សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ ឆ្នាំ​២០២៥​។​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ដោយ​មាន​ ឯកឧត្តម​ ឈៀង​ យ៉ា​ណា​រ៉ា​ និង​លោក​ជំទាវ​ Christina​ Laun​ ជា​សហ​ប្រធាន​ បាន​ដឹកនាំ​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ​២០២៥​ នៅ​ថ្ងៃ​ទី​១៨-១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ។​ គោលដៅ​ចម្បង​នៃ​កិច្ចចរចា​នេះ​ គឺ​ដើម្បី​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ និង​កំណត់​វិស័យ​អាទិភាព​នា​ពេល​អនាគត​។​ ភាគី​អា​ល្លឺ​ម៉​ង់​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ ក្រោម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​ ១​ ជា​ពិសេស​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ ប្រព័ន្ធ​គាំពារ​សង្គម​ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​ភាគី​អា​ល្លឺ​ម៉​ង់​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ថា​ជា​ដៃគូ​ដ៏​សំខាន់​។​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​វិស័យ​អាទិភាព​ចំនួន​ ៣​ រួម​មាន​៖​ ១)​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​,​ ២)​ សុខាភិបាល​ និង​គាំពារ​សង្គម​,​ និង​ ៣)​ ថាមពល​ និង​អន្តរកាល​ថាមពល​ប្រកបដោយ​យុត្តិធម៌​ ព្រមទាំង​វិស័យ​ផ្សេងៗ​ទៀត​ដូច​ជា​ វិមជ្ឈការ​ និង​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​។​ ជា​ចុង​ក្រោយ​ ឯកឧត្តម​ ឈៀង​ យ៉ា​ណា​រ៉ា​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បន្ត​រួមចំណែក​របស់​អា​ល្លឺ​ម៉​ង់​ក្នុង​កិច្ច​អភិវឌ្ឍន៍​កម្ពុជា​ផង​ដែរ​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf