សេចក្តីប្រកាសព័ត៌មានអំពីសេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុនចំនួនពីរ
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា (ផមក) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយដើម្បីជម្រាបជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅលើទីផ្សារគោលរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) របស់ក្រុមហ៊ុន ហ្គ្រីន សឹស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផមក ក្រុមហ៊ុនទាំងពីរត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផមក។
ផ្សារមូលបត្រកម្ពុជា (ផមក)