ការពង្រឹងសហគមន៍តាមរយៈការធ្វើផែនទីឌីជីថល៖ ការរំលេចពីវគ្គបណ្តុះបណ្តាលស្តីពីការធ្វើផែនទីដោយសហគមន៍
កាលពីថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការធ្វើផែនទីដោយសហគមន៍រយៈពេលពីរថ្ងៃនៅការិយាល័យអូឌីស៊ី ដោយមានការគាំទ្រពីសហភាពអឺរ៉ុប ក្រោមគម្រោងពង្រឹងសកម្មភាពសង្គមស៊ីវិលដើម្បីអភិបាលកិច្ចសេដ្ឋកិច្ច (SCAEG) កម្មវិធីឆ្នាំ២០២៣-២០២៦។ វគ្គបណ្តុះបណ្តាលនេះមានសមាជិកសហគមន៍ចំនួន ២១ នាក់មកពីខេត្តកោះកុង និងខេត្តព្រះសីហនុបានចូលរួម។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងកសាងទំនុកចិត្តរបស់អ្នកចូលរួមក្នុងការប្រើប្រាស់ផែនទីឌីជីថល និងទិន្នន័យបើកទូលាយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍។ អ្នកចូលរួមភាគច្រើនមានបទពិសោធន៍តិចតួច ឬគ្មានពីមុនជាមួយឧបករណ៍ឌីជីថល ប៉ុន្តែពួកគេបានយកចំណេះដឹងដ៏ទូលំទូលាយពីសហគមន៍ និងការប្តេជ្ញាចិត្តដល់សហគមន៍របស់ពួកគេ។
អ្វីដែលយើងបានគ្របដណ្តប់
ដឹកនាំដោយអ្នកឯកទេសព័ត៌មានភូមិសាស្ត្ររបស់អង្គការអូឌីស៊ី វគ្គនេះរួមបញ្ចូលគ្នានូវបទបង្ហាញ ការបង្ហាញ និងការអនុវត្តផ្ទាល់ជាច្រើន។ របៀបវារៈរួមមាន៖
- ការអានផែនទីមូលដ្ឋាន និងការយល់ដឹងអំពីទិន្នន័យបើកទូលាយ
- ការរុករក និងប្រើប្រាស់សំណុំទិន្នន័យ និងផែនទីអន្តរកម្មនៅលើគេហទំព័រអូឌីស៊ី
- ការដំឡើង និងប្រើប្រាស់ផែនទី Avenza ដែលជាកម្មវិធីទូរស័ព្ទសម្រាប់ការគូសផែនទីក្រៅបណ្តាញ ការតាមដាន GPS
- ការប្រមូលរូបថត និងចំណារពន្យល់ទិន្នន័យ
- គូរព្រំដែនសម្គាល់ទីតាំងសំខាន់ៗ និងការបំលែងទិន្នន័យទៅឯកសារ KML/KMZ សម្រាប់ប្រើក្នុងឧបករណ៍ដូចជា Google Earth
អ្នកចូលរួមចូលចិត្តប្រើប្រាស់ផែនទី Avenza ដើម្បីសម្គាល់តំបន់ដែលមានសារៈសំខាន់នៅក្នុងសហគមន៍របស់ពួកគេ និងអនុវត្តការទាញចេញទិន្នន័យនោះសម្រាប់ការធ្វើផែនការ និងការតស៊ូមតិនាពេលអនាគត។
ផលប្រយោជន៍ និងសក្តានុពល
ទោះបីជាមានមានបញ្ហាប្រឈមមួយចំនួន ដូចជាកម្រិតនៃការចូលប្រើអ៊ីនធឺណិត និងកម្រិតផ្សេងៗគ្នានៃចំណេះដឹងឌីជីថល លទ្ធផលគឺច្បាស់ណាស់៖ អ្នកចូលរួមបានពង្រឹងជំនាញរបស់ពួកគេ។ ការធ្វើតេស្តមុន និងក្រោយវគ្គបណ្តុះបណ្តាលបានបង្ហាញពីការកើនឡើងជាមធ្យមពី ៣០ភាគរយ ទៅ ៦៣ភាគរយ ដែលជាសញ្ញាវិជ្ជមាននៃការរៀនក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។
សំខាន់ជាងនេះទៅទៀត មតិរបស់អ្នកចូលរួមគឺមានភាពវិជ្ជមានលើសលប់។ អ្នកចូលរួមភាគច្រើនបានបង្ហាញពីចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលនាពេលអនាគត និងបំណងប្រាថ្នាចង់ចែករំលែកជំនាញថ្មីរបស់ពួកគេជាមួយអ្នកដទៃពេលត្រឡប់ទៅសហគមន៍វិញ។ ជាង ៩០ភាគរយ នៃអ្នកចូលរួមពេញចិត្តនឹងការរៀបចំវគ្គបណ្តុះបណ្តាល ហើយប្រហែល ៧០-៨០ភាគរយ បានសរសើរពីប្រធានបទ គ្រូបណ្តុះបណ្តាល និងបទពិសោធន៍រួម។
ជំហានបន្ទាប់
វគ្គបណ្តុះបណ្តាលនេះបានបង្ហាញថា សូម្បីតែវគ្គខ្លីៗអាចមានឥទ្ធិពលខ្លាំងលើសមត្ថភាពសហគមន៍។ ជំហានបន្តទៀ យើងមានបំណងធ្វើវគ្គបណ្តុះបណ្តាលបន្ថែមទៀតនៅទីតាំងសហគមន៍ ដោយមានសកម្មភាពគូសផែនទីតាមវាល ដើម្បីធានាបាននូវការសិក្សាកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
យើងមានមោទនភាពចំពោះអ្នកចូលរួមទាំងអស់ ហើយទន្ទឹងរង់ចាំមើលពីរបៀបដែលពួកគេនឹងប្រើប្រាស់ឧបករណ៍ថ្មីទាំងនេះដើម្បីការពារសហគមន៍ រៀបចំផែនការឱ្យកាន់តែប្រសើរឡើង និងធ្វើការសម្រេចចិត្តដែលមានព័ត៌មាននៅក្នុងសហគមន៍របស់ពួកគេ។