វិបត្តិជំងឺកូវីដ-១៩៖ ការឆ្លើយតបផ្នែកនីតិបញ្ញត្តិនៅក្នុងប្រទេសកម្ពុជា
ជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់នូវសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលវាតម្រូវឲ្យរដ្ឋាភិបាលអនុវត្តបទបញ្ជា និងគោលនយោបាយថ្មីៗដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅប្រទេសកម្ពុជាបញ្ហាសេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយជំងឺរាតត្បាតនេះភាគច្រើន កើតចេញពីការធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មនៅថ្នាក់ជាតិ និងអន្តរជាតិជាពិសេសការធ្លាក់ចុះយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាអន្តរជាតិ។ តួរយ៉ាង រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទប្បញ្ញត្តិបន្ទាន់ជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក៏ដូចជាដើម្បីទប់ទល់ផលប៉ះពាល់អវិជ្ជមានរបស់វាទៅលើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស។
ជាក់ស្តែងចំនួនករណីផ្ទុក និងអត្រានៃការកើតមានជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាមានកំរិតទាប បើប្រៀបធៀបទៅនឹងប្រទេសជាច្រើននៅលើពិភពលោក នេះបើយោងទៅតាមអង្គការសុខភាពពិភពលោក ខណៈករណីឆ្លងភាគច្រើន (៨៤%) ជាករណីនាំចូល។1 ដោយយោងលើករណីភាគច្រើនជាករណីនាំចូល ប្រទេសកម្ពុជាបានបង្កើតការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិ។ ស្របគ្នានេះដែរ រដ្ឋាភិបាលបានសម្រេចពន្យាពេលលើទិដ្ឋាការទេសចរណ៍ និងលើកលែងការផាកពិន័យលើការហួសថ្ងៃបរិច្ឆេទទិដ្ឋាការរបស់ជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជា។
ដំបូងឡើយ អ្នកធ្វើដំណើរមកពីប្រទេសដែលមានអត្រាឆ្លងខ្ពស់មានដូចជា សហរដ្ឋអាមេរិក អាឡឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីរ៉ង់ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចូលមកប្រទេសកម្ពុជាដើម្បីកាត់បន្ថយករណីឆ្លងនាំចូល ខណៈប្រទេសដទៃទៀតត្រូវបានដាក់ចូលជាបន្តបន្ទាប់ក្នុងបញ្ជីដែលហាមឃាត់ក្នុងការធ្វើដំណើរចូលមកប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ការឆ្លងកាត់ព្រំដែនក៏ត្រូវបានផ្អាកផងដែរ ដូចដែលប្រទេសកម្ពុជាបានបិទព្រំដែនរបស់ខ្លួនជាបណ្តោះអាសន្នជាមួយប្រទេសវៀតណាម។
អ្នកទេសចរដែលវិលត្រឡប់មកប្រទេសកម្ពុជាពីប្រទេសផ្សេងៗវិញក៏ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ ដែលនេះជាវិធានការណ៍បង្ការទុកជាមុនប្រឆាំងនឹងការឆ្លង។ ទោះជាយ៉ាងណា ចាប់តាំងពីខែឧសភារដ្ឋាភិបាលកម្ពុជាបានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរអន្តរជាតិ ដោយបានអនុញ្ញាតឲ្យអ្នកដំណើរបរទេសមកពីប្រទេសមួយចំនួនដូចជាអ៊ីតាលី អេស្ប៉ាញ និងបារាំង។2 ជនជាតិបរទេសដែលមកពីប្រទេសផ្សេងៗទៀតត្រូវបានតម្រូវឲ្យមានការធ្វើតេស្តិ៍អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ ហើយពួកគេក៏ត្រូវមានទឹកប្រាក់សម្រាប់ការធានារ៉ាប់រងសុខភាពចំនួន ៥ ម៉ឺនដុល្លារដើម្បីចំណាយលើការព្យាបាលក្នុងករណីមានឆ្លងនូវជំងឺកូវីដ-១៩។
ច្បាប់ក្នុងការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ត្រូវបានអនុម័តដែលជាវិធានការណ៍មួយដែលអាចនឹងត្រូវបានអនុវត្តប្រសិនបើចាំបាច់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ និងដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ច្បាប់នេះបានផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចបន្ថែមទៀត ដូចជាការឃ្លាំមើលទៅលើផ្នែកទំនាក់ទំនងទូរគមនាគមន៍ដើម្បីគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅពេលមានជំងឺរាតត្បាត។ ការអនុម័តច្បាប់ស្តីពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បានបង្កការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែផលជាប់ពាក់ព័ន្ធរបស់វាទៅលើសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាជន ខណៈពេលដែលប្រទេសកម្ពុជាបានកំពុងប្រឈមមុខនឹងការរិះគន់រួចទៅហើយជុំវិញការមិនបានគោរពតាមគោលការណ៍សិទ្ធិមនុស្ស។ ភាពមានកម្រិតទៅលើតម្លាភាព និងការពិគ្រោះយោបល់ សុទ្ធសឹងតែជាដែនកំណត់នៃការអនុវត្តការដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅក្នុងប្រទេសកម្ពុជា។3
វិធានការណ៍ដំបូងមួយក្នុងការទប់ស្កាត់ការឆ្លងក្នុងសហគមន៍ គឺការរឹតត្បិតក្នុងការធ្វើដំណើរក្នុងស្រុក។ នៅខែមេសា រដ្ឋាភិបាលបានចេញនៅការហាមឃាត់ការធ្វើដំណើរ និងការរឹតត្បិតទៅលើការផ្លាស់ទី។4 ប្រជាជននៅរាជធានីភ្នំពេញមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុងទេ ខណៈដែលអ្នកដែលរស់នៅខាងក្រៅពីរាជធានីមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងទីក្រុង ឫខេត្តផ្សេងទៀតឡើយនៃប្រទេសកម្ពុជា។ ទោះបីជាមានការបញ្ឈប់សកម្មភាពធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺក៏ដោយ ក្រុមមួយចំនួនត្រូវបានរួចផុតពីការរឹតត្បិតក្នុងការធ្វើដំណើរ រួមមានទាំងកម្មកររោងចក្រ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកសេវាកម្មបន្ទាន់។ ប្រជាជនដែលត្រូវការសេវាថែទាំសុខភាពក៏ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់មណ្ឌលសុខភាពផងដែរ ប្រសិនបើពួកគេអនុវត្តវិធានការបង្ការបានត្រឹមត្រូវ ដូចជាការធ្វើដំណើរជាក្រុមដែលមិនឲ្យលើសពី ៤ នាក់។
វិធានការណ៍មួយទៀតដែលត្រូវបានយកមកអនុវត្តនោះ គឺការដាក់ឲ្យនៅដាច់ពីគេសម្រាប់អ្នកណាដែលសង្ស័យថាមានទំនាក់ទំនងជាមួយអ្នកមានជំងឺកូវីដ-១៩។ សាលារាជធានីភ្នំពេញក៏បានរៀបចំសាលារៀនចំនួន ៣៧ កន្លែងដើម្បីធ្វើជាមណ្ឌលចត្តាឡឺស័ក ដើម្បីត្រៀមទទួលដាក់ចត្តាឡឺស័កកម្មករចំនួន ១៥ ពាន់នាក់ ដែលបានវិលត្រឡប់មករាជធានីវិញ។5 ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាបានថាអ្នកដែលត្រលប់មកពីស្រុកវិញត្រូវបានគេធ្វើតេស្តរកមេរោគត្រឹមត្រូវ និងដើម្បីទប់ស្កាត់នៅរីករាលដាលក្នុងសហគមន៍។ បុគ្គលិកថែទាំសុខភាព និងសាធារណៈជនក៏ត្រូវបានណែនាំឱ្យពាក់ម៉ាស់ ព្រមទាំងលាងដៃឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ។
