សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​ ខួប​លើក​ទី​១១២​

នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០២៣​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដូច​ជា​ សហជីព​ សហព័ន្ធ​សហជីព​ អង្គការ​ និង​សមាគម​ដែល​កំពុងធ្វើការ​ងារ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ និង​សមភាព​យេ​ន​ឌ័​រ​នៅ​ប្រទេស​កម្ពុជា​ចំនួន​ ១៤​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ដល់​សាធារណជន​ និង​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា​៖​ យើងខ្ញុំ​ទាំងអស់​គ្នា​នឹង​ប្រារព្ធ​កម្មវិធី​ខួប​លើក​ទី​១១២​ នៃ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ​ «​គាំពារ​ស្ត្រី​និង​ក្មេង​ស្រី​ ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា​»​។​

​គោលបំណង​នៃ​ការ​ប្រារព្ធ​កម្មវិធី​នេះ​គឺ​ដើម្បី​រម្លឹក​ដល់​ការ​តស៊ូ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ស្ត្រី​ ក្មេង​ស្រី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ស្ត្រី​នៅ​គ្រប់​វិស័យ​ ក៏​ដូច​ជា​បង្ហាញ​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​អំពី​តម្រូវការ​ បញ្ហា​ប្រឈម​របស់​ស្ត្រី​ និង​ក្មេង​ស្រី​ ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​តម្រូវការ​ចាំបាច់​ ទុក្ខ​កង្វល់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​គាំពារ​សង្គម​ និង​ភាព​អយុត្តិធម៌​សម្រាប់​ស្ត្រី​ និង​ក្មេង​ស្រី​រង​គ្រោះ​។​

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក)

ទាញយក៖ pdf