សេចក្តីប្រកាសស្តីពី សហភាពអឺរ៉ុបប្រកាសចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឱ្យផ្អាកបណ្តោះអាសន្ននូវការទទួលបានអនុគ្រោះដល់កម្ពុជាក្នុងទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) អាចត្រូវបានលុបចោល ប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។
ការបើកដំណើរការនីតិវិធីដកបណ្តោះអាសន្នមិនទាន់ដល់ដំណាក់កាលដែលមានការផ្អាកប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុងទេ ប៉ុន្តែជាដំណើរការមួយដែលអាចឈានដល់ការផ្អាក ប្រសិនបើគ្មានភាពប្រសើរឡើង។ គោលបំណងនៃវិធានការរបស់គណៈកម្មការអឺរ៉ុបនេះ គឺដើម្បីធ្វើឲ្យប្រសើឡើងនូវស្ថានភាពនៅក្នុងប្រទេស ដែលទទួលផលពីប្រព័ន្ធនេះ។
សេចក្តីសម្រេចថ្ងៃនេះនឹងត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារលិខិតផ្លូវការរបស់សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ដោយចាប់ផ្តើមដំណើរការ ដែលមានគោលបំណង ដើម្បីឈានដល់ស្ថានភាពមួយដែលកម្ពុជាស្របតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្នូលរបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ:
- រយៈពេល ៦ ខែ សម្រាប់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដើម្បីពិភាក្សាជាមួយអាជ្ញាធរកម្ពុជា
- រយៈពេល ៣ ខែទៀត ដែលសហភាពអឺរ៉ុបត្រូវចំណាយលើការរៀបចំរបាយការណ៍ដោយផ្អែកលើការរកឃើញ
- បន្ទាប់ពីរយៈពេលសរុបចំនួន ១២ខែ គណៈកម្មាការនឹងបញ្ចប់នីតិវិធីដោយមានសេចក្តីសម្រេចចុងក្រោយ ថាតើត្រូវផ្អាក EBA ឬអត់ រួមទាំងការសម្រេចថា ការផ្អាកនោះស្ថិតក្នុងទំហំប៉ុនណាឬរយៈពេលយូរប៉ុនណា។ ការដកប្រព័ន្ធអនុគ្រោះពន្ធណាមួយនឹងចូលជាធរមាន បន្ទាប់ពីរយៈពេល៦ខែក្រោយការសម្រេច។
លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប និងលោកស្រី Malmstrom ប្រធានគណៈកម្មការអឺរ៉ុប ផ្នែកពាណិជ្ជកម្ម បានចាប់ផ្តើមដំណើរការផ្ទៃក្នុង ដើម្បីចាប់ផ្តើមនីតិវិធីនេះនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ រដ្ឋសមាជិកបានផ្តល់ការយល់ព្រមរបស់ពួកគេ ចំពោះសំណើរសុំរបស់គណៈកម្មការ ដើម្បីចាប់ផ្តើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនៅចុងខែមករា ឆ្នាំ២០១៩។
គណៈកម្មការអឺរ៉ុប