ការលើកកម្ពស់គណនេយ្យភាពសង្គមតាមរយៈឧបករណ៍ឌីជីថល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការចូលរួមរបស់យើងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយគម្រោងការច្នៃប្រឌិតដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នេះគឺជាពិព័រណ៍ឧបករណ៍ឌីជីថលសម្រាប់លើកកម្ពស់គណនេយ្យភាពសង្គម ដែលបានផ្តល់វេទិកាសម្រាប់ អូឌីស៊ី ដើម្បីបង្ហាញផលិតផល និងសមិទ្ធិផលរបស់យើងក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋតាមរយៈបច្ចេកវិទ្យាឌីជីថល។ ពិព័រណ៍នេះផ្តោតលើការលើកកម្ពស់ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិរបស់ពួកគេ និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈក្នុងតំបន់របស់ពួកគេ។ នេះរាប់បញ្ចូលទាំងផ្នែកសំខាន់ៗដូចជា ចំណូល និងចំណាយរបស់រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។
ពិព័រណ៍នេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម មូល ធន អភិបាលរងខេត្តបាត់ដំបង លោក Thomas White នាយកការិយាល័យប្រជាធិបតេយ្យ និងអភិបាលកិច្ចនៃទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID) និងលោក Bishnu Sapkota នាយកគម្រោង ISAC ដោយបានលើកឡើងអំពីសារៈសំខាន់នៃគណនេយ្យភាពសង្គម។ ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមមកពីស្ថាប័នជាច្រើន។ អ្នកចូលរួមសរុបចំនួន ១៧៤ នាក់បានចូលរួមយ៉ាងសកម្មជាមួយនឹងការតាំងពិព័រណ៍នេះ រួមមានយុវជន និស្សិត សាកលវិទ្យាល័យ មន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល (CSOs) និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ។ ជាការកត់សម្គាល់ ឯកឧត្តមអភិបាលរងខេត្តបានអំពាវនាវឱ្យមានការបន្តគាំទ្រចំពោះគំនិតផ្តួចផ្តើមគណនេយ្យភាពសង្គម ឆ្លើយតបទៅនឹងអ្នកចូលរួមទាំងអស់ ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា។
ស្តង់របស់អូឌីស៊ី បានផ្តល់ជាវេទិកាមួយសម្រាប់បង្ហាញផលិតផល និងស្នាដៃរបស់អូឌីស៊ីក្រោមគម្រោង ISAC។ ក្រុមការងារអូឌីស៊ីបានបង្ហាញទំព័រព័ត៌មានទិន្នន័យអំពីគណនេយ្យភាពសង្គមដល់អ្នកទស្សនា និងរៀបចំកម្រងសំណួរដែលចូលរួមអាចចូលលេងដើម្បីឈ្នះរង្វាន់ដ៏គួរឱ្យទាក់ទាញ។ អ្នកចូលរួមបានចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយ ដោយទទួលបានទាំងចំណេះដឹងពីទំព័រព័ត៌មានទិន្នន័យអំពីគណនេយ្យភាពសង្គម ជាមួយនឹងការប្រកួតប្រជែងដើម្បីមានឱកាសឈ្នះរង្វាន់។
ក្រៅពីស្តង់ពិព័រណ៍ ក្រុមការងារអូឌីស៊ី បានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលកិច្ចពិភាក្សាជាក្រុមក្រោមប្រធានបទអំពី យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) និងការបង្កើតមាតិការអប់រំស្តីពីគណនេយ្យភាពសង្គម។ ការពិភាក្សាបានផ្តល់ឱកាសសម្រាប់អ្នកចូលរួម ដោយបង្ហាញអំពីរបៀបដែលអង្គការនានាធ្វើយុទ្ធនាការដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញរបស់ពួកគេ ខណៈពេលដែលបង្កើតមាតិកាប្រកបដោយប្រសិទ្ធភាពអំពីគណនេយ្យភាពសង្គម។ ការពិភាក្សាជាក្រុមក៏បានលើកឡើងនូវសំណួរសំខាន់ៗទាក់ទងនឹងនិរន្តរភាពនៃកម្មវិធីបន្ទាប់ពីការបញ្ចប់គម្រោង និងសារៈសំខាន់នៃការការពារវេទិកាអនឡាញពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ការពិភាក្សាប្រកបដោយផ្លែផ្កានេះបង្ហាញពីការប្តេជ្ញាចិត្តបន្តក្នុងការកសាងទិដ្ឋភាពឌីជីថលដ៏រឹងមាំ និងសុវត្ថិភាពសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា។
ការតាំងពិព័រណ៍របស់គម្រោង ISAC បានផ្តល់ជាវេទិកាដ៏មានតម្លៃសម្រាប់ អូឌីស៊ីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមកាន់តែទូលំទូលាយ និងរួមចំណែកដល់កិច្ចសន្ទនាថ្នាក់ជាតិស្តីពីគណនេយ្យភាពសង្គម។ អូឌីស៊ីនឹងបន្តការងាររបស់យើងនៅក្នុងវិស័យនេះ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយប្រសិទ្ធភាព។