សេចក្តីប្រកាសព័ត៌មាន៖ ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលជំនួប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិដែលទទួលបានពីសម្លេងឆ្នោតគាំទ្រចំនួន ៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរយោបល់លើកិច្ចការតំបន់និងអន្តរជាតិនានាដែលជាផលប្រយោជន៍រួម។ ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