សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ដែលមានសមាជិកចូលរួមប្រមាណ ៨០០រូប។ អង្គសន្និបាតបានឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៧ របស់ក្រសួង និងទិសដៅការងារឆ្នាំ ២០១៨ ចំនួន ១៩ចំណុច ដូចខាងក្រោម៖
- ជំរុញការប្រកាសតំបន់វិនិច្ឆ័យតាមភូមិនៅទូទាំងប្រទេស ដើម្បីពន្លឿនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដែលបច្ចុប្បន្នសម្រេចបាន ៦៦,៤% នៃក្បាលដីប៉ាន់ស្មានសរុបចំនួនប្រមាណ ៧ លានក្បាលដី។
- បន្តពង្រឹងកិច្ចសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ពន្លឿនការដោះស្រាយវិវាទដីធ្លី ដើម្បីសុវត្ថិភាពនៃការកាន់កាប់ដី និងភាពសុខដុមរមនាក្នុងសង្គម។
- បន្តការពារដីចំណីឆ្នេរនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយរៀបចំយុទ្ធសាស្ត្រជាតិសមាហរណកម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដែនដីខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះ នៅខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។
- ជំរុញកសាងប្លង់បែងចែកតំបន់ប្រើប្រាស់ដី និងសន្ទស្សន៍ប្រើប្រាស់ដីនៅក្នុងខណ្ឌទាំង ៤ កណ្ដាលរាជធានីភ្នំពេញ មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌចំការមន។
- បន្តផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនគ្រួសារយោធិន និងនគរបាល គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និងបាត់បង់សមត្ថភាពការងារដែលមានជីវភាពក្រីក្រ គ្មានដី គ្មានផ្ទះ កំពុងឈរជើងនៅតាមបណ្ដោយព្រំដែន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់