សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ គិតពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥។ ក្រសួងបានរាយការណ៍អំពីជនស៊ីវិលស្លាប់ថ្មី ១នាក់ និងរងរបួសស្រាល ១៤នាក់ នៅខេត្តបន្ទាយមានជ័យក្នុងអំឡុងពេលនេះ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ និងរបួសសរុបគិតចាប់ពីថ្ងៃទី ៧ ខែធ្នូ ឡើងដល់ ១១នាក់ និងរងរបួស ៧៤នាក់។ ចំនួនជនភៀសសឹកសរុបដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាព បានកើនឡើងដល់ជាង ២២៦.៩៩៧នាក់ នៅទូទាំងខេត្តពាក់ព័ន្ធ។
ក្រសួងមហាផ្ទៃបានរាយការណ៍ថា ការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F-16 សំដៅចូលតំបន់ស៊ីវិលរហូតដល់ចម្ងាយ ៣០គីឡូម៉ែត្រ នៅតែបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្ខំឱ្យ សាលារៀនចំនួន ៩០៩កន្លែងបិទទ្វារ។ ក្រសួងបានទទូចដល់អង្គការសហប្រជាជាតិ អាស៊ាន និងសហគមន៍អន្តរជាតិ ឱ្យថ្កោលទោស «ឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃ» របស់ថៃ និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើខុសច្បាប់ទាំងអស់ និងអនុវត្តតាមបទឈប់បាញ់ឱ្យបានពេញលេញ។
ក្រសួងមហាផ្ទៃ
