សេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការចុះផ្សាយលើគេហទំព័រសារព័ត៌មានវិទ្យុអន្តរជាតិបារាំង (RFI) ស្តីពី “ពលរដ្ឋនៅភូមិស្រែគរថា មិនទាន់ឃើញអាជ្ញាធរមកសួរសុខទុក្ខក្រោយលិចមូលដ្ឋាន”

នៅ​ថ្ងៃ​ទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​សារព័ត៌មាន​វិទ្យុ​អន្តរជាតិ​បារាំង​ ស្តី​ពី​ "​ពលរដ្ឋ​នៅ​ភូមិ​ស្រែ​គរ​ថា​ មិន​ទាន់​ឃើញ​អាជ្ញាធរ​មក​សួរសុខទុក្ខ​ក្រោយ​លិច​មូលដ្ឋាន​"​ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ០៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​ ដោយ​ក្រសួង​សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ជ្រាប​ថា​ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ មាន​ចំនួន​សរុប​ ៨៦០​ គ្រួសារ​ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​យល់ព្រម​ទទួលយក​គោលនយោបាយ​សំណង​ ចំនួន​ ៧៦២​ គ្រួសារ​ ស្មើនឹង​ ៨៨.៦%​ និង​ប្រជាពលរដ្ឋ​ពុំ​ទាន់​ព្រម​ទទួលយក​គោលនយោបាយ​សំណង​មាន​ចំនួន​ ៩៨​ គ្រួសារ​ ស្មើនឹង​ ១១.៤%​ (​ភូមិ​ស្រែ​គរ​១-​ស្រែ​គ​២​ និង​ភូមិ​ក្បាល​រមាស​)​ គិត​ត្រឹម​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទាំងនោះ​ បាន​ចាកចេញ​ទៅ​រស់នៅ​ជា​បណ្តោះអាសន្ន​លើ​ទីទួល​ដែល​ពួក​គាត់​គិត​ថា​ជាទី​ទួល​សុវត្ថិភាព​ និង​បាន​ចាប់ដី​កសិកម្ម​ និង​សង់ផ្ទះ​សម្រាប់​រស់នៅ​ខ្លះ​រួច​ទៅ​ហើយ​។​ ទោះជា​យ៉ាងនេះ​ក្តី​ អាជ្ញាធរ​ខេត្ត​ពុំ​យល់​ទាស់​ និង​ពុំ​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​រារាំង​សកម្មភាព​នៃ​ការ​ចាប់​យក​ដី​ខុសច្បាប់​នេះ​ដែរ​។​ ចំពោះ​ប្រជាពលរដ្ឋ​ពុំ​ទាន់​យល់ព្រម​ទទួលយក​គោលនយោបាយ​សំណង​ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ចុះ​ប្រចាំការ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​មូលដ្ឋាន​ ជា​ពិសេស​ក្នុង​ឃុំ​ស្រែ​គរ​ និង​ភូមិ​ក្បាល​រមាស​ ក្នុង​គោលបំណង​ត្រៀម​ជួយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ចេញពី​តំបន់​លិច​ទឹក​ទៅ​កាន់​ទីទួល​ដែល​ពួក​គាត់​ចង់ទៅ​។​ ក្រសួង​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​បិទទ្វារ​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ នឹង​មិន​មានការ​បើកទ្វារ​ទឹក​វិញ​ទេ​ ព្រោះ​ការ​បិទទ្វារ​ទឹក​នេះ​ គឺ​ដើម្បី​រក្សា​ទឹក​ផលិត​ថាមពល​អគ្គិសនី​ ហេតុនេះ​កំពស់​ទឹកនឹង​នៅ​ថេរ​ ហើយ​ភូមិ​ខាងលើ​នៅ​តែ​បន្ត​លិច​រហូត​។​

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf