វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៤​នាក់​ រួម​មាន​អ្នក​សារព័ត៌មាន​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ យុវជន​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​លើ​សារព័ត៌មាន​ និស្សិត​ផ្នែក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ជន​ពិការ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​។​ ដំណាក់កាល​ដំបូង​គឺ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រួម​បញ្ចូល​មេរៀន​ និង​លំ​ហាត់​។​ ដំណាក់កាល​ទី​ពីរ​គឺជា​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​រយៈពេល​មួយ​ថ្ងៃ​ ដែល​ផ្តោត​លើ​ការ​រំលឹក​មេរៀន​ឡើង​វិញ​ និង​លំ​ហាត់​បញ្ចប់​វគ្គ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​។​

​ថ្ងៃ​ទី​១៖​ ការ​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​

​មុន​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ តំណាង​អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍​អំពី​គម្រោង​ និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នកចូលរួម​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​ ​បន្ទាប់​ពី​នោះ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ មុន​ពេល​កម្មវិធី​ចាប់ផ្តើម​។​ លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​គ្រូ​បង្គោល​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​ និង​តម្លាភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិន្នន័យ​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​ដោយ​ប្រើប្រាស់​ឃ្លាំង​ទិន្នន័យ​ (Data​ Portal)​ និង​ Google​ advanced​ search​។​ បន្ទាប់​មក​ អ្នកចូលរួម​ត្រូវធ្វើ​លំ​ហាត់​ដើម្បី​ស្វែងរក​ទិន្នន័យ​តាម​តម្រូវការ​របស់​ពួក​គេ​ជា​ទម្រង់​ PDF​ ក៏​ដូច​ជា​ទិន្នន័យ​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​លើ​ឃ្លាំង​ទិន្នន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​។​

លោក​ បាន​ ច័ន្ទ​ផល្លា​ ដែល​លោកគ្រូ​បង្គោល​ម្នាក់​ទៀត​ បាន​បង្ហាញ​នូវ​មេរៀន​បន្ទាប់​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​ ដែល​សង្កត់ធ្ងន់​លើ​ស្តង់ដារ​ទិន្នន័យ​ និង​របៀប​រៀបចំ​ទិន្នន័យ​សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោកគ្រូ​បាន​ណែនាំ​ពី​ការ​បង្កើត​ spreadsheet​ ថ្មី​ ការ​បន្ថែម​សន្លឹក​ ការ​បង្កើត​ច្បាប់​ចម្លង​ ជួរ​ឈរ​ និង​ជួរ​ដេក​ថ្មី​ ការ​បញ្ចូល​គំនូសតាង​ តម្រង់​ និង​ការ​បង្កើត​តារាង​ pivot​ នៅ​លើ​ Google​ Sheets​ ក៏​ដូច​ជា​ការ​ដាក់​ប​ញ្ជូ​ល​នូវ​ឯកសារ​ក្នុង​ទម្រង់​ CSV​ ទៅ​ក្នុង​ spreadsheet​ និង​ Microsoft​ Excel​ ។​ គ្រូ​បណ្តុះបណ្តាល​ក៏​បាន​បង្ហាញ​ពី​ការ​សម្អាត​ទិន្នន័យ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​វិភាគ​ទិន្នន័យ​។​ មេរៀន​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​សម្អាត​ទិន្នន័យ​ ហើយ​ណែនាំ​ដល់​សិក្ខាកាម​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​សម្អាត​ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​វា​អាច​យល់​បាន​ដោយ​មានការ​ណែនាំ​ផ្នែក​បច្ចេកទេស​ដូច​ជា​ កាត់​ដកឃ្លា​ ដក​ស្ទួន​ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ បំបែកជួរ​ឈរ​ សុពលភាព​ទិន្នន័យ​ និង​ការ​ស្វែងរក​ និង​ការ​ជំនួស​។​

​ថ្ងៃ​ទី​២៖​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​បណ្តុះបណ្តាល​ លោកគ្រូ​បង្គោល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​រំលឹក​មេរៀន​ថ្ងៃមុន​ មុន​ពេល​បន្ត​ជាមួយនឹង​របៀបវារៈ​របស់​ លោក​ សំ​អាន​ ម៉ារ​ឌី​ ស្តី​ពី​គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោក​នឹង​ណែនាំ​ថា​តើ​អ្វី​ដែល​ជំរុញ​យើង​ឱ្យ​បង្កើត​ទស្សនី​យ​កម្ម​ អ្វី​ដែល​ជា​ទស្សនី​យ​កម្ម​ របៀប​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ របៀប​ជ្រើសរើស​ក្រា​ហ្វ​និង​ប្រភេទ​គំ​រូស​តាង​ឱ្យ​បាន​ត្រឹមត្រូវ​។​ បន្ទាប់​មក​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បង្ហាញ​នូវ​កម្មវិធី​ Flourish​ ដល់​សិក្ខាកាម​ទាំងអស់​។​ បន្ទាប់​ពី​នោះ​ សិក្ខាកាម​ធ្វើការ​លើ​លំ​ហាត់​អនុវត្ត​ជា​ក្រុម​ ដើម្បី​បង្កើត​តារាង​ និង​ក្រា​ហ្វ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នក​គ្រប់​គ្នា​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​ ហើយ​ទន្ទឹងរង់ចាំ​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​បី​។​

ថ្ងៃ​ទី​៣៖​ ការ​អនុវត្ត​ដោយ​ផ្ទាល់​

របៀបវារៈ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ គ្របដណ្តប់​លើ​ការ​រំលឹក​មេរៀន​។​ គ្រប់​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ និង​បន្តមេរៀន​ស្តី​ពី​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នកចូលរួម​បាន​ចាប់ផ្តើម​រៀន​ពី​របៀប​បង្កើត​គំនូសតាង​ផែនទី​ចេញពី​ទិន្នន័យ​ភូមិសាស្ត្រ​ និង​របៀប​បញ្ចូល​ទស្សនី​យ​កម្ម​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​សាច់​រឿង​។​ បន្ទាប់​មក​ អ្នកចូលរួម​មានឱកាស​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ និង​បំពេញ​លំ​ហាត់​ដោយ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ធ្វើការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​មុន​នឹង​សុន្ទរកថា​បិទ​កម្មវិធី​ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​