សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួបជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុបក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ជាពិសេសក្នុងបរិបទដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺកូវីដ១៩។ លោកជំទាវឯកអគ្គរដ្ឋទូត MORENO បានចូលរួមក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ពីសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករួមមានការផ្តល់វ៉ាក់សាំង ហិរញ្ញប្បទានឥតសំណង និងឥណទាន សរុបជាទឹកប្រាក់ ៤៩៩ លានអឺរ៉ូ សម្រាប់គោលដៅកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងនេះ ព្រមទាំងជួយដល់ការស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ ប៊ីលានអឺរ៉ូ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដូចបានលើកឡើងនៅក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួម ឆ្នាំ២០២១-២០២៧“។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