វគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យ៖ វគ្គបណ្ដុះបណ្ដាលមួយនៅក្នុងខែកញ្ញាសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានប្រារព្ធឡើងដោយជោគជ័យ
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបន្តការងាររបស់ខ្លួនក្នុងការជំរុញផ្សព្វផ្សាយអក្ខរកម្មទិន្នន័យសម្រាប់គម្រោងការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌល ឌី ខេ (Diakonia Center) រាជធានីភ្នំពេញ ហើយមានអ្នកចូលរួមចំនួន ១៤ នាក់ ដែលមកពីអង្គការសង្គមស៊ីវិលនានា និងធ្វើការងារលើគណនេយ្យភាពសង្គម។
អ្នកចូលរួមភាគច្រើនមកពីអង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាគណនេយ្យភាពសង្គម។គោលដៅទាំងមូលនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីអភិវឌ្ឍជំនាញជាមូលដ្ឋានទៅលើការយល់ដឹងអំពីទិន្នន័យ និងធ្វើការជាមួយទិន្នន័យ ដោយមានការណែនាំអោយអ្នកចូលរួមមានទំនោររឹតតែខ្លាំងទៅរកការដាក់បញ្ចូលការឆ្វេងយល់ដោយផ្អែកលើភស្តុតាងទៅក្នុងរបាយការណ៍ និងលទ្ធផលគោលនយោបាយរបស់ពួកគេ។
ក្រុមការងាររបស់អង្គការ ODC បានបន្តប្រើប្រាស់កម្មវិធីសិក្សាកែសម្រួលជាភាសាខ្មែររបស់ខ្លួន ដែលត្រូវបានបង្កើតឡើងតាមរយៈការបណ្តុះបណ្តាលពីគម្រោង ISAC ដែលជាដៃគូអង្គការ Internews ។ ការកែសម្រួលបន្ថែមនៃវគ្គសិក្សានេះ (ផ្អែកលើមតិយោបល់របស់សិស្ស) មានគោលបំណងធ្វើឱ្យមេរៀនមានភាពសាមញ្ញ និងធ្វើអោយរបៀបវារៈនៃការបណ្តុះបណ្តាលមានភាពច្បាស់លាស់។
លោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) បានពិនិត្យមើលរបៀបវារៈនៃវគ្គបណ្តុះបណ្តាល ហើយចាប់ផ្តើមបើកក្បាលនៃកម្មវិធីនៃថ្ងៃទី១ដោយពិភាក្សាពីការរំពឹងទុកជាមុនរបស់អ្នកចូលរួម និងគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលត្រូវផ្តោតក្នុងវគ្គបណ្តុះបណ្តាល។ ការបណ្តុះបណ្តាលបានចាប់ផ្តើមដោយលោក ពិសិដ្ឋ ដោយបានរៀបរាប់ពីគំនិតសំខាន់ៗនៃ “ការយល់ដឹងអំពីទិន្នន័យ”។ បន្ទាប់មក លោក ឡុច កល្យាណ ដែលជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធពត៍មានភូមិសាស្ត្រ (GIS) នៃអង្គការ ODC ក៏បានចែករំលែកមេរៀនលម្អិតស្តីពី “ការស្វែងរកទិន្នន័យ” ដោយបានលើកឡើងពីការប្រើប្រាស់ឧបករណ៍គន្លឹះ និងប្រភពសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ដំបូង។
នៅថ្ងៃទី២ លោក ពិសិដ្ឋ បានរំលឹកពីទិដ្ឋភាពទូទៅនៃ “ការប្រមូលទិន្នន័យ” ដោយពន្យល់ពីរបៀបប្រើប្រាស់ឧបករណ៍ផ្សេងៗដែលនិឹងត្រូវយកទៅអនុវត្តនៅថ្ងៃបញ្ចប់នៃថ្ងៃទី ១។ លោក កល្យាណ បានធ្វើបទបង្ហាញអំពី “ការដកស្រង់ទិន្នន័យ” ដែលជាដំណើរការនៃការទទួលបានទិន្នន័យ បន្ទាប់មកញែកទិន្នន័យនីមួយៗ (ការសម្អាតទិន្នន័យ) ដោយការប្រើប្រាស់ឧបករណ៍តារាង Spreadsheet។
នៅថ្ងៃទី៣ លោក ពិសិដ្ឋ បានធ្វើការបង្ហាញពីវិធីសាស្ត្រនៃការ “សម្រួលទិន្នន័យ” ដើម្បីបង្ហាញព័ត៌មានតាមវិធីដែលមនុស្សអាចមើលងាយយល់។ លោក ង៉ូវ ជីហ័រ ដែលជាអ្នកគ្រប់គ្រងគម្រោង ICT Camp របស់អង្គការ ODC បានធ្វើការបកស្រាយបន្ថែមលើមេរៀននេះដោយពន្យល់ត្រួសៗអំពីរបៀបបង្កើត “រឿងរាវនៃទិន្នន័យ” ហើយនិងរបៀបបង្កើតសាច់រឿងដ៏សាមញ្ញចេញពីទិន្នន័យ។
នៅថ្ងៃចុងក្រោយ លោក ង៉ូវ ជីហរ បានធ្វើបទបង្ហាញលំអិតស្តីពី “ការរៀបចំរឿងរ៉ាវទិន្នន័យ”។ បន្ទាប់មក អ្នកចូលរួមក៏ត្រូវបានបំបែកជាក្រុមតូចៗ ដើម្បីប្រមូលផ្នែកនៃរឿងទិន្នន័យដែលខ្លួនប្រមូលបានចេញពីវិស័យអប់រំក្នុងប្រទេសកម្ពុជា ដែលការងារជាក្រុមនេះបានចំណាយពេលស្ទើរតែពេញមួយព្រឹក និងពេលរសៀលផងដែរ។ អ្នកចូលរួមបានវិភាគចំណុចសំខាន់ៗដែលបានទាញយកចេញពីប្រភពទិន្នន័យគំរូ ហើយប្រមូលផ្តុំវាទៅជាទម្រង់នៃនិទានសាច់រឿងដ៏សាមញ្ញមួយ។ ក្រុមការងាររបស់ ODC ដែលជាអ្នកយល់ដឹងពីដំណើរការនៃវគ្គនេះបានជួយណែនាំ និងសម្រួលដល់អ្នកចូលរួមទាំងអស់។
បន្ទាប់ពីរៀបចំវគ្គបណ្តុះបណ្តាលដោយក្រុមការងារ ODC រួច អ្នកចូលរួមទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹង និងជំនាញថ្មីៗដែលពួកគេទទួលបានពីវគ្គសិក្សានេះនៅក្នុងការងារគណនេយ្យភាពសង្គមរបស់ពួកគេ។ ក្រុមការងារបានរៀបចំសំនួរសាកល្បងសមត្ថភាព ដើម្បីវាស់ស្ទង់ពីចំណេះដឹងរបស់អ្នកចូលរួម។ ក្រុមការងារអង្គការ ODC នៅតែបន្តទាក់ទងជាមួយអ្នកចូលរួមវគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យនេះតាមរយៈអ៊ីមែល និងនៅតែមានការជជែកគ្នាតាម Telegram ផងដែរ។
អង្គការ ODC និង អង្គការ Internews នឹងបន្តកែលម្អ ហើយពង្រឹងកម្មវិធីសិក្សា អក្ខរកម្មទិន្នន័យ ទាំងស្រុងរបស់ខ្លួនសម្រាប់ការប្រើប្រាស់បន្តទៀតនៅក្នុងឆ្នាំទី ៤ នាពេលខាងមុខនៃគម្រោង ISAC ហើយក៏កំពុងអភិវឌ្ឍកម្មវិធីសិក្សា “មូលដ្ឋាននៃអក្ខរកម្មទិន្នន័យ” ដែលនឹងផ្តល់ភាពងាយស្រួលយល់ជាងមុនសម្រាប់អ្នកចាប់ផ្តើមដំបូង។