សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា ​និង​សហភាព​អឺរ៉ុប​ សាទរ​កា​រវិ​វត្ត​គួរ​ឱ្យ​កត់សម្គាល់​នៃ​កិច្ច​សហប្រតិបត្តិការ​

នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​អបអរសាទរ​លោក​ជំទាវ​ Carmen​ MORENO​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​ប្រសើរ​ និង​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ការ​វាយតម្លៃ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ឱកាស​នៃ​ជំនួប​ជម្រាបលា​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​នៅ​ទីស្តីការក្រសួង​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​គូសបញ្ជាក់​អំពី​ការ​រីក​ចម្រើន​យ៉ាងច្រើន​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង​មកនេះ​ ជា​ពិសេស​ក្នុង​បរិបទ​ដ៏​ស្មុគស្មាញ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។​ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ MORENO​ បាន​ចូលរួម​ក្នុង​ការ​សម្របសម្រួល​ជំនួយ​អភិវឌ្ឍន៍​ពី​សហភាព​អឺរ៉ុប​ និង​រដ្ឋ​ជា​សមាជិក​រួម​មានការ​ផ្តល់​វ៉ាក់សាំង​ ហិរញ្ញប្បទាន​ឥត​សំណង​ និង​ឥណទាន​ សរុប​ជា​ទឹកប្រាក់​ ៤៩៩​ លាន​អឺ​រ៉ូ​ សម្រាប់​គោលដៅ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺឆ្លង​នេះ​ ព្រមទាំង​ជួយ​ដល់​ការ​ស្តារ​ឡើង​វិញ​នូវ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

​សហភាព​អឺរ៉ុប​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី​ប្រាំ​របស់​កម្ពុជា​ និង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ផ្តល់​ទឹកប្រាក់​ប្រមាណ​ ១,៤៣​ ប៊ី​លាន​អឺ​រ៉ូ​ ក្នុង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ដូច​បាន​លើក​ឡើង​នៅ​ក្នុង​ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អឺរ៉ុប​រួម​ ឆ្នាំ​២០២១-២០២៧“​។

ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf