សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សហគមន៍ជាតិ និងអន្តរជាតិថា ការរំលោភច្បាប់អន្តរជាតិ និងការបំពានបទឈប់បាញ់របស់ប្រទេសថៃលើទឹកដីអធិបតេយ្យរបស់កម្ពុជា បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើសុវត្ថិភាពជនស៊ីវិល ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ និងការរំខានដល់សេវាសាធារណៈចាំបាច់។ ក្រសួងបានបញ្ជាក់ថា ចាប់ពីល្ងាចថ្ងៃទី៧ ដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ជនស៊ីវិលសរុប ១០ នាក់បានស្លាប់ និងប្រមាណ ៦០ នាក់បានរងរបួស ។ ចំនួនជនស៊ីវិលដែលបានផ្លាស់ទីលំនៅសរុបមានច្រើនជាង ៥៦.០០០ គ្រួសារ ឬប្រហែល ១៩០.០០០ នាក់ ។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមាន ផ្ទះសម្បែង សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជាច្រើនកន្លែងទៀត បានបន្តរងការខូចខាតដោយសារការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់ថៃ។ ក្រសួងបានអំពាវនាវដល់សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឲ្យចូលរួមតាមដាន ថ្កោលទោស និងចាត់វិធានការសមស្របចំពោះឧក្រិដ្ឋកម្មដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ហើយទាមទារឲ្យប្រទេសថៃបញ្ឈប់ទង្វើខុសច្បាប់ទាំងនេះជាបន្ទាន់ និងអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់។
ក្រសួងមហាផ្ទៃ
