សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)

នា​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ អេ​ឡែ​ន​ ហ្គូ​ល​ស្ទី​ន​ (Ellen​ Goldstein)​ ដែល​ត្រូវ​បាន​តែងតាំង​ និង​ចូល​កាន់​តំណែង​ជានា​យក​ប្រចាំ​ប្រទេស​របស់​ ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ី​ហ្វិ​ច​។​ ក្នុង​នោះ​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ បាន​ជម្រាប​ជូន​អំពី​តម្រូវការ​អាទិភាព​របស់​កម្ពុជា​ ដូច​ជា​៖

​អាទិភាពសម្រាប់​រយៈពេល​វែង​៖

១)​ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥​ (IDP)​ សំដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ផ្អែក​លើ​ពលកម្ម​ជំនាញ​
២)​ បន្ត​ស្តារ​ និង​កសាង​វិស័យ​ហេ​ដ្ឋា​រ​ចា​នា​សម្ព័ន្ធ​រូប​វ័​ន្ត​ដែល​គាំទ្រ​ចីរភាព​កំណើនសេដ្ឋកិច្ច​
៣)​ ពង្រឹង​វិស័យ​ឡូ​ជី​ស្តី​ក​ឱ្យ​កាន់តែ​មាន​ភាព​រស់​រវើក​ និង​ប្រទាក់ក្រឡា​ក្នុង​ទូ​ទាំង​ប្រទេស​
៤)​ វិស័យ​បង្កើន​ផលិតភាព​កសិកម្ម​

​សម្រាប់​រយៈពេល​ខ្លី​ចំពោះ​មុខ​ រាជរដ្ឋាភិបាល​ នឹង​បន្ត​ផ្តល់​អាទិភាព​លើ​វិស័យ​៖

១)​ការ​អភិវឌ្ឍ​ជំនាញ​
២)​ ការ​បង្កើត​ផលិតភាព​កសិកម្ម​ និង​
៣)​ ការ​លើកកម្ពស់​សេវាកម្ម​វិស័យ​ទេសចរណ៍​

​ជា​ការ​ឆ្លើយ​តប​ លោក​ជំទាវ​ អេ​ឡែ​ន​ ហ្គូ​ល​ស្ទី​ន​ បាន​ថ្លែង​បញ្ជាក់​ឡើង​វិញ​ពី​ កា​រវិ​ភាជន៍​ថវិកា​ប្រមាណ​ជាង​ ៥៤០​ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ សម្រាប់​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ពី​ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​២០២១​ របស់​ធនាគារពិភពលោក​។​ លោក​ជំទាវ​ក៏​បាន​ថ្លែង​ថា​ នឹង​ខិតខំ​ស្រូប​ទាញ​ថវិការ​ដែល​បាន​វិភា​ជន៍​ទុក​នេះ​ និង​​សម្រួល​រាល់​នីតិវិធី​អនុវត្ត​គម្រោង​ឱ្យ​កាន់តែ​មាន​ភាព​សាមញ្ញ​ និង​ងាយ​អនុវត្ត​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf