សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជាចំនួន ១៤ បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។
គោលបំណងនៃការប្រារព្ធកម្មវិធីនេះគឺដើម្បីរម្លឹកដល់ការតស៊ូនិងកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រី ក្មេងស្រី និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅគ្រប់វិស័យ ក៏ដូចជាបង្ហាញដល់សាធារណជនឱ្យបានជ្រាបអំពីតម្រូវការ បញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងស្នើឱ្យរដ្ឋាភិបាលដោះស្រាយនូវតម្រូវការចាំបាច់ ទុក្ខកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងភាពអយុត្តិធម៌សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក)