WWF៖ អាជីវកម្មសត្វព្រៃគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងបង្កហានិភ័យនៃការចម្លងមេរោគពីសត្វទៅមនុស្ស
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានក្រើនរំឭកថា ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងហានិភ័យនៃការចម្លងមេរោគពីសត្វទៅមនុស្ស។ ផ្អែកលើរបាយការណ៍ដែលមានចំណងជើងថា៖ “វិបត្តិនៃការដាក់អន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asia’s Snaring Crisis” គេបានប៉ាន់ប្រមាណថា មានអន្ទាក់ចំនួនប្រមាណ ១២,៣ លាន កំពុងគំរាមកំហែងដល់ការរស់រានរបស់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ភាគច្រើននៃអន្ទាក់ទាំងនេះត្រូវបានផលិត និងច្នៃឡើងដោយប្រើខ្សែ ឬខ្សែកាប។ ការដាក់អន្ទាក់បង្កើនឱកាសដល់មនុស្សក្នុងការប៉ះពាល់ដោយផ្ទាល់នឹងសត្វព្រៃ ដែលវាជាទង្វើអាចបង្កលទ្ធភាពនៃការចម្លងមេរោគពីសត្វទៅមនុស្ស។ ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាសត្វជ្រូកព្រៃ សំពោច និងសត្វពង្រូលស្ថិតក្នុងចំណោមសត្វច្រើនប្រភេទទៀតដែលជាគោលដៅនៃការដាក់អន្ទាក់ ហើយសុទ្ធសឹងជាប្រភេទសត្វដែលបង្កហានិភ័យខ្ពស់បំផុតនៃការចម្លងមេរោគ។
វិបត្ដិអន្ទាក់នេះក៏ជាកត្ដាសំខាន់មួយដែលនាំឱ្យមានការថយចុះនូវចំនួនប្រភេទសត្វស៊ីសាច់ជាអាហារមួយចំនួនទៀតដែរនៅក្នុងតំបន់ការពារធម្មជាតិ ដែលគាំទ្រដោយអង្គការ WWF ដូចជាសត្វខ្លារខិន ខ្លាពពក និងសត្វឆ្កែព្រៃ ព្រមទាំងប្រភេទសត្វជាចំណីរបស់ពួកវាដូចជា ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និងសត្វប្រើស។
អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF)