សិក្ខាសាលាដើម្បីពង្រឹងការរចនាទំព័ររបស់អូឌីស៊ីឱ្យមានភាពងាយស្រួល
ជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងឧបករណ៍សម្រាប់ចែករំលែកព័ត៌មានអំពីគណនេយ្យភាពសង្គម (សម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា) អង្គការ Internews បានសម្របសម្រួលធ្វើសិក្ខាសាលាកាលពីខែឧសភា ដោយសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំព័រ «ការទទួលបានព័ត៌មានពីសេវាសាធារណៈ»។
ដោយសារតែ កូវីដ-១៩ អ្នកចូលរួមទាំងអស់ត្រូវធ្វើការពីផ្ទះ ដែលធ្វើឱ្យដំណើរការនៃសិក្ខាសាលាទាំងមូលត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដោយប្រើឧបករណ៍អនឡាញមួយចំនួន។ អ្នកចូលរួមបានប្រើប្រាស់ ហ្សូម ស្កែប និងឧបករណ៍រចនាតាមអនឡាញមួយចំនួនផ្សេងទៀត។
ដោយផ្អែកលើការស្រាវជ្រាវដូចជា «ការវាយតម្លៃតម្រូវការព័ត៌មាន» ដែលធ្វើឡើងដោយអង្គការ Internews ក្រុមការងារចំនួនប្រាំនាក់នៃអង្គការអូឌីស៊ី បានធ្វើការជាមួយ Eva Constantaros ដែលជាអ្នកជំនាញទិន្នន័យសារព័ត៌មាន នៃអង្គការ Internews និងអ្នកជំនាញខាងគេហទំព័រ នៃក្រុមហ៊ុនធីប៊ី ដើម្បីរចនាទំព័រ «ការទទួលបានព័ត៌មានពីសេវាសាធារណៈ របស់អូឌីស៊ីឡើងវិញ ដោយផ្តោតលើភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងការប្រើប្រាស់។ បន្ទាប់ពីការពិភាក្សា យើងបានរចនាទំព័រគំរូនេះឡើងនៅលើកម្មវិធីអនឡាញ និងបានធ្វើតេស្តជាមួយអ្នកប្រើប្រាស់គេហទំព័រអូឌីស៊ី។ ក្រុមការងារអូឌីស៊ីមានសេចក្តីរីករាយដោយអ្វីដែលបានស្នើឱ្យផ្លាស់ប្តូរត្រូវបានអភិវឌ្ឍ និងដាក់ឱ្យធ្វើតេស្តភ្លាមៗបន្ទាប់ពីការរចនា។
ក្នុងរយៈពេលប៉ុន្មានខែទៀត អង្គការ Internews នឹងធ្វើការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងអ្នកជំនាញខាងអភិវឌ្ឍគេហទំព័រ ដើម្បីកែលម្អទំព័រ «ការទទួលបានព័ត៌មានពីសេវាសាធារណៈ» ឱ្យកាន់តែប្រសើរឡើង និងធ្វើឱ្យការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ក្រុមការងារអូឌីស៊ីកំពុងធ្វើតេស្តទំព័រនេះជាមួយអ្នកប្រើប្រាស់ដើម្បីទទួលបានមតិយោបល់ក្នុងការកែលម្អ។