សេចក្តីប្រកាសព័ត៌មាន៖ គម្រោងវិនិយោគចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែតុលាឆ្នាំ២០២៥
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន ២៩ គម្រោង នៅក្នុងខែតុលា ឆ្នាំ២០២៥។ គម្រោងទាំងនេះមានទំហំទុនវិនិយោគសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។ ទុនវិនិយោគភាគច្រើនបំផុតនេះ គឺ ១,២ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័តសម្រាប់គម្រោងធំជាងគេបង្អស់តែមួយគត់ គឺ គម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។ ប្រភពទុនវិនិយោគសម្រាប់ខែតុលានេះ គឺភាគច្រើនបានមកពី ប្រទេសចិន (៤៩,២៤%) និង កម្ពុជា (៤៧,៦៨%)។
សរុបមក គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបចំនួន ៩,២ ប៊ីលានដុល្លារអាម៉េរិក សម្រាប់រយៈពេល ១០ ខែនៃឆ្នាំ២០២៥ ដែលជាកំណើនគួរឱ្យកត់សម្គាល់ ស្មើនឹងប្រមាណ ៦៧% នៃទំហំទុនវិនិយោគ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
