ការតាំងពិព័រណ៍សិល្បៈអំពីការប្រែប្រួលអាកាសធាតុនៅមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាល

កាលពី​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ការ​តាំងពិព័រណ៍​សិល្បៈ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ប្រចាំឆ្នាំ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ប៉ា​លហាល​ ខេត្តព្រះវិហារ​។​ វា​គឺជា​វេទិកា​មួយ​សម្រាប់​លើកកម្ពស់​ការ​យល់​ដឹង​ និង​ផល​ប៉ះពាល់​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​សហគមន៍​ ដែល​មាន​អ្នកចូលរួម​ជាង​ ២០០​នាក់​ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ គ្រូបង្រៀន​ និង​សិស្សានុសិស្ស​។​

​ការ​តាំងពិព័រណ៍​សិល្បៈ​នេះ​ទទួល​បានការ​គាំទ្រ​ពី​មូលនិធិ​ហេ​ន​រេច​បូល​ និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​ FHI360​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​៖​ ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​។​

​ការ​ប្ដេជ្ញា​ចិត្ត​របស់​អូ​ឌី​ស៊ីក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​ចាក់​ឫស​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ និង​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល​នៅ​ក្នុង​ខេត្តព្រះវិហារ​ តាម​រយៈ​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​។​ កម្មវិធី​បណ្ណាល័យ​នេះ​បាន​ផ្តល់​នូវ​កា​រត​ភ្ជាប់​ Wi-Fi​ ដោយ​ឥត​គិតថ្លៃ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ប៉ា​លហាល​។​ អូ​ឌី​ស៊ី​បាន​ពង្រឹងសមត្ថភាព​សហគមន៍​មូលដ្ឋាន​ គ្រូបង្រៀន​ និង​សិស្សានុសិស្ស​ តាម​រយៈ​ការ​សម្របសម្រួល​ក្នុង​ការ​ចូល​ប្រើ​អ៊ីនធឺណិត​ ដែល​ជា​តម្រូវការ​របស់​ពួក​គេ​ដើម្បី​បន្ត​ការ​សិក្សា​ និង​ការ​ទទួល​ព័ត៌មាន​អំពី​បញ្ហា​សំខាន់ៗ​ដូច​ជា​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។​

​ព្រឹត្តិការណ៍​នេះ​ក៏​បាន​រំលេច​ពី​កិច្ចសហការ​របស់​អូ​ឌី​ស៊ី​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ប៉ា​ល់ហាល​ ដោយ​លោក​ចៅសង្កាត់​ប៉ា​ល់ហាល​បាន​សម្តែង​ការ​អរគុណ​ដល់​ក្រុមការងារ​អូ​ឌី​ស៊ី​ ក្នុង​ការ​បង្កើត​ឱកាស​អប់រំ​នៅ​ក្នុង​សហគមន៍​។​ លោកនៅ​តែ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​អូ​ឌី​ស៊ី​ ដើម្បី​ពង្រឹង​កម្មវិធី​អប់រំ​សម្រាប់​ការ​ចូលរួម​សហគមន៍​ និង​ការ​ពង្រឹងសមត្ថភាព​យុវជន​។​

​ការ​តាំងពិព័រណ៍​សិល្បៈ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​២០២៣​ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​ដែល​មាន​បំណង​ជួយ​អ្នកចូលរួម​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ និង​យល់​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​សិល្បៈ​។​ ការ​តាំងពិព័រណ៍​ចូលរួម​លើកកម្ពស់​ការ​សន្ទនា​បើក​ទូលាយ​អំពី​សកម្មភាព​អាកាសធាតុ​ និង​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ការ​រៀបចំ​អនាគត​ប្រកបដោយ​និរន្តរភាព​។​

