សេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត”។ ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខា ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ពិធីចុះហត្ថលេខាក្នុងនេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ កាលពីពេលកន្លងមក។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)