សេចក្តីថ្លែងការណ៍ព័ត៌មាន៖ កម្ពុជាអំពាវនាវឱ្យថៃគោរពពេញលេញលើសេចក្តីថ្លែងការណ៍រួម
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានអំពាវនាវដល់ភាគីថៃឱ្យ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញ ទៅតាមសេចក្តីថ្លែងការណ៍រួមនេះ រួមទាំងការដកអាវុធធុនធ្ងន់ជាដំណាក់កាល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ កម្ពុជាបានកត់សម្គាល់ថា ក្រុមមន្ត្រីថៃបានចេញធ្វើអត្ថាធិប្បាយបន្តបន្ទាប់ដែល ផ្ទុយពីស្មារតី នៃសេចក្តីថ្លែងការណ៍ និង បានដាក់ចេញនូវលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដែលជាការរំលោភលើកិច្ចព្រមព្រៀង។ អ្វីដែលសំខាន់ គឺមកទល់ពេលនេះ ថៃ មិនទាន់បានដោះលែងយោធិនកម្ពុជាទាំង ១៨ នាក់ ដែលត្រូវបានចាប់ខ្លួននៅឡើយ។ ការខកខាននេះគឺជា ការរំលោភលើចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួម ដែលបានចែងពីការប្តេជ្ញាចិត្តរបស់ថៃក្នុងការ «ដោះលែងយោធិនកម្ពុជាដោយគ្មានបង្អែបង្អង់ឡើយ»។ កម្ពុជាបានទទូចឱ្យថៃ អនុវត្តតាមលក្ខខណ្ឌទាំងអស់ឱ្យបានម៉ឹងម៉ាត់បំផុត ដើម្បីរក្សាសន្តិភាព និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
