WWF៖​ អាជីវកម្ម​សត្វព្រៃ​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ និង​បង្ក​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​

​នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)​ បាន​ក្រើនរំឭក​ថា​ ការ​ដាក់​អន្ទាក់​បាន​ក្លាយជា​វិបត្តិ​ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​។​ ផ្អែក​លើ​របាយការណ៍​ដែល​មាន​ចំណងជើង​ថា​៖​ “​វិបត្តិ​នៃ​ការ​ដាក់​អន្ទាក់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​ Silence​ of​ the​ Snares:​ Southeast​ Asia’s​ Snaring​ Crisis”​ គេ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​អន្ទាក់​ចំនួន​ប្រមាណ​ ១២,៣​ លាន​ កំពុង​គំរាមកំហែង​ដល់​ការ​រស់រាន​របស់​សត្វព្រៃ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​។​ ភាគច្រើន​នៃ​អន្ទាក់​ទាំងនេះ​ត្រូវ​បាន​ផលិត​ និង​ច្នៃ​ឡើង​ដោយ​ប្រើ​ខ្សែ​ ឬ​ខ្សែកាប​។​ ការ​ដាក់​អន្ទាក់​បង្កើន​ឱកាស​ដល់​មនុស្ស​ក្នុង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​សត្វព្រៃ​ ដែល​វា​ជា​ទ​ង្វើ​អាច​បង្ក​លទ្ធភាព​នៃ​ការ​ចម្លង​មេរោគ​ពី​សត្វ​ទៅ​មនុស្ស​។​ ជាក់ស្តែង​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​សត្វ​ជ្រូកព្រៃ​ សំពោច​ និង​សត្វ​ពង្រូល​ស្ថិត​ក្នុង​ចំណោម​សត្វ​ច្រើន​ប្រភេទ​ទៀត​ដែល​ជា​គោលដៅ​នៃ​ការ​ដាក់​អន្ទាក់​ ហើយ​សុទ្ធ​សឹង​ជា​ប្រភេទ​សត្វ​ដែល​បង្ក​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​ចម្លង​មេរោគ​។​

​វិបត្ដិ​អន្ទាក់​នេះ​ក៏​ជា​កត្ដា​សំខាន់​មួយ​ដែល​នាំ​ឱ្យ​មានការ​ថយ​ចុះ​នូវ​ចំនួន​ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ​មួយ​ចំនួន​ទៀត​ដែរ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ដែល​គាំទ្រ​ដោយ​អង្គការ​ WWF​ ដូច​ជា​សត្វ​ខ្លារខិន​ ខ្លា​ពពក​ និង​សត្វ​ឆ្កែព្រៃ​ ព្រមទាំង​ប្រភេទ​សត្វ​ជា​ចំណី​របស់​ពួក​វា​ដូច​ជា​ ទន្សោង​ ឈ្លូស​ ជ្រូកព្រៃ​ ខ្ទីង​ រមាំង​ និង​សត្វ​ប្រើស​។​

អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)

ទាញយក៖ pdf