សមភាពយេនឌ័រ និងទិវាទិន្នន័យបើកទូលាយឆ្នាំ២០២០
ប្រធានបទសម្រាប់ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០ “ការអភិវឌ្ឍដោយស្មើភាពគ្នា” គឺស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល(SDGs)។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ទី៥ ផ្តោតលើ សមភាពយេនឌ័រ និង ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិដែលបានកើតឡើងនៅសប្តាហ៍ដូចគ្នានឹងព្រឹត្តិការណ៍នេះ ដូច្នេះហើយ ពេលវេលានេះគឺពិតជាសាកសម ដើម្បីនិយាយអំពីតួនាទីនិង ការចូលរួមរបស់ស្ត្រីនៅក្នុងទិន្នន័យបើកទូលាយ នៅថ្ងៃកម្មវិធីទិន្នន័យបើកទូលាយឆ្នាំ ២០២០ ។
ស្ត្រីគឺជា កម្លាំងពលកម្មដ៏សំខាន់និងចាំបាច់មួយរបស់ប្រទេស។ ការចូលរួមរបស់ស្ត្រីនៅក្នុងទិន្នន័យបើកទូលាយ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទិន្នន័យបើកទូលាយ ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គម។ ដោយមានការគាំទ្រពី Open Heroines ទិវាទិន្នន័យបើកទូលាយឆ្នាំនេះ ទទួលបានការចូលរួមពីសំណាក់ស្ត្រីយ៉ាងច្រើន។ ក្នុងចំណោមអ្នកចូលរួម ៦០ នាក់ មានអ្នកចូលរួមចំនួន ៣០ ភាគរយជាស្ត្រី។ ដូចគ្នានេះផងដែរ អ្នកចូលរួមប្រកួតប្រជែងកម្មវិធីប្រកួតសំណេរវគ្គផ្តាច់ព្រ័ត្រ ចំនួន ៥ នាក់ ក្នុងនោះ មានបេក្ខភាព ៣ នាក់ជាស្ត្រី។ ម្នាក់ក្នុងចំនោមពួកគេបានបន្តការប្រកួតប្រជែង រហូតដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងការកម្មវិធីផងដែរ។ លើសពីនេះទៀត នៅក្នុងវគ្គ Hackathon (ដែលនឹងត្រូវពិពណ៌នានៅខាងក្រោម) នៅក្នុងក្រុមទាំងបី ដែលមានសមាជិក ៥ នាក់ យ៉ាងហោចណាស់មានស្ត្រីចូលរួម យ៉ាងតិចពីរនាក់នៅក្នុងក្រុមនីមួយៗ។ នោះគឺជិតនឹងសមាមាត្រយេនឌ័រ ៥០-៥០ ។ ទាំងអស់នេះ គឺជាភ័ស្តុតាងមួយចំនួន ដែលបង្ហាញពីការលើកទឹកចិត្ត ការចូលរួម និង ចំណាប់អារម្មណ៍ របស់ស្ត្រីដែលរឹងមាំឆ្ពោះទៅរកការប្រើប្រាស់ទិន្នន័យបើកទូលាយ។ ដើម្បីស្វែងយល់បន្ថែមអំពីទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០ សូមចុចត្រង់នេះ។
លើសពីនេះទៀត បទបង្ហាញពិសេសមួយ អំពីលទ្ធផលដ៏សំខាន់ ពីការសិក្សាស្រាវជ្រាវអំពីការចូលរួមរបស់ស្ត្រី ក្នុងទិន្នន័យបើកទូលាយនៅកម្ពុជា ត្រូវបានបង្ហាញដោយ កញ្ញា អ៊ួន វិមល មន្ត្រីកម្មវិធីនិងមន្ត្រីភាពជាដៃគូនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គោលបំណងសំខាន់នៃការស្រាវជ្រាវ គឺដើម្បីស្វែងយល់ពីរបៀបដែលស្ត្រីកម្ពុជា យល់ដឹង ទទួលបាននិងការចូលប្រើប្រាស់ ទិន្នន័យបើកទូលាយ នៅក្នុងប្រទេស។ការសិក្សាចង់កំណត់អោយបាននូវ អត្តសញ្ញាណរបស់បញ្ហាប្រឈមសំខាន់ៗ ដែលស្ត្រីបានជួបប្រទះ នៅពេលពួកគេទទួលបានព័ត៌មាន និង ទិន្នន័យបើកទូលាយ។ ការសិក្សាបានរកឃើញថា ស្ត្រីកម្ពុជាមួយចំនួនធំ យល់ថាអ្វីទៅជា ទិន្នន័យបើកទូលាយ ប៉ុន្តែមានតែមួយចំនួន ប៉ុណ្ណោះដែលដឹងអំពីនិយមន័យ អត្ថន័យនៃពាក្យនិងដែនកំណត់របស់វា។ ពីអ្នកឆ្លើយសំណួរ ការលំបាកជាច្រើនដែលស្ត្រីត្រូវដោះស្រាយ នៅពេលពួកគេព្យាយាមចូលប្រើទិន្នន័យបើកទូលាយ និង ប្រើប្រាស់បច្ចេកវិទ្យាដូចជា បញ្ហាសមត្ថភាព បំណងប្រើទិន្នន័យ ការព្រួយបារម្ភ និង ជម្រើសតិចតួច នៃបណ្តាញទិន្នន័យដែលទុកចិត្ត។ តាមរយៈបទបង្ហាញរបស់កញ្ញា អ៊ួន វិមល គាត់បានលើកឡើងពីគំនិតផ្តួចផ្តើមផ្សេងៗ ពីភាគីពាក់ព័ន្ធផ្សេងៗគ្នា ដែលមានគោលបំណងលើកកម្ពស់ ការទទួលបាន និង ការប្រើប្រាស់ទិន្នន័យនិងបច្ចេកវិទ្យារបស់ស្ត្រីដូចជា ពានរង្វាន់ស្ត្រីកម្ពុជាក្នុងបច្ចេកវិទ្យា រង្វាន់ស្ត្រីវិស្វកម្មបច្ចេកវិទ្យាព័ត៌មានកម្ពុជា ពានរង្វាន់នារីច្នៃប្រឌិត បច្ចេកវិទ្យា, ទូរស័ព្ទពណ៌ផ្កាឈូក, គម្រោងក្មេងស្រីកូដ និង គម្រោងអភិវឌ្ឍន៍ច្នៃប្រឌិតជាដើម។
ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន ការស្រាវជ្រាវបានលើកឡើងនូវអនុសាសន៍សំខាន់ៗ រួមមានការធ្វើឱ្យប្រសើរឡើងនៃអក្ខរកម្មទិន្នន័យតាមរយៈ ការអប់រំគ្រប់កម្រិត ការកែលំអគុណភាពទិន្នន័យ និង បង្កើនលទ្ធភាពទទួលបានព្រឹត្តិការណ៍ដែលទាក់ទងនឹងបច្ចេកវិទ្យា ដោយគិតពីឧបសគ្គរារាំងអ្នកចូលរួម។
វគ្គដ៏រីករាយនិងប្រកបដោយចំណេះដឹងមួយទៀត នៅក្នុងកម្មវិធីទិន្នន័យទូលាយឆ្នាំ ២០២០ គឺវគ្គ Hackathon ។ វាគឺជាឱកាសដ៏កម្រ និង ពិសេសមួយសម្រាប់ទស្សនិកជន ក្នុងការចូលរួមនៅក្នុងដំណើរការបង្កើតទិន្នន័យ។ ៣ ក្រុមដែលមានសមាជិកក្នុងមួយក្រុម ៥ នាក់ត្រូវបានបង្កើតឡើងដោយចៃដន្យ ហើយដូចដែលបានបញ្ជាក់ខាងលើ ក្រុមនីមួយៗមានសមាជិកស្ត្រី យ៉ាងតិច ២ នាក់ដែលជា ស្ថិតិគួរឱ្យចាប់អារម្មណ៍សម្រាប់កម្មវីធី ដែលទាក់ទងនឹងបច្ចេកវិទ្យា។ ក្រោមការបង្ហាញរបស់អ្នកណែនាំ ពួកគេត្រូវបានចាត់តាំង ឱ្យផលិតរឿងទិន្នន័យ ដែលទាក់ទងទៅនឹងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ វិទ្យាស្ថានជាតិស្ថិតិឆ្នាំ ២០១៨ ត្រូវបានប្រើជាមូលដ្ឋានទិន្នន័យសម្រាប់កម្មវីធី។ ពួកគេត្រូវបានស្នើសុំ ឱ្យស្វែងរកទិន្នន័យស្ថិតិ ដែលទាក់ទងនឹងយេនឌ័រនៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីអ្នកចូលរួមបានធ្វើដំណើរការទិន្នន័យរួចរាល់ហើយ ពួកគេនឹងត្រូវបានស្នើសុំឱ្យបង្កើតរឿងរ៉ាវទិន្នន័យដោយប្រើឧបករណ៍មើលឃើញទិន្នន័យដែលដឹកនាំដោយអ្នកណែនាំក្រុមរបស់ពួកគេ។ បន្ទាប់មក ដើម្បីបញ្ចប់វគ្គ Hackathon ក្រុមនីមួយៗនឹងធ្វើបទបង្ហាញពីរឿងរ៉ាវរបស់ពួកគេ ដើម្បីប្រកួតប្រជែងរកសាច់រឿងទិន្នន័យដែលល្អបំផុត។ គោលបំណងសំខាន់នៃវគ្គ Hackathon នេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសក្តានុពលនៃការប្រើប្រាស់ទិន្នន័យបើកទូលាយនិងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍស្មើគ្នា ដើម្បីចាក់បញ្ចូលនូវចំណេះដឹងដល់អ្នកចូលរួម ផ្នែកបច្ចេកវិទ្យា និង ការប្រើប្រាស់ទិន្នន័យបើកទូលាយ ដើម្បីផលិតរឿងដែលជំរុញទិន្នន័យឌីជីថល ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសកម្ពុជា។
សូមទស្សនាវីដេអូខាងក្រោម ដើម្បីបានជ្រាបពីទិដ្ឋភាពទាំងស្រុងនៃទិវាទិន្នន័យបើកទូលាយ ២០២០៖