យុវជនជនជាតិដើមភាគតិចមានទំនុកចិត្តក្នុងការបង្ហាញពីខ្លួនឯង
ការចូលរួមក្នុងការពិភាក្សា និងសិក្សាអំពីបញ្ហាជួយបង្កើនទំនុកចិត្តរបស់យុវជនជនជាតិដើមភាគតិច។
“ដោយសារខ្ញុំបានចូលរួមក្នុងសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងៗ ឥឡូវនេះខ្ញុំកាន់តែមានទំនុកចិត្តក្នុងការបង្ហាញខ្លួនខ្ញុំ និងសហគមន៍របស់ខ្ញុំ។”
លោក ម៉ុង សាមុត ជាយុវជនជនជាតិដើមភាគតិចព្រៅ អាយុ ២២ឆ្នាំ។ លោកមានស្រុកកំណើតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ វាគឺជាកន្លែងដែលគាត់រស់នៅជាមួយគ្រួសាររបស់គាត់។ ក្នុងនាមជាយុវជនជនជាតិដើមភាគតិច គាត់មានឱកាសតិចតួចក្នុងការសិក្សាបានជ្រៅជ្រះ។ គាត់ធ្លាប់ជាកសិករវ័យក្មេងម្នាក់ដែលមិនមានទំនុកចិត្ត ហើយក៏រវល់ជាមួយនឹងការងាររបស់គាត់ ដែលធ្វើឱ្យគាត់មិនបានដឹងពីស្ថានភាពនៅក្រៅសហគមន៍ច្រើននោះឡើយ។ ទោះយ៉ាងណា បញ្ហាដីធ្លី និងព្រៃឈើបានកើតឡើងក្នុងសហគមន៍របស់គាត់។ គាត់មានបំណងស្វែងរកជំនួយ ព្រមទាំងបង្ហាញពីកង្វល់ និងបញ្ហាប្រឈមទាំងនេះជាមួយអ្នកដទៃ ដើម្បីទទួលបានការអន្តរាគមន៍ការពារ។
រហូតដល់គាត់ស្គាល់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច គាត់មានឱកាសបានរៀន និងចូលរួមក្នុងសកម្មភាព ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង និងកិច្ចប្រជុំផ្សេងៗទៀត។ គាត់បានរៀនពីរបៀបកំណត់បញ្ហា កែសម្រួលវីដេអូ និងចំណេះដឹងជាមូលដ្ឋានអំពីធនធានធម្មជាតិ ដីធ្លី និងព្រៃឈើ។ ទោះបីជាចំណេះដឹងរបស់គាត់មិនអាចប្រៀបធៀបទៅនឹងអ្នករស់នៅក្នុងទីក្រុងក៏ដោយ គាត់នៅតែមិនលះបង់ ហើយតែងតែយកចិត្តទុកដាក់លើមេរៀន និងការពិភាក្សា។
ចំណងដែលចង់បង្ហាញពីកង្វល់ និងបញ្ហាប្រឈមរបស់សហគមន៍ធ្វើឱ្យគាត់មិនដែលបោះបង់ចោលឡើយ។ គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់គាត់ ខណៈពេលដែលប្រមូលព័ត៌មានពីអ្នកដ៏ទៃ ដើម្បីចែករំលែកជាមួយសហគមន៍របស់គាត់។ គាត់នឹងព្យាយាមបើកបង្ហាញពីវប្បធម៌ ជីវភាពរស់នៅ និងបញ្ហាសហគមន៍របស់គាត់តាមរយៈអ្វីដែលគាត់បានរៀន ប្រសិនបើគាត់មានឱកាស។