​ចំណុច​លេចធ្លោ​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​បទ​បង្ហាញ​ដ៏​បំផុសគំនិត​របស់​លោក​ Dixon​ Siu​ ដែល​ជាហប្រធានប្រចាំប្រទេសនៃកម្មវិធីអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ក្រោមផ្នែក Global Delivery នៃក្រុមហ៊ុន Fujitsu។​ ការ​បង្ហាញ​របស់​លោក​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ផល​ប៉ះពាល់​ និង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ ធ្វើ​ឱ្យ​អ្នកចូលរួម​ចាប់អារម្មណ៍​ជា​ខ្លាំង​។​ ការ​បង្ហាញ​របស់​លោក​ Dixon​ មិន​ត្រឹមតែ​ផ្តល់​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជំរុញ​អ្នកចូលរួម​ឱ្យ​រួមចំណែក​យ៉ាង​សកម្ម​ចំពោះ​ដំណោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​ តាម​រយៈ​ការ​ប្រើប្រាស់​រូបភាព​ និង​អន្តរ​ទំនាក់ទំនង​ផង​ដែរ​។​

​ដើម្បី​ចូលរួម​ជាមួយ​យុវជន​បន្ថែម​ទៀត​ អូ​ឌី​ស៊ី​បាន​រៀបចំ​សកម្មភាព​អន្តរ​កម្ម​ជា​ច្រើន​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ច្នៃប្រឌិត​ និង​ការ​គ្រប់គ្រង​បរិស្ថាន​។​ សិស្សានុសិស្ស​លើកទឹកចិត្ត​ឱ្យ​បង្កើត​ស្នាដៃ​សិល្បៈ​នៅ​លើ​កាបូបស្ពាយ​ ដែល​ពួក​គេ​អាច​យក​ទៅ​ផ្ទះ​ និង​ប្រើប្រាស់​ជា​ការ​រំលឹក​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ចំពោះ​សកម្មភាព​អាកាសធាតុ​។​ លើស​ពី​នេះ​ សិស្សានុសិស្ស​មានឱកាស​ដាំ​ដើម​រុក្ខជាតិ​តូចៗ​ក្នុង​ផើង​ ដែល​ពួក​គេ​អាច​យក​ទៅ​មើលថែ​នៅផ្ទះ​បាន​ ដែល​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា​បរិស្ថាន​។​ ការ​លេង​ហ្គេ​ម​ឆ្ពោះទៅ​រក​គោលដៅ​!​ក្តារ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ក៏​បាន​ផ្តល់​នូវ​ការ​អប់រំ​សម្រាប់​សិស្សានុសិស្ស​ដើម្បី​ស្វែង​យល់​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ការ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​តាម​រយៈ​សកម្មភាព​ទាំងនេះ​ អូ​ឌី​ស៊ី​បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ឱ្យ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។​ ព្រឹត្តិការណ៍​នេះ​ចូលរួម​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មានការ​យល់​ដឹង​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​សក្តានុពល​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​តាម​រយៈ​ការ​ជំរុញ​ភាព​ច្នៃប្រឌិត​ ការងារ​ជា​ក្រុម​ និង​ការ​យល់​ដឹង​អំពី​ទំនួល​ខុស​ត្រូវ​បរិស្ថាន​ ។​

​អូ​ឌី​ស៊ី​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​រៀបចំ​ពិព័រណ៍​សិល្បៈ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ប្រចាំឆ្នាំ​នៅ​ខេត្តព្រះវិហារ​ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យធ្វើ​សកម្មភាព​។​ តាម​រយៈ​ការ​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ សាលារៀន​ និង​មជ្ឈមណ្ឌល​សិក្សា​ អូ​ឌី​ស៊ី​នៅ​តែ​បន្ត​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​វប្បធម៌​នៃ​ការ​អប់រំ​អំពី​អាកាសធាតុ​ និង​ការ​ចូលរួម​របស់​សហគមន៍​ ដោយ​ធានា​ថា​មនុស្ស​ជំនាន់​ក្រោយ​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​