វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩៖​ ការ​ឆ្លើយ​តប​ផ្នែក​នីតិបញ្ញត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​ផ្តល់​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​ ដែល​វា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​បទបញ្ជា​ និង​គោលនយោបាយ​ថ្មីៗ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។​ នៅ​ប្រទេស​កម្ពុជា​បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​នេះ​ភាគច្រើន​ កើត​ចេញពី​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ជា​ពិសេស​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ជា​អន្តរជាតិ​។​ តួរ​យ៉ាង​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​បន្ទាន់​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ក៏​ដូច​ជា​ដើម្បី​ទប់ទល់​ផល​ប៉ះពាល់​អវិជ្ជមាន​របស់​វា​ទៅ​លើ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​។

រូបពីឆ្វេងទៅស្តាំ៖ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ចូលរួមទិវាឯករាជ្យជាតិរបស់កម្ពុជានៅទីក្រុងភ្នំពេញប្រទេសកម្ពុជាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ (លោក ហ៊ុល រស្មី / វីអូអេខ្មែរ)

ជាក់ស្តែង​ចំនួន​ករណី​ផ្ទុក​ និង​អត្រា​នៃ​ការ​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩​នៅ​ប្រទេស​កម្ពុជា​មាន​កំរិត​ទាប​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ នេះ​បើ​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​ ខណៈ​ករណី​ឆ្លង​ភាគច្រើន​ (៨៤%)​ ជា​ករណី​នាំ​ចូល​។1​ ដោយ​យោង​លើ​ករណី​ភាគច្រើន​ជា​ករណី​នាំ​ចូល​ ប្រទេស​កម្ពុជា​បាន​បង្កើត​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​។​ ស្របគ្នា​នេះ​ដែរ​ រដ្ឋាភិបាល​បាន​សម្រេច​ពន្យា​ពេល​លើ​ទិដ្ឋាការ​ទេសចរណ៍​ និង​លើកលែង​ការ​ផាកពិន័យ​លើ​ការ​ហួស​ថ្ងៃ​បរិច្ឆេទ​ទិដ្ឋាការ​របស់​ជនបរទេស​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ដំបូង​ឡើយ​ អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​មាន​ដូច​ជា​ សហរដ្ឋអាមេរិក​ អា​ឡឺ​ម៉​ង់​ បារាំង​ អេ​ស្ប៉ា​ញ​ និង​អ៊ី​រ៉​ង់​ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​កាត់​បន្ថយ​ករណី​ឆ្លង​នាំ​ចូល​ ខណៈ​ប្រទេស​ដទៃ​ទៀត​ត្រូវ​បាន​ដាក់​ចូល​ជា​បន្តបន្ទាប់​ក្នុង​បញ្ជី​ដែល​ហាមឃាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​។​ ម្យ៉ាងវិញទៀត​ ការ​ឆ្លងកាត់​ព្រំដែន​ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ​ ដូចដែល​ប្រទេស​កម្ពុជា​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​ជាមួយ​ប្រទេស​វៀតណាម​។

​អ្នកទេសចរ​ដែល​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ផ្សេងៗ​វិញ​ក៏​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ១៤​ ថ្ងៃ​ផង​ដែរ​ ដែល​នេះ​ជា​វិធាន​ការណ៍​បង្ការ​ទុកជា​មុន​ប្រឆាំង​នឹង​ការ​ឆ្លង​។​ ទោះជា​យ៉ាងណា​ ចាប់តាំងពី​ខែឧសភា​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ ដោយ​បាន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​បរទេស​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា​អ៊ី​តា​លី​ អេ​ស្ប៉ា​ញ​ និង​បារាំង​។2​ ជនជាតិ​បរទេស​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត​ត្រូវ​បាន​តម្រូវ​ឲ្យ​មានការ​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​ក្នុង​រយៈពេល​ ៧២​ ម៉ោង​ចុង​ក្រោយ​ ហើយ​ពួក​គេ​ក៏​ត្រូវ​មាន​ទឹកប្រាក់​សម្រាប់​ការ​ធានា​រ៉ាប់រង​សុខភាព​ចំនួន​ ៥​ ម៉ឺន​ដុល្លារ​ដើម្បី​ចំណាយ​លើ​ការ​ព្យាបាល​ក្នុង​ករណី​មាន​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​-១៩​។​

​ច្បាប់​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ ត្រូវ​បាន​អនុម័ត​ដែល​ជា​វិធាន​ការណ៍​មួយ​ដែល​អាច​នឹង​ត្រូវ​បាន​អនុវត្ត​ប្រសិនបើ​ចាំបាច់​ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩​ និង​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​។​ ច្បាប់​នេះ​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​អំណាច​បន្ថែម​ទៀត​ ដូច​ជា​ការ​ឃ្លាំ​មើលទៅ​លើ​ផ្នែក​ទំនាក់ទំនង​ទូរគមនាគមន៍​ដើម្បី​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នៅ​ពេល​មាន​ជំងឺ​រាតត្បាត​។​ ការ​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ បាន​បង្ក​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​តែ​ផល​ជាប់​ពាក់ព័ន្ធ​របស់​វា​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​របស់​ប្រជាជន​ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់​រួច​ទៅ​ហើយ​ជុំវិញ​ការ​មិន​បាន​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​។​ ភាព​មាន​កម្រិត​ទៅ​លើ​តម្លាភាព​ និង​ការពិគ្រោះ​យោបល់​ សុទ្ធសឹងតែ​ជា​ដែន​កំណត់​នៃ​ការ​អនុវត្ត​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​3

​វិធាន​ការណ៍​ដំបូង​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​សហគមន៍​ គឺ​ការ​រឹតត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​។​ នៅ​ខែមេសា​ រដ្ឋាភិបាល​បាន​ចេញ​នៅ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ និង​ការ​រឹតត្បិត​ទៅ​លើ​ការ​ផ្លាស់​ទី​។4​ ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ទីក្រុង​ទេ​ ខណៈ​ដែល​អ្នក​ដែល​រស់នៅ​ខាង​ក្រៅពី​រាជធានី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទីក្រុង​ ឫ​ខេត្ត​ផ្សេង​ទៀត​ឡើយនៃ​ប្រទេស​កម្ពុជា​។​ ទោះបីជា​មានការ​បញ្ឈប់​សកម្មភាព​ធ្វើ​ដំណើរ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ក៏​ដោយ​ ក្រុម​មួយ​ចំនួន​ត្រូវ​បាន​រួច​ផុត​ពី​ការ​រឹតត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ​ រួម​មាន​ទាំង​កម្មករ​រោងចក្រ​ មន្ត្រី​រដ្ឋាភិបាល​ និង​បុគ្គលិក​សេវាកម្ម​បន្ទាន់​។​ ប្រជាជន​ដែល​ត្រូវការ​សេវា​ថែទាំ​សុខភាព​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​សុខភាព​ផង​ដែរ​ ប្រសិនបើ​ពួក​គេ​អនុវត្ត​វិធានការ​បង្ការ​បាន​ត្រឹមត្រូវ​ ដូច​ជា​ការ​ធ្វើ​ដំណើរ​ជា​ក្រុម​ដែល​មិន​ឲ្យ​លើស​ពី​ ៤​ នាក់​។​

