សេចក្ដីប្រកាសព័ត៌មាន៖ ស្ដីពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា សុផារ៉ា ជាមួយក្រុមបេសកកម្មពិនិត្យ និងស្វែងរកការពិតរបស់សហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់ទំនិញលើកលែងគ្រឿងសព្វាវុធ (EBA)
នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា រួមជាមួយឯកឧត្តម សាយ សំអាល់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មពិនិត្យ និងស្វែងរកការពិតរបស់សហភាពអឺរ៉ុប ស្តីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ (EBA) ដឹកនាំដោយលោកស្រី Alina BOICIUS និងមានការចូលរួមពីឯកឧត្តម George EDGAR។
លោកស្រី Alina BOICIUS បានសំដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងវិស័យដីធ្លី និងបានលើកឡើងអំពី៖
- នីតិវិធីក្នុងការពិនិត្យ EBA ដែលបញ្ហាសម្បទានដីជាចំណុចមួយក្នុងការវាយតម្លៃ
- សុំការបញ្ជាក់លើបញ្ហាមួយចំនួនក្នុងការដោះស្រាយវិវាទកន្លងមកពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ វិធីសាស្ត្រនៃការដោះស្រាយ និងលទ្ធផលរំពឹងទុករហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅក្នុងខេត្តចំនួន៤ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ និងខេត្តកោះកុង
- ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ
- ការចូលរួមក្នុង Platform សំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចឱ្យអ្នកពាក់ព័ន្ធចែករំលែកព័ត៌មានគ្នាបាន និងធ្វើការឆ្លើយបំភ្លឺ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់