វិធានការណ៍គួរឲ្យកត់សំគាល់មួយទៀតរបស់រដ្ឋាភិបាល គឺការបិទសាលារៀន និងស្ថាប័នអប់រំ។ ស្ថាប័នសិក្សារដ្ខ និងឯកជនទាំងអស់ត្រូវបានបិទទាំងស្រុងក្នុងរយៈពេល ២ ខែបន្ទាប់ពីប្រទេសកម្ពុជាបានបញ្ជាក់ពីករណីឆ្លងវីរុសនេះដំបូងគេបង្អស់របស់ខ្លួន។6 ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំ ដើម្បីការពារសិស្សពីការឆ្លងវីរុស និងធានាសុវត្ថិភាពដល់ប្រជាជនទូទៅ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឲ្យមានការរៀនសូត្រពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាតាមទូរទស្សន៍ និងវេទិកាអនឡាញផ្សេងទៀត ដើម្បីអនុញ្ញាតឲ្យសិស្សអាចបន្តកម្មវិធីអប់រំរបស់ពួកគេពីផ្ទះបាន។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាបច្ចេកវិទ្យា និងកង្វះខាតឧបករណ៍ក្នុងការសិក្សាបានធ្វើឲ្យសិស្សជាច្រើនខកខានការសិក្សារបស់ខ្លួនអស់រយៈពេលជាច្រើនខែ។ ក៏មានការព្រួយបារម្ភផងដែរ ដោយសារបញ្ហានេះអាចបង្កឲ្យអត្រាការបោះបង់ការសិក្សាកើនឡើង និងកំណើនពលកម្មកុមារដោយសារសិស្សខ្លះបានឆ្លៀតទៅធ្វើការនៅក្នុងអំឡុងពេលនេះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។
ជាការពិតណាស់ រដ្ឋាភិបាលបានផ្តល់ការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈច្បាប់ក្នុងការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ការរឹតត្បិតការផ្លាស់ទី និងការដាក់ឲ្យនៅដាច់ពីគេ។ យ៉ាងណាម៉ិញ ផលវិបាកនៃជំងឺនេះមកលើសេដ្ឋកិច្ច និងសង្គមនៅតែត្រូវបានគេតាមដាន និងតម្រូវការនូវវិធានការណ៍ឆ្លើយតបជាបន្តបន្ទាប់ទៀត។
អត្ថបទសរសេរដោយ៖ កញ្ញា អេនចេឡា ម៉ារៀ ម៉ាលូហ្វ, អ្នកហាត់ការស្រាវជ្រាវនៅអូឌីស៊ី។
ឯកសារយោង
- 1. អង្គការសុខភាពពិភពលោក (២០២០). របាយការណ៍ទី៥ ស្តីពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩នៅកម្ពុជា។ ដកស្រង់ពី៖ https://www.who.int/docs/default-source/wpro—documents/countries/cambodia/covid-19/covid-19-joint-who-moh-sitrep-05.pdf?sfvrsn=845addf3_2
- 2. Castillo, G. G. (២០២០). ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា។ ដកស្រង់ពី៖ https://focusweb.org/cambodia-covid-19-situationer/.
- 3. ទូច ដារ៉ែន (២០២០). ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសនាគ្រាអាសន្នរបស់ប្រទេសកម្ពុជានិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដកស្រង់ពី៖ https://www.asiapacific.ca/publication/cambodias-state-emergency-law-and-fight-against-covid-19
- 4. Turton, S. (២០២០). ប្រទេសកម្ពុជាចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរចេញចូលក្រុងភ្នំពេញ។ ដកស្រង់ពី៖ https://asia.nikkei.com/Politics/Cambodia-issues-order-banning-travel-to-and-from-Phnom-Penh
- 5. សែន ដាវីដ (២០២០). ការដាក់ឱ្យនៅដាច់ដោយឡែកដើម្បីជួយការពារការឆ្លងរាលដាលនៃមេរោគ។ ដកស្រង់ពី៖ https://www.khmertimeskh.com/50714122/mandatory-quarantine-to-help-prevent-coronavirus-spread/
- 6. Castillo, G. G. (២០២០). ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា។ ដកស្រង់ពី៖ https://focusweb.org/cambodia-covid-19-situationer/