​វិធាន​ការណ៍​មួយទៀត​ដែល​ត្រូវ​បាន​យក​មក​អនុវត្ត​នោះ​ គឺ​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​សម្រាប់​អ្នក​ណា​ដែល​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ជំងឺ​កូ​វី​ដ​-១៩​។​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​សាលារៀន​ចំនួន​ ៣៧​ កន្លែង​ដើម្បី​ធ្វើ​ជា​មណ្ឌល​ច​ត្តា​ឡឺ​ស័ក​ ដើម្បី​ត្រៀម​ទទួល​ដាក់​ច​ត្តា​ឡឺ​ស័ក​កម្មករ​ចំនួន​ ១៥​ ពាន់​នាក់​ ដែល​បាន​វិល​ត្រឡប់​មក​រាជធានី​វិញ​។5​ ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​ ១៤​ ថ្ងៃ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ធានា​បាន​ថា​អ្នក​ដែល​ត្រលប់​មក​ពី​ស្រុក​វិញ​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​មេរោគ​ត្រឹមត្រូវ​ និង​ដើម្បី​ទប់ស្កាត់​នៅ​រីក​រាលដាល​ក្នុង​សហគមន៍​។​ បុគ្គលិក​ថែទាំ​សុខភាព​ និង​សាធារណៈជន​ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស់​ ព្រមទាំង​លាងដៃ​ឱ្យ​បាន​ទៀងទាត់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​។​

​វិធាន​ការណ៍​គួរ​ឲ្យ​កត់សំគាល់​មួយទៀត​របស់​រដ្ឋាភិបាល​ គឺ​ការ​បិទ​សាលារៀន​ និង​ស្ថាប័ន​អប់រំ​។​ ស្ថាប័ន​សិក្សារ​ដ្ខ​ និង​ឯកជន​ទាំងអស់​ត្រូវ​បាន​បិទ​ទាំងស្រុង​ក្នុង​រយៈពេល​ ២​ ខែ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​នេះ​ដំបូង​គេ​បង្អស់​របស់​ខ្លួន​។6​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីណែនាំ​ ដើម្បី​ការពារ​សិស្ស​ពី​ការ​ឆ្លង​វីរុស​ និង​ធានា​សុវត្ថិភាព​ដល់​ប្រជាជន​ទូទៅ​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​រៀនសូត្រ​ពី​ចម្ងាយ​ និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ដូច​ជា​តាម​ទូរទស្សន៍​ និង​វេទិកា​អន​ឡាញ​ផ្សេង​ទៀត​ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​អាច​បន្ត​កម្មវិធី​អប់រំ​របស់​ពួក​គេ​ពី​ផ្ទះ​បាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ បញ្ហា​បច្ចេកវិទ្យា​ និង​កង្វះខាត​ឧបករណ៍​ក្នុង​ការ​សិក្សា​បាន​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​ខកខាន​ការ​សិក្សា​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​។​ ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ ដោយសារ​បញ្ហា​នេះ​អាច​បង្ក​ឲ្យ​អត្រា​ការ​បោះបង់​ការ​សិក្សា​កើនឡើង​ និង​កំណើន​ពលកម្ម​កុមារ​ដោយសារ​សិស្ស​ខ្លះ​បាន​ឆ្លៀត​ទៅ​ធ្វើការ​នៅ​ក្នុងអំឡុងពេល​នេះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​។​

​ជា​ការ​ពិត​ណាស់​ រដ្ឋាភិបាល​បាន​ផ្តល់​ការ​ឆ្លើយ​តប​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ តាម​រយៈ​ច្បាប់​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ ការ​រឹតត្បិត​ការ​ផ្លាស់​ទី​ និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​។​ យ៉ាងណា​ម៉ិ​ញ​ ផលវិបាក​នៃ​ជំងឺ​នេះ​មក​លើ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​តែ​ត្រូវ​បាន​គេ​តាមដាន​ និង​តម្រូវការ​នូវ​វិធាន​ការណ៍​ឆ្លើយ​តប​ជា​បន្តបន្ទាប់​ទៀត​។​ 

អត្ថបទ​សរសេរ​ដោយ​៖​ កញ្ញា​ ​​អេ​ន​ចេ​ឡា​ ម៉ា​រៀ​ ម៉ា​លូ​ហ្វ​​​​​, អ្នក​ហាត់​ការ​​ស្រាវ​ជ្រាវ​នៅ​អូឌីស៊ី​។​

ឯកសារយោង