ពីទីក្រុងភ្នំពេញទៅទីក្រុងតៃប៉ិ៖ អូឌីស៊ីបានចូលរួមកិច្ចប្រជុំកំពូល g0v
នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានទៅដល់ទីក្រុងតៃប៉ិ តៃវ៉ាន់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល g0v ដែលជាការជួបជុំដ៏រំភើបមួយនៅក្នុងពិភពអ្នកជំនាញបច្ចេកទេស។

g0v (ត្រូវបានអានថា “gov-zero”) គឺជាសហគមន៍បច្ចេកវិទ្យាស៊ីវិលវិមជ្ឈការមួយនៅតែវ៉ាន់ ក្នុងការតស៊ូមតិសម្រាប់តម្លាភាពព័ត៌មាន និងបង្កើតដំណោះស្រាយបច្ចេកវិទ្យា ដែលជួយសម្រួលប្រជាពលរដ្ឋឱ្យចូលរួមកិច្ចការសាធារណៈចាប់ពីថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំរៀងរាល់ពីរឆ្នាំរបស់ពួកគេផ្ដោតជាសំខាន់លើ តម្លាភាពព័ត៌មាន លទ្ធផលបើកទូលាយ និងកិច្ចសហប្រតិបត្តិការបើកទូលាយ ដោយប្រមូលផ្ដុំក្រុមអ្នកបង្កើតបច្ចេកវិទ្យាបើកទូលាយដើម្បីដោះស្រាយបញ្ហាសង្គម អ្នកតស៊ូមតិទិន្នន័យបើកទូលាយ និងអ្នកជំនាញអភិបាលកិច្ចឌីជីថលមកពីទូទាំងពិភពលោក។ មូលបទនៅឆ្នាំនេះ គឺជា «អញ្ជើញខ្លួនឯង» ពីព្រោះគ្មាននរណាម្នាក់រងចាំឱ្យគេសួរនោះទេនៅក្នុងសហគមន៍នេះ។

អូឌីស៊ីពិតជាសប្បាយរីករាយដែលបានវិលត្រលប់មកចូលរួមកិច្ចប្រជុំកំពូលនេះម្ដងទៀត។ នៅឆ្នាំ២០១៨ អូឌីស៊ីត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គចែករំលែកស្តីពី «ការនាំយកទិន្នន័យបើកទូលាយទៅកាន់សហគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់កំពុងអភិវឌ្ឍ» ក្រោមប្រធានបទ «ទស្សនវិស័យសកលស្តីពី ទិន្នន័យបើកទូលាយ» ដែលបានចែករំលែកបទពិសោធន៍ក្នុងការបើកទូលាយទិន្នន័យនៅប្រទេសកម្ពុជាទៅកាន់កិច្ចប្រជុំកំពូល g0v។
នៅឆ្នាំនេះ អូឌីស៊ីមានស្តង់ផ្ទាល់ខ្លួនមួយនៅក្នុងកិច្ចប្រជុំកំពូល សម្រាប់បង្ហាញពីគម្រោងមួយចំនួនដែលក្រុមការអូឌីស៊ីកំពុងអនុវត្តនៅប្រទេសកម្ពុជា។ ស្ដង់នេះបានទាក់ទាញអ្នកទស្សនាគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់បន្ថែមអំពីការងាររបស់អង្គការអូឌីស៊ី ដោយរាប់ចាប់ពីគម្រោងទិន្នន័យបរិស្ថាន វគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV) រហូតដល់កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ និងការងារបច្ចុប្បន្នរបស់អូឌីស៊ីនៅក្នុងការបង្កើតគោលនយោបាយទិន្នន័យបើកទូលាយ និងឌីជីថលនៅប្រទេសកម្ពុជា។ អ្នកទស្សនាមានការចង់ដឹងចង់ឃើញជាពិសេសអំពីតួនាទីរបស់អូឌីស៊ីក្នុងការតស៊ូមតិទិន្នន័យបើកទូលាយនៅកម្ពុជា បេសសកម្មរបស់យើង វឌ្ឍនភាព និងបញ្ហាប្រឈម។

