សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីស្វែងរកដំណោះស្រាយជូនពលករកម្ពុជា
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និង ឯកឧត្តម ស៊ីរីឆៃ ឌីស្តាគុល (Sirichai Distakul) រដ្ឋមន្ត្រីក្រសួងការងារថៃ ដែលបានប្រព្តឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារថៃ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងកំលាំងពលកម្ម ជាពិសេសការស្វែងរកដំណោះស្រាយក្នុងការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា ដែលបានកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ លទ្ធផលនៃជំនួបនេះមានដូចជា៖
- រាជរដ្ឋាភិបាលថៃយល់ព្រមមិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់កំលាំងពលកម្មកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលដល់ក្នុងទឹកដីថៃ និងកំពុងធ្វើការនៅក្នុងប្រទេសថៃនោះដែរ។
- ភាគីថៃអនុញ្ញាតឲ្យពលករកម្ពុជា ដែលមានលិខិតឆ្លងដែន/លិខិតធ្វើដំណើរ ឫប័ណ្ណស៊ីជម្ពូស្របច្បាប់ពេលដំបូង ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរនិយោជកដោយខុសនីតិវិធី អាចចុះបញ្ជីជាមួយមន្ទីការងារថៃ ដើម្បីបំពេញឯកសារ និងក្លាយទៅជាពលករស្របច្បាប់វិញ។
- ភាគីថៃនឹងផ្តល់ឱកាសចំនួន ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស ដែលនឹងបើកចំនួន ១០កន្លែង នៅក្នុងទីក្រុងបាងកក និងចំនួន ១កន្លែង នៅក្នុងខេត្តនីមួយៗនៃប្រទេសថៃ។
- គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងចាប់ផ្តើមយុទ្ធនាការបញ្ជាក់អត្តសញ្ញាណ និងផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ ឫប័ណ្ណ OCWC ដល់ពលករកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា