សិក្ខាសាលាស្តីពី ការវាយតម្លៃការយល់ដឹងអំពី ការអាន និងការប្រើប្រាស់ផែនទី
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និង នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវសិក្ខាសាលាស្តីពី ការវាយតម្លៃការយលើដឹងអំពី ការអាន និងការប្រើប្រាស់ផែនទី ដោយជោគជ័យ ជាមួយលោកគ្រូ អ្នកគ្រូ វិទ្យាល័យ នៅថ្ងៃចន្ទ១៣រោច និងថ្ងៃអង្គារ៍១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
សិក្ខាសាលាវាយតម្លៃ ដែលមានការចូលរួមពីលោកនាយក លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ២៤រូប នេះ ត្រូវបានរៀបចំឡើងក្រោមគម្រោង “ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង ផែនទីសម្រាប់ការអប់រំ” ក្រោមកិច្ចសហការជាមួយនាយកដា្ឋនបច្ចេកវិទ្យាព័ត៌មាន ដោយមានការគាំទ្រមូលនិធិពី ជំនួយសហរដ្ឋអាមេរិក (USAID) តាមរយៈ វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI)។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីយល់កាន់តែច្បាស់ពីការយល់ដឹង និងបទពិសោធន៍របស់ លោកគ្រូអ្នកគ្រូ ក្នុងការអាន និងប្រើប្រាស់ផែនទី។ ជាងនេះទៅទៀត គឺដើម្បីសិក្សាថាតើផែនទី និងបច្ចេកវិទ្យាព័ត៌មាន មានទំនាក់ទំនងយ៉ាងណាខ្លះជាមួយការបង្រៀន និងការសិក្សារបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីឲ្យក្រុមការងារបច្ចេកទេសអាចសិក្សា និងបង្កើតជំហានបន្តបន្ទាប់នៅក្នុងគម្រោងប្រកបដោយប្រសិទ្ធិភាព។
នៅក្នុងកម្មវិធីសិក្ខាសាលានេះ លោកគ្រូអ្នកគ្រូ ក្រុមការងារអូឌីស៊ី និងក្រុមការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលរួមមាន ការឆ្លើយកម្រងសំណួរ កិច្ចពិភាក្សាក្រុម និងការធ្វើបទបង្ហាញនៃលទ្ធផលនៃកិច្ចពិភាក្សា។ កម្រងសំណួរនោះផ្តោតលើ ការប្រើប្រាស់ផែនទីនៅក្នុងសាលារៀន ការប្រើប្រាស់បច្ចេកវិទ្យា និងការវាយតម្លៃពីបទពិសោធន៍ និងការយល់ដឹងរបស់លោកគ្រូអ្នកគ្រូលើមុខវិជ្ជាផែនដីវិទ្យា និងភូមិវិទ្យា។ ចំណែកកិច្ចពិភាក្សាវិញផ្តោតលើប្រធានបទបួនធំៗ រួមមាន ផលលំបាកក្នុងការបង្រៀនមុខវិជ្ជា IT ភូមិវិទ្យា និងផែនដីវិទ្យា ការដាក់បញ្ចូលបច្ចេកវិទ្យាព័ត៌មានទៅក្នុងការបង្រៀន ការប្រើប្រាស់ផែនទីនៅក្នុងការបង្រៀន និងជាចុងក្រោយ ការបង្កើតសម្ភារៈឧបទ្ទេសសម្រាប់ការបង្រៀនផែនទី និងបច្ចេកវិទ្យាព័ត៌មាន។