នៅថ្ងៃទី២ ក្រុមការងារអូឌីស៊ីបានចូលរួមក្នុងកិច្ចពិភាក្សាក្រុមមួយដែលមានចំណងជើងថា «ទិន្នន័យបើកទូលាយនៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)៖ ការស្វែងយល់ពីការសហការរួមគ្នានៅតៃវ៉ាន់ តាមរយៈករណីសិក្សានៃកិច្ចសហប្រតិបត្តិការអន្តរជាតិសាធារណៈ និងឯកជន»។ រៀបចំដោយមូលនិធិវប្បធម៌បើកទូលាយ (OCF) កិច្ចពិភាក្សានេះបានបង្ហាញលទ្ធផលស្រាវជ្រាវស្តីពីវឌ្ឍនភាព និងគំរូភាពទិន្នន័យបើកទូលាយនៅទូទាំងប្រទេសផ្សេងៗគ្នា រួមមានអេស្ប៉ាញ បារាំង ព្រមទាំងកម្ពុជាផងដែរ។ អូឌីស៊ីត្រូវបានអញ្ជើញឱ្យចូលរួមការសម្ភាសន៍នៅក្នុងការស្រាវជ្រាវមួយនេះ ហើយនៅក្នុងថ្ងៃនេះ យើងក៏មានឱកាសណែនាំអ្នកចូលរួមបន្ថែមអំពីអូឌីស៊ី ជាពិសេសយើងជានរណា និងបេសសកម្មទិន្នន័យបើកទូលាយរបស់យើងនៅឯប្រទេសកម្ពុជា។

នេះមិនមែនជាការសហការលើកទីមួយរបស់អូឌីស៊ីជាមួយ OCF នោះទេ។ កាលពីខែធ្នូ ឆ្នាំ២០២៤ អង្គការទាំងពីរបានជួបជុំគ្នានៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៤ ដើម្បីរៀបចំកិច្ចពិភាក្សាក្រុមមួយស្ដីពី «ការតស៊ូមតិទិន្នន័យបើកទូលាយ៖ ការពិភាក្សារវាងតៃវ៉ាន់ និងកម្ពុជា»។ កិច្ចពិភាក្សានេះបានផ្ដល់ឱកាសដល់អ្នកចូលរួមស្វែងយល់ពីរដ្ឋាភិបាលបើកទូលាយ និងទិន្នន័យបើកទូលាយតាមរយៈការយល់ឃើញរបស់អង្គការមិនមែនរដ្ឋាភិបាលទាំងពីរ ដែលនៅក្នុងនោះ មានអង្គការមួយជាអ្នកជំនាញបច្ចេកទេសដែលមានមូលដ្ឋាននៅតៃវ៉ាន់ និងអង្គការមួយទៀតជាអ្នកតស៊ូមតិសម្រាប់ទិន្នន័យនៅកម្ពុជា។ ការពិភាក្សាបង្ហាញនូវគំនិតស្នូលដែលជំរុញការងាររបស់អង្គការទាំងពីរ៖ សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងឥទ្ធិពលនៃការចូលរួមជាសាធារណៈ ក្នុងការធានាឱ្យបាននូវរដ្ឋាភិបាលដែលមានគណនេយ្យភាព។ ការសន្ទនានោះបានបង្កើតភាពជាដៃគូរវាងអង្គការទាំងពីរដោយផ្អែកលើគុណតម្លៃរួមគ្នា ហើយកិច្ចប្រជុំកំពូល g0v ឆ្នាំនេះ បានបង្ហាញពីភស្ដុតាំងនៃការរីកលូតលាស់នៃភាពជាដៃគូដែលយើងបានបង្កើតកន្លងមក។
វាជាពេលវេលាដ៏គួរឱ្យមោទនភាពមួយ៖ រឿងរ៉ាវទិន្នន័យបើកទូលាយរបស់កម្ពុជា ត្រូវបានចែករំលែកនៅលើឆាកអន្តរជាតិ និងការសន្ទនាជាមួយបុគ្គលដែលមានទស្សនជ្រៅជ្រះទៅលើបច្ចេកវិទ្យាសម្រាប់ពលរដ្ឋ។ កិច្ចប្រជុំកំពូល g0v បានរំលឹកយើងថា ការទទួលបានទិន្នន័យដែលបើកទូលាយ ប្រើប្រាស់បាន និងគួរឱ្យទុកចិត្ត មិនបានឈប់នៅត្រង់ចំណុចណាមួយនោះទេ។ សម្រាប់អូឌីស៊ី វត្តមាននៅក្នុងបន្ទប់ពិភាក្សានេះមានន័យលើសពីការតំណាងឱ្យប្រទេសកម្ពុជាទៅទៀត។ វាបានបញ្ជាក់សារជាថ្មីថា ទិន្នន័យបើកទូលាយមិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសដែលត្រូវបំពេញ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះសម្រាប់គណនេយ្យភាព ការរួមបញ្ចូល និងការសម្រេចចិត្តត្រឹមត្រូវ។ ពួកយើងបានត្រលប់មកវិញជាមួយនឹងបណ្ដាញទំនាក់ទំនងថ្មីៗ ការយល់ដឹងកាន់តែស៊ីជម្រៅ និងការប្ដេជ្ញាចិត្តជាថ្មីក្នុងការធ្វើឱ្យទិដ្ឋភាពទិន្នន័យរបស់ប្រទេសកម្ពុជាកាន់តែបើកទូលាយ ដោយគ្រាន់តែចេញផ្សាយសំណុំទិន្នន័យម្ដងមួយៗ។