សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបលើកដំបូងរវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអាស៊ាន ឆ្នាំ២០២៣
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។
កិច្ចប្រជុំ AAC លើកទី៣២នេះ នឹងផ្តោតទៅលើការបន្តតាមដាន “សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត” និង “សេចក្តីប្រកាសស្តីពីសេដ្ឋកិច្ចបៃតង”។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុងឆ្នាំ២០២៣ ផងដែរ។ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីនឹងពិភាក្សាអំពីការបន្តតាមដានការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង “ការពិនិត្យឡើងវិញនិងការសម្រចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច” និង “អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន” ព្រមទាំងផ្លាស់ប្តរូទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