេសក្នុងឃុំស្រែគរ និងភូមិក្បាលរមាស ក្នុងគោលបំណងត្រៀមជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចេញពីតំបន់លិចទឹកទៅកាន់ទីទួលដែលពួកគាត់ចង់ទៅ។ ក្រសួងក៏បានបញ្ជាក់ដែរថា ការបិទទ្វារទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម២ នឹងមិនមានការបើកទ្វារទឹកវិញទេ ព្រោះការបិទទ្វារទឹកនេះ គឺដើម្បីរក្សាទឹកផលិតថាមពលអគ្គិសនី ហេតុនេះកំពស់ទឹកនឹងនៅថេរ ហើយភូមិខាងលើនៅតែបន្តលិចរហូត។
ក្រសួងរ៉ែ និងថាមពល