លោកស្រី លី សោភណ្ឌ ដែលជាគ្រូភូមិវិទ្យា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលគាត់បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាដែលផ្តោតលើបច្ចេកវិទ្យាព័ត៌មាន និងផែនទី ហើយគាត់សប្បាយចិត្តដែលបានចែករំលែកផលលំបាកដែលគាត់ជួបប្រទះក្នុងការបង្រៀនរបស់គាត់ទៅកាន់សិក្ខាកាមដទៃ។ គាត់បានបន្ថែមថា គាត់តែតែព្យាយាមប្រើប្រាស់ផែនទីក្នុងការបង្រៀនមុខវិជ្ជាភូមិវិទ្យា ទោះបីជាសាលាមិនអាចផ្តល់សម្ភារៈគ្រប់គ្រាន់បានគ្រប់ពេលក៏ដោយ។
ដូចគ្នានេះដែរ នេះក៏ជាលើកទីមួយសម្រាប់ លោកស្រី ឈួន ផល្លាណាវី ដែលជាគ្រូភូមិវិទ្យា នៅវិទ្យាល័យ ពាមជីកង ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលា។ គាត់បានឲ្យដឹងថា កម្មវិធីសិក្ខាសាលា បានឲ្យគាត់យល់ច្រើនជាងមុនអំពីការប្រើប្រាស់បច្ចេកវិទ្យាក៏ដូចជាតួនាទី និងសារៈសំខាន់របស់វានៅក្នុងការបង្រៀនរបស់គាត់។
ការចូលរួមយ៉ាងស្វិតស្វាញរបស់ លោកគ្រូអ្នកគ្រូ បានផ្តល់លទ្ធផលដ៏សំខាន់ ដែលអាចឲ្យទីប្រឹក្សាបច្ចេកទេសរបស់អូឌីស៊ី ចាប់ផ្តើមបង្កើតកម្មវិធីបង្រៀនសម្រាប់វគ្គបណ្តុះបណ្តាលអំពីការអាន និងការប្រើប្រាស់ផែនទីនៅថ្ងៃខាងមុខ។ ពួកយើងបានសិក្សាយ៉ាងច្រើន អំពីការយល់ឃើញរបស់ពួកគាត់អំពីសារៈសំខាន់នៃបច្ចេកវិទ្យាព័ត៌មាននិងផែនទីក្នុងការអប់រំ ផលលំបាកដែលពួកគាត់ជួបប្រទះពេលពួកគាត់ព្យាយាមដាក់បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងកម្រិតនៃបទពិសោធន៍ និងការយល់ដឹងរបស់ពួកគាត់អំពីការអាន និងការប្រើប្រាស់ផែនទីជាទូទៅ។
លោក វង ទង គ្រូបង្រៀន ព័ត៌មានវិទ្យា នៅសាលាវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបងបាននិយាយថា គាត់គិតថាសមត្ថភាពប្រើប្រាស់ផែនទីគឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ពីព្រោះពួកគេយ៉ាងហោចណាស់ក៏ត្រូវប្រើប្រាស់ផែនទីពេលធ្វើដំណើរតាមផ្លូវនៅពេលដែលពួកគេនៅឆ្ងាយពីផ្ទះ។ គាត់ក៏ប្តេជ្ញាចិត្តចូលរួមក្នុងការបង្រៀនការអានផែនទីដល់សិស្សរបស់គាត់ផងដែរប្រសិនបើ អូឌីស៊ី ផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម។
គួររំលឹកផងដែរថា អូឌីស៊ី និង ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់ (MoU) ដើម្បីអនុវត្តគម្រោង “ការប្រើប្រាស់បច្ចេកវិទ្យា និងផែនទីសម្រាប់ការអប់រំ” ដែលមានគោលបំណងកសាងសម្ថភាពរបស់គ្រូ ក្នុងការអាន និងការប្រើប្រាស់ផែនទី តាមរយៈការបណ្តុះបណ្តាលដោយទីប្រឹក្សាបច្ចេកទេសរបស់អូឌីស៊ី។ គម្រោងនេះក៏នឹងលើកកម្ពស់ និងធ្វើឲ្យប្រសើរនូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅតាមសាលារៀនសម្រាប់ការគ្រប់គ្រងរដ្ឋបាល ការស្រាវជ្រាវ ការបង្រៀន និងការសិក្សារបស់គ្រូបង្រៀន សិស្សានុសិស្ស និងសាធារណជន។ សិក្ខាសាលាវាយតម្លៃនេះគឺជាជំហានសំខាន់ទីមួយដើម្បីអនុវត្តសកម្មភាពបន្ថែមទៀតដែលបានគ្រោងទុកសម្រាប់គម្រោងទាំងមូល។