សេចក្តី​ប្រកាស​ព័ត៌មាន​៖ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​នឹង​រៀបចំ​វេទិកា​សកល​ស្តី​ពី​អាហារូបត្ថម្ភ​កុមារ​លើក​ទី២១​

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​រៀបចំ​វេទិកា​សកល​ស្តី​ពី​ អាហារូបត្ថម្ភ​កុមារ​ លើក​ទី២១​ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២​ ដល់ទី៦​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​ខេត្តសៀមរាប​ ដោយ​សហការ​ជាមួយ​ Global​ Child​ Nutrition​ Foundation​ (GCNF​) និង​ World​ Food​ Programme​ Centre​ of​ Excellence​ against​ Hunger​ (WFP​ CoE​)។

វេទិកា​សកល​ស្តី​ពី​អាហារូបត្ថម្ភ​កុមារ​លើក​ទី២១​ ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​ជា​វេទិកា​ចែករំលែក​អំពី​បទពិសោធន៍​ក្នុង​ការអនុវត្ត​ បញ្ហា​ប្រឈម​ និង​ឧត្តមា​នុ​វត្ត​នៃ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​។ ការ​ប្រារព្ធ​វេទិកា​នៅ​ឆ្នាំ២០១៩នេះ​ ជា​កាលានុវត្ត​ភាព​ដែល​ប្រទេស​នី​មួយ​ៗផ្តោត​ការ​យកចិត្ត​ទុកដាក់​ លើ​បទពិសោធន៍​នៃ​ការអនុវត្ត​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន​ ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ ការអនុវត្ត​ ការ​បង្កើន​ភាពជា​ម្ចាស់​នៃ​ប្រទេស​លើ​ហិរញ្ញប្បទាន​ និង​ការ​ប្រតិស្ឋាន​កម្មវិធី​នេះ​នៅក្នុង​ ប្រព័ន្ធ​អប់រំ​ជាតិ​ និង​ការ​គាំពារ​សង្គម​ ប្រកបដោយ​គោលនយោបាយ​ស៊ីជម្រៅ​ បរិ​យា​បន្ន​ និង​និរន្តរភាព​។ វេទិកា​សកល​នេះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ រដ្ឋមន្រ្តី​ និង​មន្រ្តី​អប់រំ​ ក៏ដូចជា​អ្នក​រៀបចំ​គោលនយោបាយ​ អ្នក​អនុវត្ត​គោលនយោបាយ​ អ្នកស្រាវជ្រាវ​ និង​ដៃគូ​អភិវឌ្ឍ​ មក​ពី​ប្រទេស​ចំនួន​ ៦០​ និង​អ្នកចូលរួម​ចំនួន​ ៣៨០​ នាក់​។

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​

ទាញយក៖ pdf