វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពសាយប័រ
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីសន្តិសុខសាយប័រសម្រាប់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល និងបណ្តាញរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល ពីសុវត្ថិភាពអ៊ីនធឺណិត ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ យើងក៏បានផ្តល់ឱ្យសិក្ខាកាមនូវជំនាញសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការការពារទិន្នន័យ និងគណនីផ្ទាល់ខ្លួនផងដែរ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ (ស្រី ១២នាក់) ដែលមកពីសមាគមអាដហុក អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សមាជិកអេកូយុវទូត អង្គការ Epic Arts អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការ SVC មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក្រុមក្តីស្រលាញ់គឺចម្រុះ និងបណ្តាញសមាជិកមួយផ្សេងទៀត។
ជាដំបូងសិក្ខាកាមទាំងអស់តម្រូវឱ្យធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាស់ស្ទង់សមត្ថភាព។ បន្ទាប់មក លោក ង៉ែត ម៉ូសេ អ្នកបណ្តុះបណ្តាល និងអ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត បានស្នើឱ្យសិក្ខាកាមគ្រប់រូបណែនាំឈ្មោះ តួនាទី ស្ថាប័ន និងការរំពឹងទុកចំពោះវគ្គបណ្តុះបណ្តាល ដើម្បីស្វែងយល់ពីសាវតា និងតម្រូវការរបស់ពួកគេ។
លោកបានចាប់ផ្តើមមេរៀនស្តីពី “ការគ្រប់គ្រងពាក្យសម្ងាត់” ដោយបង្ហាញពីទិដ្ឋភាពទូទៅនៃពាក្យសម្ងាត់ ការបង្កើតពាក្យសម្ងាត់រឹងមាំ និងការគ្រប់គ្រងពាក្យសម្ងាត់។ សំណួរជាច្រើនត្រូវបានពិភាក្សាជុំវិញប្រធានបទជាមួយនឹងឧទាហរណ៍ជាក់ស្តែង។ បន្ទាប់មកលោកបានបន្តទៅមេរៀនមួយទៀតស្តីពី “ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព” ដោយលោកបានបង្ហាញពីប្រភេទនៃការគំរាមកំហែង និងរបៀបធ្វើការរុករកលើអ៊ីនធឺណិតដោយសុវត្ថិភាព និងបណ្តាញឯកជននិម្មិតលើអ៊ីនធឺណិត។
សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ ក៏មានសារៈសំខាន់ផងដែរសម្រាប់សិក្ខាកាមទាំងអស់។ វាគ្មិនបានបង្ហាញពីវិធីការពារទូរស័ព្ទដៃ និងអ៊ីម៉ែលយ៉ាងក្បោះក្បាយ។ បន្ទាប់មក វគ្គបណ្តុះបណ្តាលនេះបញ្ចប់ដោយការសង្ខេបមេរៀន និងការធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃការយល់ដឹងរបស់សិក្ខាកាមនីមួយៗ។
ការវាយតម្លៃពីវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ដើម្បីប្រមូលមតិកែលម្អបន្ថែមលើការបណ្តុះបណ្តាលនាពេលអនាគតផងដែរ។ សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមរបស់យើងគឺ សេង សុខជាតិ សមាជិកនៃក្រុមក្តីស្រលាញ់គឺចម្រុះ មានចំណាប់អារម្មណ៍ “ខ្ញុំគិតថាវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យយើងចេះការពារឯកជនភាពរបស់យើងពីជនខិលខូចតាមអនឡាញបាន។ អ្នកដែលកំពុងតែប្រើប្រាស់បណ្តាញសង្គម អ៊ីនធឺណែត ឬកម្មវិធីអនឡាញផ្សេងៗទៀត គួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះទាំងអស់គ្នា។”
វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័របានធ្វើឡើងក្រោមគម្រោង Learning Platform (LP) ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិដែលជាផ្នែកមួយនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។