សុន្ទរ​កថា​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​បាន​ថ្លែង​ក្នុង​មហា​សន្និបាត​អង្គការ​​សហ​ប្រជា​ជាតិ​លើក​ទី​៨០​

នៅ​ថ្ងៃ​ទី​២​ ​ខែ​តុលា​ ​ឆ្នាំ​ ​២០២៥​ ​ឯកឧត្តម​ ​ប្រាក់​ ​សុខុន​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​បាន​ថ្លែង​សុន្ទរ​កថា​ក្នុង​មហា​សន្និ​បាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​ ​៨០​ ​ក្រោម​មូល​បទ​ ​«​រួម​គ្នា​ដើម្បី​ភាព​​ប្រសើរឡើង​​៖​ ​៨០​ឆ្នាំ​ ​និង​ច្រើន​ឆ្នាំ​ទៀត​​ ដើម្បី​​សន្តិ​ភាព​ ​ការ​អភិវឌ្ឍ​ ​និង​សិទ្ធិ​មនុស្ស​»​។​ ​ឯកឧត្តម​ ​បាន​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​របស់​កម្ពុជា​ចំពោះ​ពហុ​ភាគី​និយម​ ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​ ​ឯកឧត្តម​ ​បាន​ជំរុញ​ឱ្យ​សហគមន៍​ពិភព​លោក​បន្ត​ជឿ​ទុក​ចិត្ត​លើ​អង្គការ​សហ​ប្រជាជាតិ​ឡើង​វិញ​ ​ហើយ​អំពាវ​នាវ​ឱ្យ​មាន​កំណែ​ទម្រង់​ដើម្បី​ពង្រឹង​ស្ថាប័ន​នា​នា​របស់​អង្គការ​នេះ​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគ​ស្មាញ​នា​សម័យ​ទំនើប​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ​ឧបនាយក​រដ្ឋ​មន្ត្រី​ ​បាន​សង្កត់​ធ្ងន់​ថា​ ​ការ​លើក​កម្ពស់​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ ​ការ​ការ​ពារ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិត​ ​និង​ភាព​ធន់​នឹង​អាកាស​ធាតុ​ ​នៅ​តែ​ជា​ចំណុច​ស្នូល​នៃ​អាទិភាព​ជាតិ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

​សុន្ទរកថា​នោះ​ ​បាន​លើក​យក​បទ​ពិសោធន៍​ជោគ​ជ័យ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ពី​ប្រទេស​ដែល​ធ្លាប់​ហែក​ហួរ​ដោយ​សង្គ្រាម​ ​ទៅ​ជា​សមាជិក​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​សកល​ ​ដោយ​បាន​លើក​ឡើង​ពី​ស្ថិរភាព​ ​និង​វឌ្ឍន​ភាព​នេះ​ថា​ជា​សមិទ្ធផល​នៃ​នយោ​បាយ​ឈ្នះ​-​ឈ្នះ​ជាតិ​។​ ​ឯកឧត្តម​បាន​ចង្អុល​បង្ហាញ​ពី​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​វិ​ស័យ​សុខាភិបាល​ ​ការ​អប់​រំ​ ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​និង​សម​ភាព​យេន​ឌ័រ​។​ ​លើស​ពី​នេះ​ ឧបនាយក​រដ្ឋមន្ត្រី​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចាប់​ផ្តើម​កិច្ច​សន្ទនា​ឡើង​វិញ​ ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​សកល​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ ​ក៏​បាន​លើក​ឡើង​ពី​ភាព​តាន​តឹង​តាម​បណ្តោយ​ព្រំ​ដែន​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ជិត​ខាង​ ​និង​បាន​តស៊ូ​មតិ​ឱ្យ​មាន​ការ​អត់​ធ្មត់​ ​និង​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​។​​

ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ

ទាញយក៖ pdf